(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសជាផ្លូវការ ដោយជ្រើសតាំងលោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើជាប្រធានខេមរៈសហព័ន្ធការ៉ាតេដូកម្ពុជា អាណត្តិទី៨ ឆ្នាំ២០១៧-២០២០ ដើម្បីដឹកនាំកីឡានេះឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត។

ការជ្រើសតាំងលោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន ធ្វើជាប្រធានសហព័ន្ធនេះ បានធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិ ក្នុងពិធីបង្ហាញបច្ចេកទេស និងប្រកួតមិត្តភាព កីឡាការ៉ាតូដូ សូតូកង់ ឆ្នាំ២០១៦ ដោយមានការចូលរួមលោក ថោង ខុន ប្រធាន NOCC, លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីអប់រំ និងលោកបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា រួមទាំងវត្តមានកីឡាករ-កីឡាការិនីការ៉ាតេដូ ទូទាំងប្រទេសរាប់រយនាក់ផងដែរ ។

ក្រោយឡើងជាប្រធានសហព័ន្ធលោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន បានប្ដេជ្ញាចិត្តថា នឹងខិតខំឆ្លៀតយកពេលវេលាដ៏មានតម្លៃមករុញច្រាន និងអភិវឌ្ឍន៍កីឡាការ៉ាតេដូ កម្ពុជាឲ្យកាន់តែរីកចម្រើន ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និងចូលរួមប្រកួតលើឆាកអន្ដរជាតិ ស្វែងរកមេដាយកិត្តិយសជូនប្រទេសជាតិកម្ពុជា ជាមួយនឹងផែនការយុទ្ធសាស្ដ្រ៤ចំណុច ដែលលោកបានត្រៀមជាសម្រេច ដើម្បីការអភិវឌ្ឍន៍ ។

លោកទេសរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា «ខ្ញុំសូមដាក់ចេញនូវចំនុចអាទិភាព៤ ចាប់ពីពេលនេះតទៅគឺ, ទី១៖រៀបចំសមាសភាព គណកម្មាធិការប្រតិបត្តិ​ឲ្យបានសម ស្របរឹងមាំ, ទី២៖ ការរៀបចំក្រុមកីឡាករជម្រើសជាតិមួយក្រុម សម្រាប់បណ្តុះបណ្តាល, ទី៣៖ កសាងមជ្ឈមណ្ឌលកីឡាការ៉ាតេដូមួយ ក្នុងពហុកីឡដ្ឋានជាតិ និងទី៤៖ ស្វែងរកជំនួយបច្ចេកទេស ពីសហព័ន្ធការ៉ាតេពិភពលោក ពិសេសពីជប៉ុន» ។ លើសពីនេះលោកក៏បានប្រកាសដាក់ក្រសួងសេដ្ឋកិច្ច ហិរពា្ញវត្ថុ ដើម្បីទ្រទ្រង់កីឡាការ៉ាតេផងដែរ៕