(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ពេញមួយខែវិច្ឆិកា ដែលទើបកន្លងផុតទៅនេះ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកលើសទម្ងន់សរុប ១៤៤គ្រឿង និងពិន័យជាប្រាក់បានជាង ២៥១លានរៀល។
យោងតាមក្រសួងសាធារណការចំនួនរថយន្តដឹកលើសទម្ងន់ ដែលចាប់ផាកពិន័យនៅក្នុងខែវិច្ឆិកា កើនលើសខែតុលា ៥៥គ្រឿង ហើយរថយន្តទាំងអស់នេះ ដឹកលើសទម្ងន់កំណត់ចន្លោះពី៤តោន រហូតដល់១៦តោន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវឲ្យក្រុមអ្នករកស៊ីដឹកជញ្ជូនទាំងអស់ បញ្ឈប់ការដឹកលើសទម្ងន់ ព្រោះនាំឲ្យខូចផ្លូវធ្ងន់ធ្ងរ។ សម្តេចតេជោ ក៏បានអំពាវនាវឲ្យក្រសួងសាធារណការ និងអ្នកពាក់ព័ន្ធរួមគ្នាទប់ស្កាត់នូវការដឹកលើសទម្ងន់នេះ ព្រមទាំងចាប់កាត់ទ្រុងរថយន្ត ដែលតខុសលក្ខណៈបច្ចេកទេសផងដែរ៕