(ព្រះសីហនុ)៖ នៅថ្ងៃអាទិត្យទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ គណៈប្រតិភូតំណាងស្ថានទូតវៀតណាម និងសមាគមវៀតណាមប្រចាំនៅកម្ពុជា ដឹកនាំដោយលោក ង្វៀង ម៉ាន់គឿង ទីប្រឹក្សាស្ថានទូត លោកស៉ឹម ជី ប្រធានសមាគមវៀតណាម រួមជាមួយសមាជិក បាននាំយកអំណោយ មនុស្សធម៌មួយចំនួន មកផ្តល់ជូនឲ្យកុមារា សូ សៅ ដែលរងគ្រោះដោយសារអំពើទារុណកម្ម ពីសំណាក់ជនជាតិវៀតណាម កាលពីពេលកន្លទៅ។
លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលទទួលស្វាគមន៍ប្រតិភូវៀតណាម បានសរសេរក្នុង Facebook ផ្លូវការរបស់លោកថា ក្រោយពីភាគីវៀតណាម បាននាំយកថវិកា និងសម្ភារមួយចំនួន យកទៅជូនដល់ដៃគ្រួសារ កុមារារងគ្រោះរួចហើយ ប្រតិភូទាំងនោះក៏បានសាកសួរសុខទុក ដល់ក្រុមគ្រួសារកុមារារងគ្រោះ ដោយបង្ហាញពីការសោកស្តាយយ៉ាងខ្លាំងបំផុត ចំពោះករណីដែលបានកើតឡើង ចំពោះកុមារារងគ្រោះនាពេលកន្លងទៅ។
សូមជម្រាបថា នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារមូលនិធិបាយ័ន ដែលមានលោកស្រី ហ៊ុន ម៉ាណា ជាប្រធាន បានចាត់ឲ្យក្រុមការងារ នាំយកក្រុមគ្រួសារប្អូនប្រុស សូ សៅ ពីរាជធានីភ្នំពេញ មកតាំងទីលំថ្មីក្តីសង្ឃឹមថ្មី លើទឹកដីកែវផូស ស្ថិតនៅក្នងភូមិឬទ្ធី១ ឃុំកែវផូស ស្រុកស្ទឹងហៅ ខេត្តព្រះសីហនុ។
ក្មេងប្រុស សូ សៅ អាយុជាង២ឆ្នាំ បានទទួលទារុណកម្ម ពីខ្ទើយជនជាតិវៀតណាមយ៉ាងសហាវឃោឃៅ កាលពី២ខែមុន ស្ថិតនៅស្រុកព្រជ្រាដា ខេត្តមណ្ឌលគិរី ទីកន្លែងរស់នៅរបស់ខ្លួន ហើយបានធ្វើឲ្យផ្អើលពេញបណ្តាញ Facebook នារយះពេលប៉ុន្មានថ្ងៃ រហូតសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម តាមចាប់ខ្លួនជនដៃដល់នៅក្រុងហូជីមិញទៀតផង។
ការមករស់នៅទីនោះ ដោយមានសេចក្តីសន្តោសប្រណៃពីសំណាក់លោកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានម៉ុងឬទ្ធីគ្រុបបានផ្តល់ជាកន្លែងស្នាក់នៅ ហូបចុកបីពេល ផ្តល់ជូនការងារធ្វើតាមជំនាញ។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា «ខ្ញុំនឹងប្រគល់ផ្ទះថ្មថ្មីមួយបន្ទប់ដែលទើបតែសាងសង់រួចរាល់ មានទឹកភ្លើងអគ្គីសនី មានបង្គន់អនាម័យ មានសាលាឱ្យកូនរៀន មានពេទ្យព្យាបាលជំងឺ មានការងារធ្វើអស់មួយជីវិត គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការរំលោភបំពានអ្វីឡើយ»។
ហើយលើសពីនេះដោយស្រលាញ់ រំជួលចិត្តលោក ម៉ុង ចាន់ថុល នាយកគ្រប់គ្រង បានសុំឪពុកម្តាយរបស់ប្អូនសូសៅ ប្តូរឈ្មោះប្អូនឲ្យទៅជា សូ សំណាង វិញ ដើម្បីកុំឲ្យជួបរឿងអកុសលដូចនេះទៀត៕