(បាត់ដំបង)៖ កម្លាំងបង្ការ បង្ក្រាប ក្រុងបាត់ដំបង ចាប់បានជនក្លែងជាព្រះសង្ឃ៤នាក់ ដែលធ្វើសកម្មភាពដើរបិណ្ឌបាត្រពីប្រជាពលរដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ការឃាត់ខ្លួនជនទាង៤នាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក ឈឿង គឹមសុង ដែលបានដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា ជនក្លែងជាព្រះសង្ឃនេះ ទី១៖ឈ្មោះ ម៉ៅ ជា អាយុ៣០ឆ្នាំ ទី២៖ឈ្មោះ វ៉ិត ផល្លា អាយុ៣២ឆ្នាំ ទី៣៖ឈ្មោះ លឹម ម៉ៅ អាយុ៣៧ឆ្នាំ និងទី៤៖ឈ្មោះ តូច សារ៉ាត់ ហៅតយ អាយុ៣៤ឆ្នាំ។
ក្រោយពីក្រុម បង្ការ បង្ក្រាប បានធ្វើការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា រាល់ម៉ោង៧ព្រឹក ពួកគេខ្លួនបានឲ្យបក្សពួកជូនទៅក្រោយកន្លែងបញ្ចុះសពទួលតាឯក ដើម្បីប្តូរសំលៀកបំពាក់ទៅជាលោកសង្ឃ ហើយដើរបិណ្ឌបាតក្នុងក្រុងបាត់ដំបង តែក៏ត្រូវកម្លាំងនគរបាលចាប់ខ្លួនតែម្ដង។
បន្ទាប់ពីក្រុម បង្ការ បង្ក្រាបបានធ្វើការសាកសួររួច បានប្រគល់ឲ្យទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