(កោះកុង)៖ ស្ដ្រីខ្មែរម្នាក់ជាកម្មករអូសរទេះ ត្រូវទទួលទោសជំនួសជនបរទេសដែលជួលខ្លួនឲ្យអូសរទេះ មានលួចបង្កប់គ្រឿងញៀន ហើយក៏ត្រូវបានសមត្ថកិច្ចថៃ នៅច្រកទ្វាអន្តរជាតិចាំយាម ព្រំប្រទល់ ខេត្តកោះកុង និងខេត្តត្រាត ឆែកឃើញចាប់ខ្លួនបញ្ជូនទៅតុលាការ ខណៈដែលស្ដ្រីខ្មែរនោះ មិនបានដឹងទាល់តែសោះ ថានៅក្នុងរទេះនោះមានបង្កប់គ្រឿងញៀន។
មន្ដ្រីនគរបាលច្រកទ្វារអន្តរជាតិចាំយាម បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ ថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ មានបរទេសម្នាក់ ជនជាតិ រ៉ូស្សី ឈ្មោះ GARASHCHENKO ANDREY ឆ្នាំកំណើតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨៨ កាន់លិខិតឆ្លងដែន លេខ៧១៥៦៥៣៥៩៩ ធ្វើដំណើរឆ្លងដែន ចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមច្រកទ្វាអន្តរជាតិចាំយាម ខេត្តកោះកុងនិងខេត្តត្រាត ពេលទៅដល់មុខប៉ុស្តិ៍ត្រួតពិនិត្យភាគីកម្ពុជា ជនបរទេសរូបនេះ បានជួលរទេសរុញ ដើម្បីដឹកវ៉ាលីរបស់ខ្លួនឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យទាំង២ភាគី ពេលចូលទៅប៉ុស្តិ៍ត្រួតពិនិត្យ ភាគីថៃ សមត្ថកិច្ចគយថៃ ក៏ឆែកឆេររកឃើញគ្រឿងញៀន នៅពេលនោះជនបរទេស ដែលជាម្ចាស់វ៉ាលី ឈរមើលពីចំងាយ ឃើញសមត្ថកិច្ចគយថៃឆែកវ៉ាលី របស់ខ្លួនដែលនៅក្នុងរទេសរុញ ក៏ត្រឡប់ក្រោចូលមកកម្ពុជាវិញ។
នគរបាលបញ្ជាក់ថា ពេលនោះ រយៈពេលប្រហែជា២០នាទី ភាគីថៃ ក៏ហៅមន្ត្រីការិយាល័យ BLO ទៅសហការ ដើម្បីតាបចាប់មេក្លោង ជាជនបរទេស។ ភ្លាមៗនោះមន្ត្រីការិយាល័យ BLO ក៏រាយការណ៍តាមថានានុក្រម ដើម្បីចាត់វិធានការ ស្រាវជ្រាវ ស្ទាក់ចាប់ ប៉ុន្តែរហូតដល់បច្ចុប្បន្នរកពុំទាន់ឃើញនៅឡើយ។
ប៉ុន្ដែសមត្ថកិច្ចថៃ បានឃាត់ស្ដ្រីខ្មែរជាកម្មករឈ្មោះ ហួត សុគម (ហៅយាយគឿន) អាយុ៥៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិថ្មី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយក្នុងរទេះរុញនោះ រកឃើញ កញ្ឆាគ្រៀម ចំនួន២១កំប៉ុង ស្មើនឹង៤,២៧គីឡូក្រាម ហេរ៉ូអ៊ីន ចំនួន២១,២៩ក្រាម ឡេលាបស្បែក កំប៉ុងជ័រ ចំនួន២១កំប៉ុង។ បច្ចុប្បន្នភាគីថៃ បានកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី នៅប្រទេសថៃ។
យ៉ាងណាមិញ ជុំវិញករណីមួយនេះ មជ្ឈដ្ឋានមហាជន ហាក់កំពុងតែសម្ដែងនូវភាពសោកស្ដាយ និងភាពអយុត្តិធម៌ចំពោះស្ដ្រីខ្មែរជាកម្មកររុញរទេះ ដែលមិនបានដឹងអីសោះថា នៅក្នុងរទេះនោះមានបង្កាប់នូវគ្រឿងញៀន ខណៈដែលស្ដ្រីនោះគ្រាន់តែជាអ្នកស៊ីឈ្នួលរុញរទេះដើម្បីរកមកទិញបាយហូបប្រចាំថ្ងៃតែប៉ុណ្ណោះ បែរជាត្រូវចោទទោសចំពោះជនបរទែសនោះទៅវិញ៕