(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន នៅក្នុងសប្តាហ៍នេះ បាន សម្រេចផ្តល់ផ្ទះចំនួន ១០ខ្នងជូនដល់អតីតយុទ្ធជននៅស្រុកអូរជ្រៅ ស្រុកភ្នំស្រុក និងស្រុកមង្គលបុរី ដែលកំពុងជួបការខ្វះខាតក្នុងជីវ ភាព ព្រមទាំងគ្មានផ្ទះសម្បែង សម្រាប់ស្នាក់នៅឲ្យបានសមរម្យ។

ការសម្រេចផ្តល់លំនៅឋានសម្រាប់អតីតយុទ្ធជននេះ បានធ្វើឡើងនៅក្នុងកិច្ចសំណេះសំណាល រវាងនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាសមាគមអតីតយុទ្ធជន ជាមួយអតីតយុទ្ធជនជាង ១ពាន់នាក់ជាបន្តបន្ទាប់ នៅលើដែនដីអតីតសមរភូមិនាថ្ងៃទី០៩-១០ ខែធ្នូ កន្លងទៅនេះ។

តាមរយៈកិច្ចសំណេះសំណាលនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានរកឃើញអតីតយុទ្ធជន ដែលកំពុងជួបការខ្វះខាត និងគ្មានលំនៅឋាន ហើយក៏បានស្នើសុំភ្លាមៗ ទៅសម្តេចតេជោ ហ៊ុន សែន។ ឈរលើស្មារតី នៃការយកចិត្តទុកដាក់លើសុខទុក្ខរបស់អតីតយុទ្ធ ជន សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់លំនៅឋាន ជូនអតីតយុទ្ធជនភ្លាមៗ ដោយមិនបង្អង់យូរនោះឡើយ។

អតីតយុទ្ធជន ដែលទទួលបានការជួយសាងសង់លំនៅឋាននោះរួមមាន៖

១៖ ឈ្មោះ សេន សាន មានបន្ទុកគ្រួសារ ៣នាក់ រស់នៅភូមិ ពន្លៃ ឃុំពន្លៃ ស្រុកអូរជ្រៅ
២៖ ឈ្មោះ ញឹម លឹម ពិការភ្នែកទាំង២ មានបន្ទុកគ្រួសារ ៤នាក់ រស់នៅភូមិស្លែង ឃុំប៉ោយចារ ស្រុកអូរជ្រៅ
៣៖ ឈ្មោះ ស៊ូ ស៊ុន និវត្តន៍ជន នៅភូមិខ្ទុំជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបុរី
៤៖ ឈ្មោះ ធឹម វឿត ជនពិការ នៅភូមិអូរដង្កោ ឃុំរហាត់ទឹក
៥៖ ឈ្មោះ ឆោម ឈួត ជនពិការ នៅភូមិខ្ទុំជ្រុំ ឃុំរហាត់ទឹក
៦៖ ឈ្មោះ ទឹម ទុំ ជនពិការ នៅភូមិសំបួរ ឃុំសំបួរ ស្រុកមង្គលបូរី
៧៖ ឈ្មោះ យុត ថ្នម ជនពិការ នៅភូមិ ឃុំបន្ទាយនាង ស្រុកមង្គលបូរី
៨៖ យោធិនពិការ ឈ្មោះ ធុច ថាវី ស្ថិតនៅភូមិ ថ្មី ឃុំកូប
៩៖ យោធិនពិការ ឈ្មោះ ចឹក សី រស់នៅភូមិ ឃុំសំរោង
១០៖ យោធិនចូលនិវត្តន៍ ឈ្មោះ ប៊ី ប៊ុន រស់នៅភូមិស្នួលទ្រេត ឃុំ អូរបីជាន់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៦ ខែធ្នូ កន្លងទៅនេះ បានសម្រេចផ្តល់ថវិកា ដែលបានពីសប្បុរសជនសរុប ២០ម៉ឺនដុល្លារជូនដល់សមាគមអតីតយុទ្ធជន ដើម្បីចាត់ចែងសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន។

នាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា អតីតយុទ្ធជននៅក្នុងប្រទេសកម្ពុជា ដែលខ្វះលំនៅឋានមានជាង ៣ពាន់គ្រួសារ ក្នុងនោះជាង ២ពាន់គ្រួសារ បានសាងសង់ និងផ្តល់លំនៅឋានរួចហើយ។ បើតាមនាយឧត្តមសេនីយ គន់ គីម សមាគមអតីតយុទ្ធជនកំពុងប្រឹង ប្រែងធ្វើបច្ចុប្បន្នភាព នៃទិន្នន័យរបស់ជនពិការ និងស្វែងរកអ្នកទីទ័លក្រ គ្មានលំនៅឋាន ដើម្បីសាងសង់លំនៅឋានជូនពួកគេ។

ក្នុងកិច្ចសំណេះសំណាលជាមួយអតីតយុទ្ធជននៅលើដែនដីសមរភូមិប្រយុទ្ធជននាថ្ងៃទី០៩ និង១០ ខែធ្នូ កន្លងទៅនេះ នាយឧត្តមសេនីយ៍ គន់ គីម បានសំណូមពរឲ្យ អតីតយុទ្ធជនរៀបចំសរសេរប្រវត្តិ និងបទពិសោធន៍ការងារ រួមទាំងសកម្មភាពការងារ និងការតស៊ូប្រយុទ្ធលើសមរភូមិរហូតក្លាយជាជនពិការ បាត់បង់សមត្ថភាពការងារ ឬចូលនិវត្តន៍ជាដើម ដើម្បីដំកល់ទុកសម្រាប់ជាឯកសារជូនកូនចៅជំនាន់ក្រោយ។

ជនពិការម្នាក់ ឈ្មោះ ពួក ធា អាយុ ៧២ឆ្នាំ នៅស្រុកអូរជ្រៅ បានសម្តែងក្តីរំភើបរីករាយ ចំពោះចំណាត់ការថ្មីនេះ របស់នាយឧត្តមសេនីយ គន់ គីម ដែលថ្នាក់ដឹកនាំមុនៗ ពុំដែលបានណែនាំដូចនេះសោះ។  លោក ពួក ធា ថ្លែងដូច្នេះ «ការសរសេរទុកនូវប្រវត្តិស្នាដៃ និងបទពិសោធន៍របស់ខ្លួនម្នាក់ៗ ពិតជាមានសារៈសំខាន់ណាស់​សម្រាប់កូនចៅយើង​ដឹងថា អ្នកជំនាន់មុន បានធ្វើអ្វីមានគុណបំណាច់យ៉ាងណាខ្លះ ចំពោះជាតិ ហើយសង្គ្រាម វាបង្កវិនាសកម្មហិនហោចយ៉ាងណា ? ជាមួយនោះ ប្រទេសជាតិយើង ដែលកំពុងមានសន្តិភាពពេញលេញ ដូចសព្វថ្ងៃ តើរដ្ឋាភិបាលបានផ្តល់ការរស់នៅដោយសុខសាន្ត ដល់ប្រជាជន យ៉ាងណា ហើយ កំពុងអភិវឌ្ឍន៍ប្រទេសជាតិដូចម្តេច?»

យោធិនចូលនិវត្តន៍ឈ្មោះ ម៉ី ប៉ាល់ រស់នៅភូមិ រោងគោកណ្តាល ឃុំចំណោម ស្រុកមង្គលបូរី ក៏បានសម្តែងការត្រេកអរផងដែរ ចំពោះការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន និងសមាគមអតីតយុទ្ធជន៕