(ភ្នំពេញ)៖ ដោយសារតែជនរងគ្រោះ មានសារសារធាតុញៀន ចេះតែកើនឡើងជាលំដាប់នោះ អគារស្តារនីតិសម្បទា ជនរងគ្រោះដោយសារគ្រឿងញៀន សម្រាប់ស្នាក់នៅព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ១ខ្នង ១២បន្ទប់ កម្ពស់ពីរជាន់ ត្រូវបានដាក់សម្ពោធជាផ្លូវការទៅតាមតម្រូវការជាក់ស្តែង នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
លោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ និងអនុប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានថ្លែងថា មានយុវជន យុវនារីមួយចំនួន កំពុងរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀន និងបំពានគ្រឿងញៀន ដែលឈានទៅដល់ការប្រើប្រាស់អំពើហិង្សា បង្កគ្រោះថ្នាក់ចរាចរ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បង្កការភ័យខ្លាចដល់ក្រុមគ្រួសារ សហគមន៍ និងប្រជាជនទូទៅ។
ក្រោមការដឹកនាំ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ព្រមទាំងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងជួយដល់យុវជន យុវនារី ដែលកំពុងរងគ្រោះពីការប្រើប្រាស់គ្រឿងញៀន បានបង្កើតមជ្ឈមណ្ឌលនេះឡើងនៅថ្ងៃទី២៤ខែមេសាឆ្នាំ២០០៦ ស្ថិតនៅនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកាលនោះមជ្ឈមណ្ឌលបានធ្វើការព្យាបាលតែជនរងគ្រោះជាបុរស និងមានតែអគារតែមួយខ្នងប៉ុណ្ណោះ។
លោកស្រី បានបន្ថែមថា ជនរងគ្រោះដែលប្រើប្រាស់គ្រឿងញៀន កន្លងមកមានដូចជា ឆ្នាំ២០០៦ ចំនួន២២០នាក់ ឆ្នាំ២០០៧ចំនួន៥៦៧នាក់ ឆ្នាំ២០០៨ចំនួន៩៤៨នាក់ ឆ្នាំ២០០៩ចំនួន៧៨១នាក់ ឆ្នាំ២០១០ចំនួន១.០៤២នាក់ ឆ្នាំ២០១១ចំនួន១.១១៦ ឆ្នាំ២០១២១.២៧៧នាក់ ឆ្នាំ២០១៣ចំនួន១.១២៧នាក់ ឆ្នាំ២០១៤ចំនួន១.៤៩១នាក់ និងឆ្នាំ២០១៥ចំនួន២.១១៥នាក់។
ដោយឡែកក្នុងឆ្នាំ២០១៦ មជ្ឈមណ្ឌលបានទទួលជនរងគ្រោះដែលប្រើប្រាស់គ្រឿងញៀន បញ្ជូនមកពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចរាជធានី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសារអាណាព្យាបាលជនរងគ្រោះចំនួន ២.៧១៩នាក់ ស្រី១៦១នាក់ និងបានសមាហរណកម្មទៅក្រុមគ្រួសារ និងសហគមន៍វិញចំនួន១.៥១៩នាក់ ស្រី៩៤នាក់។
លោកស្រី បានលើកឡើងថា សរុបជនរងគ្រោះដែលចូលមកទទួលសេវាព្យាបាលអប់រំស្តារនីតិសម្បទាឆ្នាំ២០០៦ដល់២០១៦ មានចំនួន១៣.៤០៣នាក់ ស្រី៦៧៥នាក់ ។សមាហរណកម្មទៅក្រុមគ្រួសារនិងសហគមន៍វិញឆ្នាំ២០០៦ដល់២០១៦ សរុបមានចំនួន១២.២០៣នាក់ ស្រី៦០៨នាក់។
បច្ចុប្បន្នជនរងគ្រោះកំពុងទទួលបានសេវាបន្តផ្តាច់សារធាតុញៀនក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំមានចំនួន១.២០០នាក់ ស្រី៦៧នាក់។
