(កំពង់ស្ពឺ)៖ ដូនចាស់ជរាទុរគតម្នាក់ កំពុងដង្ហើយសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំគ្រប់ទិសទី ឲ្យជួយរកយុត្តិធម៌ជូនចៅប្រុសរបស់គាត់ ដែលត្រូវកម្លាំងសមត្ថកិច្ចស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់ឃុំខ្លួន ហើយត្រូវបានតុលាការខេត្តកំពង់ស្ពឺឃុំខ្លួនដាក់ពន្ធនាគារ អស់ពេលជាយូរថ្ងៃមកហើយ ដោយសាររឿងបង្ករបួសស្នាមបន្តិចបន្តួច ទៅលើបុរសកំណាចម្នាក់ ដើម្បីជួយជីដូនរបស់ខ្លួនពីកណ្ដាប់ដៃបុរសខាងលើ ដែលបានចាប់ច្របាច់ករបស់ជីដូន ជ្រមុជក្នុងទឹកស្រែ កាលពីអំឡុងខែមុន។

ដូនចាស់កំសត់ខាងលើ មានឈ្មោះ ឌូ តាន់ អាយុ៧៨ឆ្នាំ រស់នៅក្នុងភូមិធ្លក ឃុំស្វាយរំពា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កំសត់ទុរគតជាមួយចៅប្រុសម្នាក់ ឈ្មោះ សំអុល អាយុ១៩ឆ្នាំ ដែលបានរងពាក្យបណ្ដឹងរបស់ឈ្មោះ ប្រាក់ ហ៊ន អាយុ៤៤ឆ្នាំ រស់នៅក្នុងស្រុកភូមិជាមួយគ្នា និងត្រូវជាក្មួយប្រុសរបស់ដូនចាស់ ឌូ តាន់ ខាងលើផងដែរ។

រៀបរាប់ទាំងទឹកភ្នែក ដូនចាស់ ឌូ តាន់ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ គាត់បានចុះទៅមើលទឹកស្រែជាមួយចៅប្រុសរបស់គាត់។ មួយសន្ទុះក្រោយមក ក្មួយប្រុសរបស់គាត់ ឈ្មោះ ប្រាក់ ហ៊ន បានដើរទៅស្ដីបន្ទោសឲ្យគាត់អស់មួយអន្លើរ រឿងបែងចែកទឹកស្រែមិនស្មើ លោកយាយក៏បានតបរាយរាប់ទៅវិញផងដែរ តែឈ្មោះ ប្រាក់ ហ៊ន នៅតែប្រឹងជជែកយកឈ្នះមិនព្រមឈប់។

ដោយអានុភាពនៃការបញ្ឆេះកំហឹងយ៉ាងតឹងសរសៃករៀងៗខ្លួនផងនោះ ក៏បង្កទៅជាអំពើហិង្សាតែម្ដង ដោយឈ្មោះ ប្រាក់ ហ៊ន បានស្ទុះទៅច្របាច់ករបស់លោកយាយ ជ្រមុជក្នុងទឹកស្រែក្វៃៗ រកតែកម្លាំងទៅតទល់រើបម្រាស់គ្មាន ព្រោះលោកយាយមានអាយុចាស់ជរាទៅហើយ។

ឃើញជីដូនរបស់ខ្លួនត្រូវគេធ្វើបាបយ៉ាងព្រៃផ្សៃដូចនោះ ចៅប្រុសលោកយាយឈ្មោះ សំអុល បានស្ទុះទៅជួយជីដូនរបស់ខ្លួនភ្លាម ដោយបានចាប់ទាញដៃឈ្មោះ ប្រាក់ ហ៊ន ចេញពីករបស់ជីដូន តែបែរជាឈ្មោះ ប្រាក់ ហ៊ន ងាកមកត្រតាយប្រតប់ជាមួយឈ្មោះ សំអុល ថែមទៀត ក៏ត្រូវឈ្មោះ សំអុល វាយត្រូវក្បាលបន្តិច ក្រោយមកក៏បានបំបែកគ្នាចេញទៅ។

លោកយាយ ឌូ តាន់ បានបន្តថា ក្រោយពីឈ្លោះប្រតាយប្រតប់ជាមួយគាត់ និងចៅប្រុសរួចមក ឈ្មោះ ប្រាក់ ហ៊ន ក៏បានទៅប្ដឹងនគរបាលឃុំស្វាយរំពា ឲ្យមកចាប់គាត់ និងចៅប្រុស បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ តែម្ដង ដោយក្នុងពាក្យបណ្ដឹងនោះ ឈ្មោះ ប្រាក់ ហ៊ន បានទាមទារប្រាក់ជំងឺចិត្តដល់ទៅ ៨,៥០០ដុល្លារ។

លោកយាយបានបន្ថែមថា គាត់ជាស្រ្តីចាស់ជរាកំសត់ទុរគត រាល់ថ្ងៃរកតែបាយហូប លុយទៅធ្វើបុណ្យធ្វើទាន ក៏មិនមានគ្រប់គ្រាន់ផង តើបានលុយដល់ទៅ ៨,៥០០ដុល្លារ មកពីណា។

ព្រោះតែគ្មានលុយបង់ថ្លៃជំងឺដូចនោះហើយ ទើបកម្លាំងនគរបាលស្រុកបរសេដ្ឋ សម្រេចបញ្ជូនទៅតុលាការ ហើយត្រូវតុលាការឃុំខ្លួនចៅប្រុស របស់គាត់ជា បណ្ដោះអាសន្នសិន រង់ចាំការកាត់ទោសនៅពេលក្រោយ តែតាំងពីថ្ងៃទី២៦ វិច្ឆិកានោះមក កម្លាំងសមត្ថកិច្ច ក៏ដូចជាតុលាការមិនទាន់ហៅគាត់ ឲ្យចូលទៅដោះស្រាយ ម្ដងណាឡើយ ដោយទុកឲ្យចៅប្រុសរបស់គាត់ អស់ពេលជាយូរថ្ងៃមកហើយ។

ឃើញរឿងអយុត្តិធម៌ពេញភ្នែកបែបនេះ ដូនចាស់កំសត់ ឌូ តាន់ ក៏ប្រឹងអង្វរដង្ហើយហៅសុំអន្តរាគមន៍ពីតុលាការ ក៏ដូចជាថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ទិសទី ដើម្បីជួយរកយុត្តិធម៌ជូនលោកយាយ និងចៅប្រុសរបស់លោកយាយ ព្រោះលោកយាយមានសភាពចាស់ទ្រុធទ្រោមទៅហើយ មិនមានលទ្ធភាពឯណា
ទៅរកប្រាក់មកបង់ឲ្យគេនោះទេ៕