(ភ្នំពេញ)៖ វេជ្ជបណ្ឌិត ស៊ី ខេ លាវ (C K Leow) គ្រូពេទ្យឯកទេសជាន់ខ្ពស់ និងវេជ្ជបណ្ឌិតព្យាបាល និងវះកាត់ជំនាញផ្នែកប្រព័ន្ធរំលាយអាហារ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអាទិត្យនេះ មុនលោកចាកចេញ ពីរាជធានីភ្នំពេញថា ពលរដ្ឋកម្ពុជាត្រូវយកចិត្តទុកដាក់ ពីបញ្ហាប្រព័ន្ធរំលាយអាហារ ដែលក្នុងនោះរួមមានបំពង់ក ថ្លើម ប្រមាត់ លំពែង ពោះវៀនតូច និងពោះវៀនធំដើម្បីចៀសវាង កុំឲ្យមានជំងឺមហារីកធ្ងន់ធ្ងរ និងបាត់បង់ជីវិតបានភ្លាមៗ។
លោក ស៊ី ខេ លាវ ធ្លាប់មកប្រទេសកម្ពុជាកាលពីឆ្នាំ២០០៥ ក្នុងដំណើរទស្សនកិច្ចមនុស្សធម៌ ហើយលោកបានដឹងថា ប្រទេសនេះ គឺមានប្រជាជនជាច្រើនមានបញ្ហាប្រព័ន្ធរំលាយអាហារ តាំងពីលើរហូតដល់ក្រោម ពោលគឺគិតចាប់ពីកន្លែងដែលអាហារចូល និងកន្លែងដែលកាកសំណល់អាហារចេញ។
នៅឯមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី លោក លាវ បានពិគ្រោះយោបល់ និងព្យាបាលជំងឺប្រព័ន្ធរំលាយអាហារដល់ជនជាតិកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ហើយនៅទីនោះមានការចំណាយច្រើន ដោយលោកលើកឧទាហរណ៍ថា ក្រៅពីថ្លៃពិគ្រោះយោបល់ និងព្យាបាលជំងឺ អ្នកជំងឺនិងអ្នករួមដំណើរត្រូវ ចំណាយលើសំបុត្រយន្តហោះ សណ្ឋាគារ ការធ្វើដំណើរ និងការហូបចុកអស់រាប់ពាន់ដុល្លារអាមេរិកក្នុងរយៈពេលតែពីរបីថ្ងៃប៉ុណ្ណោះ។
លោក លាវ បាននិយាយថា «ឥឡូវ ដើម្បីសម្រួលដល់ប្រជាជនកម្ពុជា ខ្ញុំបានមកពិគ្រោះយោបល់ និងព្យាបាលផ្នែកប្រព័ន្ធរំលាយអាហារនេះ នៅកម្ពុជាជាទៀងទាត់ ប្រចាំខែ ដោយសហការជាមួយមន្ទីរពហុព្យាបាល អន្តរជាតិខេមាបឹងកេងកង រាជធានីភ្នំពេញ ព្រោះមន្ទីរពហុព្យាបាលអន្តរជាតិខេមានេះ មានឧបករណ៍ស្តង់ដារគ្រប់គ្រាន់ និងគ្រូពេទ្យមានវិជ្ជាជីវៈ គួរឲ្យទុកចិត្តបាន ដូចនៅប្រទេសរបស់ខ្ញុំដែរ ដែលអាចឲ្យខ្ញុំវះកាត់នៅទីនេះបាន»។
លោក លាវ បានរម្លឹកថា បញ្ហាតូចនៃប្រព័ន្ធរំលាយអាហារមានដូចជាបំពង់ក ថ្លើម ប្រមាត់ លំពែង ពោះវៀនតូច និងពោះវៀនធំអាចទៅជាបញ្ហាធំដោយក្លាយជា ជំងឺមហារីកធ្ងន់ធ្ងរ ហេតុនេះបុគ្គលគ្រប់រូបត្រូវមកពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេសឲ្យបានពីដំបូង ដើម្បីព្យាបាលឲ្យទាន់ពេល។
សូមបញ្ជាក់ថា លោក លាវ បានសិក្សាទាំងនៅប្រទេសអង់គ្លេសនិងសិង្ហបុរី ហើយក្លាយជាគ្រូពេទ្យឯកទេសវះកាត់ទូទៅ ដោយឡែកខាងផ្នែកប្រព័ន្ធរំលាយអាហារ លោកក៏ធ្លាប់បានស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ ធ្លាប់បានបង្រៀន និងព្យាបាលជំងឺប្រព័ន្ធរំលាយអាហារនៅប្រទេសអង់គ្លេស សិង្ហបុរី និងហុងកុង ដែលមានអ្នកជំងឺគ្រប់ជាតិសាសន៍ ទៅពិគ្រោះយោបល់និងព្យាបាលទាំងប្រើប្រាស់ឱសថ និងវះកាត់។
នៅកម្ពុជា លោកវេជ្ជបណ្ឌិត លាវ នឹងមក៣ថ្ងៃក្នុងមួយខែ ដើម្បីផ្តល់ការពិគ្រោះ ពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺប្រព័ន្ធរំលាយអាហារ ទៅតាមស្ថានភាពនៃជំងឺជាក់ស្ដែង៕