(ភ្នំពេញ)៖ ដោយការយកចិត្តទុកដាក់ខ្ពស់ និងមើលឃើញពីទុក្ខលំបាករបស់បង ប្អូនជនពិការ និងដើម្បីចូលរួមរម្លឹកទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤ផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមនឹងសហការី បានធ្វើពិធីប្រគល់អំណោយជាថវិកាចំនួន ៥លានរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួនធំ ជូនដល់អង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍មានអាសយដ្ឋាននៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលអង្គការនេះមានសមាជិក ពិការចំនួន៧១នាក់ មកពីតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តកំពង់ស្ពឺ កំពង់ចាម តាកែវ កំពត ព្រៃវែង និងរាជធានីភ្នំពេញ ដែលពិធីប្រគល់អំណោយនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងពិធីសំណេះសំណាលនោះ លោកស្រីអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជម្រាបជូនដល់បង ប្អូនជនពិការទាំងអស់ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ លើកទឹកចិត្ត និងផ្តល់ក្តីស្រឡាញ់ ជូនជនពិការគ្រប់ៗគ្នា ហើយថែមទាំងកោតសរសើរចំពោះការតស៊ូជំនះរាល់គ្រប់ឧបសគ្គ ក្នុងជីវិតរស់នៅតាមរយៈការពង្រឹងសមត្ថភាពជំនាញ និងការបណ្តុះ បណ្តាលវិជ្ជាជីវៈផ្សេងៗ។ ទន្ទឹមនឹងនោះ លោកស្រីបានអំពាវនាវក៏ដូចជាសំណូមពរទៅដល់ដល់ជនពិការទាំងអស់នូវខ្លឹមសារមួយចំនួនដូចខាងក្រោម៖
* ត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញ-ទៅមក ដើម្បីសប្បុរសជននានាងាយស្រួលក្នុងការជួយ។
* សូមលុបបំបាត់គំនិតតួឯកនិយម ដោយបង្កើតជាក្រុមមួយមានគ្នាត្រឹម ២-៣នាក់។ល។
* សូមរៀបចំបែបបទសម្រាប់សម្តែងសិល្បៈនៅរមណីយដ្ឋាន «វត្តភ្នំ» ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ទីតាំងឱ្យ ជៀសវាងការសម្តែងនៅតាមដងផ្លូវ ឬនៅក្នុងទីផ្សារតូចចង្អៀត ដែលអាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
* សូមកុំបណ្តោយខ្លួនឱ្យក្លាយជាឧបករណ៍អាជីវកម្មរបស់ជនខិលខូចមួយចំនួន។
ឆ្លើយតបទៅនឹងអំណោយមនុស្សធម៌ដ៏ថ្លៃថ្លានេះ ជនពិការទាំងអស់បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមាតាមនុស្សធម៌ តែងមានចិត្តសប្បុរសចំពោះជនទាំងឡាយដែលជួបការលំបាក ដោយមិនមានការរើសអើង វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ ហើយអំណោយទាំងនេះ នឹងបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដូចជាការហូបចុក និងបង់ថ្លៃជួលផ្ទះជាដើម។ ពួកគាត់សូមជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ សូមមានសុខភាពល្អ អាយុយ៉ឺនយូរ ដើម្បីធ្វើជាម្លប់ដ៏កក់ក្តៅរបស់ជនពិការ និងជនងាយរងគ្រោះឲ្យបានយូរអង្វែងថែមទៀត។
បន្ទាប់ពីពិធីសំណេះសំណាលរួច លោកស្រីអគ្គលេខាធិការរងទី១ បានប្រគល់អំណោយរួមជូនដល់អង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍រួមមាន៖ អង្ករ ៥០០គីឡូក្រាម មី២០កេស ត្រីខ៥កេស ទឹកបរិសុទ្ធ១០កេស ទឹកក្រូច១០កេស ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៤ដប អាហារវីតាមីន៥កេស ស្មើនឹង១៨០កញ្ចប់ និងថវិកា ៥លានរៀល។ ដោយឡែកសម្រាប់ជនពិការទាំង៧១នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាហារវីតាមីន៥កញ្ចប់ បង្គន់ប្លាស្ទីក១ និងថវិកា៥ម៉ឺនរៀល។
សូមបញ្ជាក់ជូនផងដែរថា នេះជាលើកទី៤ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគជូន អង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍នេះ៕