(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចាត់ទុកថា ការលើកឡើងថា «តំណែងមិនសំខាន់» របស់លោក សម រង្ស៊ី នាថ្មីៗនេះ គ្រាន់តែជាការលួងលោមចិត្តខ្លួនឯង និងជាការបំភ័ន្តសាធារណជនតែប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី បាត់បង់តំណែង ប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិចក្នុងរដ្ឋសភា។

លោក សុខ ឥសាន បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃអាទិត្យនេះថា «ក្រោយពីបាត់បង់តំណែង ប្រធានក្រុមមតិ ភាគតិចក្នុងរដ្ឋសភា លោក សម រង្ស៊ី លើកឡើងថា តំណែងមិនសំខាន់។ ខ្ញុំយល់ថា ការមានមតិបែបនេះ វាគ្រាន់តែជាការនិយាយ កម្លារចិត្តខ្លួនឯង ក៏ដូចជា បំភ័ន្តមតិសាធារណៈជាតិ និងអន្តរជាតិតែប៉ុណ្ណោះ»

កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋសភាបានចេញសេចក្តីប្រកាសមួយដោយទទួលស្គាល់ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ ជាប្រធានថ្នាក់ដឹកនាំ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិច​នៅក្នុងរដ្ឋសភា ជំនួសតំណែង លោក សម រង្ស៊ី។

សមាសភាពកថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិថ្មីនេះ រួមមាន លោក កឹម សុខា ជាប្រធាន លោក យឹម សុវណ្ណ ជាអនុប្រធាន និង លោក យ៉ែម បុញ្ញឫទ្ធិ ជាអនុប្រធាន។ ការប្រកាសទទួលស្គាល់នេះ បានធ្វើឡើងបន្ទាប់ពីមាន សំណើផ្លូវការមួយពីគណបក្សសង្រ្គោះជាតិ។ លោក កឹម សុខា ក៏បានក្លាយជាដៃគូសន្ទនាថ្មីរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

តបទៅនឹងសេចក្តីប្រកាសនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស បានបង្ហោះសារ នៅលើបណ្តាញសង្គម Facebook របស់លោក កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ថា «តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺភាពទៀងត្រង់ និងភាពថ្លៃថ្នូររបស់យើងម្នាក់ៗ។ ខ្ញុំសុខចិត្តធ្វើអ្វីៗ ទាំងអស់ ឲ្យតែប្រទេសជាតិយើង បាននៅគង់វង្ស ហើយឈានទៅរកភាពរុងរឿង»

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានរិះគន់ លោក សម រង្ស៊ី ថាពេលខ្លួនអស់តំណែង ហើយឡើងអ្នកដទៃជំនួស ទើបនិយាយថាតំណែងនេះ មិនសំខាន់។ លោកថា បើតំណែងនោះមិនសំខាន់ ហេតុអ្វីលោក សម រង្ស៊ី ខិតខំទាមទារខ្លាំងម្ល៉េះ នាពេលកន្លងមក។ លោកថា «តំណែងនេះមានសារសំខាន់ណាស់។ ព្រោះតួនាទីប្រធានក្រុមមតិភាគតិចនៅក្នុងសភា មានសិទ្ធិអំណាច ក្នុងការពិភាក្សាបញ្ហាផ្សេងៗ ទាំងបញ្ហាជាតិ ទាំងបញ្ហាគណបក្ស ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ហើយមានឋានៈស្មើ នាយករដ្ឋមន្រ្តី ថែមទៀត។ បើមិនសំខាន់ លោក សម រង្ស៊ី ខ្លួនឯងនឹងមិនចង់បានតាំងពីមុនមកទេ។ ពេលទទួលតួនាទីនោះគាត់ថាសំខាន់ ប៉ុន្តែពេលបាត់បង់តំណែងវិញ គាត់ថា មិនសំខាន់ទៅវិញ»

ទោះជាយ៉ាងណា នៅពេលដែលគណបក្សសង្រ្គោះជាតិដាក់សំណើរ និងមុនពេលដែលរដ្ឋសភា ប្រកាសទទួលស្គាល់ លោក កឹម សុខា ជាប្រធានក្រុមតំណាងរាស្រ្ តគណបក្សសង្រ្គោះជាតិ ដែលជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភានោះ លោក សម រង្ស៊ី ក៏ព្យាយាមបំបែកតួនាទីទាំងពីរនេះឱ្យចេញពីគ្នា ដោយសរសេរនៅលើ ទំនាក់ទំនងបណ្តាញសង្គមថា លោកនៅតែជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា​និងជាដៃគូសន្ទនាជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ដដែល។ ប៉ុន្តែទីបំផុត រដ្ឋសភាប្រកាសថា តួនាទីទាំងនេះ បានធ្លាក់ទៅលើលោក កឹម សុខា ទាំងអស់តែម្តង ដោយពុំមានបែងចែកជាង២នោះទេ។

សូមបញ្ជាក់ថា ក្រោយការចរចារវាងគណបក្សទាំងពីរដើម្បីបញ្ចប់បញ្ហានយោបាយ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០១៣ លោក សម រង្ស៊ី ត្រូវបានរដ្ឋសភា ចេញប្រកាសកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ដោយទទួលស្គាល់លោកជាប្រធានថ្នាក់ដឹកនាំ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា​ តាមការស្នើសុំរបស់គណបក្សសង្រ្គោះជាតិ ហើយលោក គឺជាដៃគូសន្ទនាជាមួយ សម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែដោយសារតែ មានសាលក្រមស្ថាពររបស់តុលាការជុំវិញរឿង លោក សម រង្ស៊ី ចោទប្រកាន់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលទាមទារឱ្យអនុវត្តទោសនោះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋសភាបានប្រកាសថា លោក សម រង្ស៊ី បានបាត់បង់បុព្វសិទ្ធនិងភាពជាសមាជិករដ្ឋសភាទាំងស្រុងហើយ ដែលក្នុងនោះរាប់បញ្ចូល ទាំងតួនាទី និងតំណែងនានា ផងដែរ៕