(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង បានដឹកនាំលោកគ្រូ អ្នកគ្រូនិងគរុសិស្ស ចំនួន ៤៥០នាក់របស់ខេត្តស្វាយរៀង ទៅបំពេញទស្សនកិច្ច និងដើរលេងកំសាន្ត នៅខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ដែលដំណើរទស្សនកិច្ចនេះ បានទទួលការឧបត្ថម្ភ និងលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
នាឱកាសនោះផងដែរឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ឈានទៅរកភាពរុងរឿង អភិវឌ្ឍន៍លើគ្រប់វិស័យ និងបានប្រែក្លាយពីប្រទេសមានសង្គ្រាមរាំរ៉ៃ មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ។
ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ចំណែកឯការជួបជុំនាថ្ងៃនេះផងដែរ គឺបន្ទាប់ពីមានសំណូមពររបស់លោកគ្រូ អ្នកគ្រូ និងគរុសិស្ស ដល់សម្តេចតេជោ ហ៊ុន សែន ដោយបានស្នើសុំមកកំសាន្តនៅខេត្តព្រះសីហនុ ។ បន្ទាប់មកសម្តេចក៏បានប្រគល់ភារកិច្ចជូនមកលោកស្រីឧបនាយករដ្ឋន្ត្រី រួមជាមួយអ្នកតំណាងរាស្ត្រនៅក្នុងខេត្តស្វាយរៀង ដើម្បីរៀបចំទទួលលោកគ្រូ អ្នកគ្រួ រួមជាមួយគរុសិស្សនាពេលនេះ។
ចំពោះដំណើរកំសាន្តនេះផងដែរបានបង្ហាញអំពីភាពជិតស្និទ្ធ និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងប្រមុខរាជដ្ឋាភិបាលក្នុងការ លើកទឹកចិត្តដល់លោកគ្រួ អ្នកគ្រូ និងគរុសិស្ស ខិតខំក្នុងការបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងគរុសិស្សទាំងអស់គ្នាដែលបានទៅចុះឈ្មោះបោះឆ្នោតនាពេលកន្លងទៅ និងបានសំណូមពរឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាពេលខាងមុខ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងការជ្រើសតាំងតំណាងរាស្ត្រ និងគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិខាងមុខ និងអាណត្តបន្តបន្ទាប់ទៀត។
ជាទីបញ្ជប់ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកជំទាវឧកញ៉ា និងអជ្ញាធរខេត្តព្រះសីហនុ ដែលបានជួយឧបត្ថម្ភគាំទ្រ និងសម្រសម្រួលដល់ក្រុមការងារ។
ឧបនាយករដ្ឋមន្រ្តីរូបនេះ បានឧបត្ថម្ភដល់អ្នកបើកបរចំនួន១៤នាក់ ក្នុងម្នាក់ៗថវិកា១០ម៊ឺនរៀល និងលោកគ្រូ អ្នកគ្រូ គរុសិស្សចំនួន ៤៥០នាក់ ម្នាក់ៗទទួលបានថវិកា ២ម៊ឺនរៀលផងដែរ៕