(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា ដែលដឹកនាំដោយ លោក ពេជ្រ ស្រស់ គ្រោងនឹងប្រារព្វខួប១ឆ្នាំ នៃការបង្កើតគណបក្សរបស់ខ្លួន នៅក្រុងសួង ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់គណបក្សយុវជន នៅថ្ងៃនេះ។
តាមសេចក្តីប្រកាសនេះ ពិធីរម្លឹកខួប១ឆ្នាំរបស់គណបក្សយុវជនកម្ពុជា នឹងមានសមាជិក សមាជិកាចូលរួមប្រមាណ ៣០០០នាក់ ដោយចាប់ផ្តើមពីម៉ោង៧៖៣០នាទីដល់ម៉ោង១១៖៣០នាទីព្រឹក។
សូមជំរាបថា គណបក្សយុវជនចាប់ផ្តើមចេញជារូបរាង កាលពីចុងឆ្នាំ២០១៥ ស្របនឹងគណបក្សថ្មីមួយចំនួនបង្កើតឡើងដែរ។ ថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សនេះ រួមមាន លោក ពេជ្រ ស្រស់ ជាប្រធាន, លោក អ៊ុន វិសិទ្ធគុណ (អតីតសកម្មជនCNRP) ជាអនុប្រធានទី១, លោក អ៊ុង សាម៉េត អនុប្រធានទី២ និង លោក នួន ថា អតីសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច ជាអគ្គលេខាធិការ។
គណបក្សនេះ បានចុះបញ្ជីជាផ្លូវការ ហើយទទួលបានសុពលភាពស្របច្បាប់ ពីក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦៕