(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋមួយគ្រួសារ ត្រូវជនមិនស្គាល់មុខ ប្រើកាំភ្លើង AK47 បាញ់រះចំនួន៦គ្រាប់ ចូលទៅកាន់ផ្ទះរបស់ពួកគាត់ទាំងកណ្តាលយប់ ប៉ុន្តែនេះសំណាងណាស់ ដែលមិនបណ្តាលឲ្យនរណាម្នាក់ រងរបួស ហើយករណីនេះ ក៏មិនទាន់ដឹងថា ផ្តើមមកពីរឿងអ្វីដែរ ដោយនៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ។
ករណីបាញ់បោះសេរី និងបង្កអសន្តិសុខសណ្តាប់ធ្នាប់សង្គមខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១៖១០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា យប់មិញពិតជា មានករណី បាញ់បោះសេរី និង បង្កអសន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលមានជនមិនស្គាល់អត្តសញ្ញាណ បានបាញ់ និងអាវុធ AK47 ចំនួន៦គ្រាប់ទៅលើផ្ទះរបស់ឈ្មោះ នូ វ៉ឹម ភេទប្រុស អាយុ៨២ឆ្នាំ ប្រពន្ធឈ្មោះ យន់ ឆេម អាយុ៦៦ឆ្នាំ មុខរបរធ្វើស្រែ បណ្តាលឲ្យត្រូវជញ្ជាំងផ្ទះ ចំនួន០១គ្រាប់ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។
ស្នងការនគបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូនេះថា កម្លាំងសមត្ថកិច្ចរបស់លោក កំពុងតែធ្វើការស្រាវជ្រាវ ហើយក៏មិនទាន់បានរបាយការណ៍លម្អិតនៅឡើយទេ៕