(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ នឹងប្រកាសសាលក្រមបណ្តឹងទាស់របស់ឧកញ៉ា ខូវ ផល្លាបុត្រ ក្នុងសំណុំរឿង ឃាតកម្មលើក្រុមគ្រួសារលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រោមបណ្តឹងរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដើម្បីប្រឆាំងនិងទង្វើដ៏ឃោរឃៅក្នុងការប៉ុនប៉ងធ្វើឃាត និង រំលោភលើភរិយា និងកូនរបស់ខ្លួននោះ ឧកញ៉ា ខូវ ផល្លាបុត្រ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេច ផ្តន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ ពីបទ «សមគំនិតក្នុងបទ ប៉ុនប៉ងរំលោភសេពសន្ធវៈ និងប៉ុនប៉ងឃាតកម្មគិតទុកជាមុន» តាមមាត្រា២៩ និង២០០ នៃក្រមព្រហ្មទណ្ឌ។
ឧកញ៉ា ខូវ ផល្លាបុត្រ ដែលជាជនជាប់ចោទសមគំនិតប៉ុនប៉ងសម្លាប់ និងរំលោភបងស្រី និង ក្មួយស្រីបង្កើតរបស់ខ្លួនឯង ព្រោះតែខឹងបងស្រីរារាំងមិនឲ្យ មានទំនាក់ទំនងស្នេហ៍ជាមួយនារីកំណាន់ចិត្ត ឡាយ ហួង បានបង្ហាញការមិនសុខចិត្តទៅលើការសម្រេចរបស់ចៅ ក្រមសាលាដំបូងនោះឡើយ។ តាមរយៈមេធាវីរបស់ខ្លួនឧកញ៉ា ខូវ ផល្លាបុត្រ ក៏បានដាក់បណ្តឹងទាស់ ហើយបណ្តឹងនេះត្រូវបានសាលា ដំបូងលើកមកជំនុំជម្រះកាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ។
តើបណ្តឹងទាស់របស់ឧកញ៉ា ខូវ ផល្លាបុត្រ ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស មានលទ្ធផលយ៉ាងណានោះ ចៅក្រមនឹងប្រកាសឲ្យ ដឹងនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា សំណុំរឿងឃាតកម្ម ដែលត្រូវបានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាដើមបណ្តឹងហៅថាជាអំពើឃាតកម្មដ៏ឃោរឃៅបំផុតនោះ មានមនុស្សសរុប៦នាក់ហើយត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ។ ក្នុងនោះរួមមាន៖ អ្នកស្រី សេង ច័ន្ទដា សុខ ឡាក់ ច័ន្ទ សុខា និង នាង ស៊ីណាត ត្រូវបានតុលាការផន្ទាទោសដាក់ពន្ធនាគារចន្លោះពី ១៨ឆ្នាំ ដល់២០ឆ្នាំ ហើយសាលក្រម ក៏បានចូលជាស្ថាពរផងដែរ ពោលគឺមិនមានឱកាសប្តឹងតវ៉ាទៀតនោះទេ។
អ្នកស្រី ឡាយ ហួង ដែលត្រូវគេរកឃើញថា ជាមេខ្លោងនៅក្នុងរឿងរៀបចំគម្រោង និងលោក ខូវ ផល្លាបុត្រ ត្រូវបានចៅសាលាដំបូង សម្រេចផ្តន្ទាទោសដាក់ ពន្ធធនាគារម្នាក់ៗ ២០ឆ្នាំ។ អ្នកស្រី ឡាយ ហួង បានប្តឹងទាស់លើសេចក្តីសម្រេចសាលាដំបូងរហូតដល់តុលាការកំពូល តែសុទ្ធតែត្រូវចៅក្រមច្រានចោល បណ្តឹងទាស់នេះ ហើយរក្សាការសម្រេចរបស់សាលាដំបូងជាបានការដដែល។
ដោយឡែកឧកញ៉ា ខូវ ផល្លាបុត្រ មិនទាន់មានការចាប់ខ្លួននៅឡើយទេមកដល់បច្ចុប្បន្ននេះ ហើយកំពុងរត់គេចខ្លួននៅក្រៅប្រទេស៕