(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំការងារទេសចរណ៍ ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦ ជាមួយដៃគូពាក់ព័ន្ធនានា និងផ្នែកឯកជនទូទាំងខេត្តសៀមរាប ក្នុងគោលបំណងបន្តពង្រឹង គោលដៅទេសចរណ៍ និងពិគ្រោះយោបល់រិះរក មធ្យោបាយដោះស្រាយលើបញ្ហាមួយចំនួន។
កិច្ចប្រជុំការងារទេសចរណ៍ខាងលើនេះ ក៏មានការចូលរួមពីលោក ឃឹម ប៊ុនសុង អភិបាខេត្តសៀមរាប ព្រមទាំងអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ កម្លាំងសមត្ថកិច្ច សិស្សនិស្សិត និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ជាង៣០០នាក់ នាសាលប្រជុំខេត្តសៀមរាប។
លោករដ្ឋមន្រ្តី ថោង ខុន បានឲ្យដឹងថា កំណើនភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាខេត្តសៀមរាប នាចុងឆ្នាំ២០១៦នេះ មានដូចជា ទេសចរចិនកើនឡើង ៦៣ភាគរយ, អាមេរិកកើនឡើង ៦៨ភាគរយ, អង់គ្លេសកើនឡើង ៨៥ភាគរយ, បារាំងកើនឡើង ៦៩ភាគរយ, អូស្រ្តាលីកើនឡើង ៨៨ភាគរយ, អាល្លឺម៉ង់កើនឡើង ៤៩ភាគរយ ពោលចំពោះទីផ្សារចិន អាមេរិក អឺរ៉ុប និងអូស្ត្រាកី គឺកើនឡើង ទាំងអស់។
ដោយឡែក ចំពោះភ្ញៀវទេសចរមួយចំនួន ដែលមកទស្សនាខេត្តសៀមរាប ក្នុងរយៈពេលដូចគ្នានេះ គឺមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ផងដែរ ដូចជា ទេសចរកូរ៉េធ្លាក់ចុះ ១៧ភាគរយ, ជប៉ុនធ្លាក់ចុះ ៧ភាគរយ, ថៃធ្លាក់ចុះ ៣២ភាគរយ, វៀតណាមធ្លាក់ចុះ ៨ភាគរយ។ ប៉ុន្តែបើគិតជាកំណើននៅទូទាំងប្រទេសវិញ ភ្ញៀវទេសចរទាំងនេះ បែរជាមានការកើនឡើងទៅវិញ។
បញ្ហាទាំងនេះ ត្រូវបានលើករដ្ឋមន្រ្តី ថោង ខុន ថ្លែងជំរុញ និងស្នើយ៉ាងទទូចដល់គ្រប់ភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំនោះ ត្រូវពិគ្រោះយោបល់ ពិភាក្សាគ្នាឲ្យបានផុសផុល ដើម្បីរិះរកមធ្យោបាយដោះស្រាយ លើបញ្ហាប្រឈមនានា ដែលធ្វើឲ្យមានការធ្លាក់ចុះបែបនេះ។
លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងខេត្តសៀមរាប ពិសេសផ្នែកឯកជន ត្រូវខិតខំកែប្រែ រៀបចំគោលដៅ ទេសចរណ៍ របស់ខ្លួន ឲ្យបានល្អប្រសើរឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរដែលធ្លាក់ចុះទាំងនោះ ឲ្យមានការកើនឡើងមកវិញ៕