(ព្រះសីហនុ)៖ អតីតមន្ត្រីអាវុធហត្ថខេត្តព្រះសីហនុ បច្ចុប្បន្នផ្លាស់ទៅខេត្តសៀមរាមឈ្មោះ សន សីហា បានជេរប្រមាថ ប្រជាពលរដ្ឋដែលជាស្រ្តីភេទទន់ខ្សោយ យ៉ាងអសីលធម៌បំផុត មិនតែប៉ុណ្ណោះជននេះបានគំរាមបាញ់សម្លាប់ទាំងពូជ ដោយសារតែទំនាស់បន្តិចបន្តួច សង់របាជាន់ព្រំដីគ្នាកន្លែងរកស៊ីប៉ុណ្ណោះ ។ ហេតុការណ៍នេះបានកើតឡើង នៅយប់ម៉ោង០៩៖៤០ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចអាហារដ្ឋាន ណាយហ្វូដ (Nice Food) ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។
បន្ទាប់ពីហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះស្រ្តីទាំងពីរនាក់បងប្អូនដែលរងការជេរប្រមាថ និងគំរាមបាញ់សម្លាប់បានទៅដាក់បណ្តឹង នៅទីបញ្ជារដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុរួចរាល់ហើយដែរ។
ជុំវិញបញ្ហាទំនាស់នេះ Fresh News មិនទាន់បានសុំការបំភ្លឺពីមន្ត្រីកងរាជអាវុធហត្ថនេះនៅឡើយទេនៅព្រលប់ថ្ងៃនេះ ប៉ុន្តែក្រុមអ្នកច្បាប់បានថ្លែងថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់មិនគួរប្រើពាក្យសំដីប្រមាថណាមួយមិនសមរម្យ ជាពិសេសទៅទៀតការនិយាយគំរាមបាញ់សម្លាប់ ប្រជាពលរដ្ឋដែលជាស្រ្តីភេទទន់ខ្សោយ គឺរឹតតែមិនត្រឹមត្រូវឡើយ ព្រោះបច្ចុប្បន្នប្រទេសមានច្បាប់ គឺអ្វីៗអាចឲ្យច្បាប់រកយុត្តិធម៌ឲ្យគូភាគីទាំងសងខាងដោយស្មើគ្នាចំពោះមុខច្បាប់ ។
មន្ត្រីកងរាជអាវុធខេត្តព្រះសីហនុក៏បានអោយ Fresh News ដឹងថា មន្ត្រីអាវុធហត្ថដែលជេរប្រមាថ និងគំរាមបាញ់សំលាប់គេទាំងពូជនេះជាមន្ត្រីអសកម្ម ជាយូរមកហើយ គឺមានតែឈ្មោះតែមិនដែលឃើញមុខមកធ្វើការឡើយ ហើយចុងក្រោយនេះបានស្នើសុំផ្លាស់ប្តូរទៅបំរើការងារនៅឯខេត្តសៀមរាប តែមិននឹកស្មានថា បែរជាមានវត្តមាននៅ ខេត្តព្រះសីហនុវិញសោះ។ ខ្លួនឯងជាមន្ត្រី មិនគួរណាប្រព្រឹត្តអំពើមិនសមរម្យអញ្ជឹងទេ ធ្វើឲ្យខូចឈ្មោះមន្ត្រីអាវុធហត្ថផ្សេងទៀត។
ជុំវិញបញ្ហានេះប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ សូមស្នើដល់លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមេត្តារកយុត្តិធម៌ដល់ជនរងគ្រោះដែលជាស្រ្តីភេទទន់ខ្សោយនេះផង៕