លោកស្រី បានលើកឡើងថា ជនរងគ្រោះទើបមកដល់ថ្មី ត្រូវធ្វើតេស្តរកសារធាតុញៀន ផ្តល់ថ្នាំព្យាបាលតាមមេរោគសញ្ញាជាក់ស្តែង ថ្នាំរម្ងាប់អារម្មណ៍ ព្យាបាលតាមជំងឺឱកាសនិយម ដោយផ្តល់ឱសថតាមបែបវេជ្ជសាស្រ្ត។ អប់រំពីផលប៉ះពាល់គ្រឿងញៀន ទប់ស្កាត់ និងបង្ការខ្លួនពីការលាប់ឡើងវិញនៃការប្រើប្រាស់គ្រឿងញៀន បង្រៀនអំពីបំនិនជីវិត អប់រំតាមសាសនា និងចិត្តសាស្រ្ត ការធ្វើលំហាត់ប្រាណ លំហាត់របៀ ធ្វើពលកម្ម និងលេងកីឡា ពង្រឹងកាយសម្បទា និងសតិអារម្មណ៍។បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដូចជាកុំព្យូទ័រ កាត់ដេរសម្លៀកបំពាក់ ដេរប៉ាក់ កាត់សក់បុរស សំអាងការ អ៊ុតសក់នារី កសិកម្មចិញ្ចឹមត្រីមាន់និងដាំដំណាំ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំនិងយកចិត្តទុកដាក់និងគិតគូរខ្ពស់ ដល់គ្មួយៗដែលកំពុងរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀន និងដោយពិនិត្យឃើញថាការស្នាក់នៅតាមបន្ទប់នីមួយៗមានភាពចង្អៀត នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានផ្តល់អំណោយការសាងសង់អគារស្តារនីតិសម្បទាជនរងគ្រោះដោយសារគ្រឿងញៀនថ្មី១ ខ្នង ២ជាន់១២បន្ទប់ ដេលមានបណ្តោយប្រវែង៤៨,២២ម៉ែត្រ គុណ១១,៥០ម៉ែត្រ ដែលមានផ្ទៃក្រឡា១.៧០៦,៣៤ម៉ែត្រការ៉េ និងបានដំណើរការសាងសង់កាលពីថ្ងៃទី២៨ខែមករាដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦។
ក្នុងឱកាសនោះដែរ លោកប៉ា សុជាតិវង្ស បានស្នើសុំឲ្យប្អូនប្រជាពលរដ្ឋដែលកំពុងតែសេពគ្រឿងញៀន ត្រូវតែមកទទួលយកសេវាព្យាបាលឲ្យបានទាន់ពេលវេលា ជាពិសេសអាជ្ញាធរនិងសមត្ថកិច្ចត្រូវចាត់វិធានការបង្ការនិងបង្ក្រាបគ្រឿងញៀនឲ្យខាងតែបាន។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សព្វថ្ងៃនេះ នៅតំបន់គ្រឿងញៀន អាជ្ញាធរគ្រឿងញៀន កំពុងមានផែនការព្យាបាលជូនអ្នកសេពគ្រឿងញៀននៅតាមសហគមន៍ នឹងមានវិធានការលុបបំបាត់។ ប៉ុន្តែដោយឡែកមូលដ្ឋាន បែរជាសំបូរអ្នកជក់គ្រឿងញៀនកើតមាន ពេញភូមិទៅវិញ។ ដូច្នេះ ដើម្បីទប់ស្កាត់បញ្ហានេះឲ្យបានទាន់ពេលវេលា សូមអាជ្ញាធរត្រូវចាត់វិធានការបន្ទាន់កោះហៅលោកអធិការ លោកមេបញ្ជាការរង មេប៉ុស្តិ៍ មេភូមិ និងចៅសង្កាត់ត្រូវរួមសហការគ្នា ទប់ស្កាត់និងមានវិធានការ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមភូមិ សង្កាត់ ក្នុងខណ្ឌទាំងមូលមានទទួលបានភាពកក់ក្តៅឡើងវិញ ជាមួយសមត្ថកិច្ចនិងអាជ្ញាធរ ត្រូវចុះចាប់ និងបង្ក្រាបឲ្យទាន់ពេលនៅពេល ពួកគេធ្វើសកម្មភាព៕