(ភ្នំពេញ)៖ លោក សម រង្ស៊ី ត្រូវបានរដ្ឋសភាប្រកាសអំពីការបាត់បង់បុព្វសិទ្ធិ និងភាពជាសមាជិករដ្ឋសភា អស់រយៈពេលជាង១ឆ្នាំមកហើយ នាគ្រាដែលប្រធានគណបក្សប្រឆាំងរូបនេះ រត់គេចចេញពីការអនុវត្តទោសទៅក្រៅប្រទេស។ ជាមួយគ្នានេះកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ថ្មីៗនេះ រដ្ឋសភាក៏បានប្រកាសទទួលស្គាល់ លោក កឹម សុខា ដែលបច្ចុប្បន្នកំពុងដឹកនាំគណបក្សសង្រ្គោះជាតិនៅកម្ពុជា ឱ្យធ្វើជាប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាជំនួស លោក សម រង្ស៊ី ផងដែរ។

អ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថា តួនាទីថ្មីរបស់លោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្សនាពេលនេះ នឹងធ្វើឱ្យលោក កឹម សុខា កាន់តែមានប្រជាប្រិយភាព និងឥទ្ធិពលខ្លាំងឡើងនៅក្នុងគណបក្សសង្រ្គោះជាតិ ក៏ដូចជានៅក្នុងឆាកនយោបាយកម្ពុជា។ តួនាទីនេះធ្វើឱ្យលោក កឹម សុខា​ មានសិទ្ធិអំណាច ក្នុងការពិភាក្សាបញ្ហាផ្សេងៗទាំងបញ្ហាជាតិ ទាំងបញ្ហាគណបក្សជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ហើយមានឋានៈស្មើ នាយករដ្ឋមន្រ្តីថែមទៀត។ ចំណែកប្រជាប្រិយភាព និងឥទ្ធិពលរបស់លោក សម រង្ស៊ី វិញអាចនឹងបាត់បង់បន្តិចម្តងៗ រហូតដល់គេបំភ្លេចចោលក៏ថាបាន ដោយសារតែលោកនៅក្រៅប្រទេសឆ្ងាយពីបក្សរបស់ខ្លួនផង​ និងបាត់បង់តួនាទីសំខាន់នានាផង។

ជុំវិញស្ថានភាពនេះលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងនៅថ្ងៃអាទិត្យនេះថា លោក សម រង្ស៊ី បានរំដោះខ្លួន ចេញពីនយោបាយ ហើយអាចរស់នៅដោយសុខសាន្តនៅក្រៅប្រទេសហើយ។ ក្នុងនាមអ្នកនយោបាយដូចគ្នាលោក សុខ ឥសាន ក៏បានជូនពរឱ្យលោក សម រង្ស៊ី រស់នៅឱ្យស្ងប់សុខនៅឯនាយសមុទ្រផងដែរ បន្ទាប់ពីលោក កឹម សុខា ដណ្តើមតំណែងសំខាន់ៗបានសម្រេច ហើយអស់តម្លៃនានា ក្នុងការពិភាក្សាអំពីបញ្ហាជាតិ និងបញ្ហានយោបាយ ជាមួយប្រមុខរាជរដ្ឋាភិបាល។

លោក សុខ ឥសាន បានលើកឡើងប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ឥឡូវនេះ គាត់រំដោះរួចអស់ហើយ។ យើងក៏ទទួលស្គាល់ថា គាត់ដោះរួចហើយ ដោយទី១៖ គាត់ចេញទៅក្រៅប្រទេស គ្មានថ្ងៃចូលក្នុងប្រទេស ទី២៖ គាត់អត់មានតួនាទីអ្វី ដើម្បីមកចរចាជជែកវែកញែកអំពីបញ្ហាប្រទេសជាតិ ជាមួយប្រមុខរាជរដ្ឋាភិបាល និងប្រមុខគណបក្សប្រជាជនទៀតទេ។ អញ្ចឹងយើង សូមទទួលស្គាល់ការពិតនេះ ហើយជូនពរ លោក សម រង្ស៊ី ឱ្យទៅកាន់បរមសុខនយោបាយ នៅឯនាយសមុទ្រទៅចុះ»។

សូមបញ្ជាក់ថា គិតរហូតដល់ពេលនេះ លោក សម រង្ស៊ី បានសំងំនៅក្រៅប្រទេសរយៈពេលជាង១ឆ្នាំមកហើយ ចាប់តាំងពីលោកបានចាកចេញពីកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ហើយលែងមិនត្រឡប់មកវិញ នាគ្រាដែលតុលាការចេញដីកាឱ្យលោកអនុវត្តទោសក្នុងពន្ធនាគារ ចំពោះការចោទប្រកាន់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសមក។ ក្រៅពីរឿងនោះ លោក សម រង្ស៊ី ក៏មានរឿងក្តីក្តាំនៅតុលាការនូវករណីផ្សេងៗទៀតដែរ ដូចជា បរិហារកេរ្តិ៍សម្តេច ហេង សំរិន, បរិហារកេរ្តិ៍ សម្តេចតេជោ ហ៊ុន សែន រឿង ​Facebook Like និងរឿងចោទរដ្ឋាភិបាលនៅក្រោយខ្នងនៃការបាញ់សម្លាប់ លោក កែម ឡី រួមទាំងសំណុំរឿងក្លែងសន្ធិសញ្ញាព្រំដែនផងដែរ៕ (រូបភាពបង្ហាញពីល្អូកល្អឺនរវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ខណៈលោក សម រង្ស៊ី កំពុងនៅក្រៅប្រទេស)៖