(បាត់ដំបង)៖ បុរសម្នាក់តូចចិត្តនឹងគូដណ្តឹងរបស់ខ្លួន បានយកអាវុធរាងដូចប៉ិចមានគ្រាប់បាញ់ ប៉ងធ្វើអត្តឃាតខ្លួនឯង តែសំណាងល្អមិនស្លាប់ ត្រូវបានសង្គ្រោះទាន់នៅមន្ទីរពេទ្យ នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមទី២៣ ក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងដែលឲ្យជនរងគ្រោះអស់សង្ឃឹម ទើបសម្រេចចិត្ត ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង។
សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះដែលប៉ងធ្វើអត្តឃាតនេះមានឈ្មោះ មុជ វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ចំណែកគូដណ្តឹងមានឈ្មោះ អ៊ៀន ចាន់រិទ្ធ អាយុ៣១ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។
បន្ទាប់ពីឈ្លោះគ្នាភ្លាមៗ មកបុរសម្នាក់នោះ តូចចិត្តបានប្រើអាវុធប៊ិច បាញ់ប្រហារប៉ងសម្លាប់ផ្តាច់ជីវិតខ្លួនឯង ចំត្រង់ចង្កា តែមិនបានចំកន្លែងសំខាន់ត្រូវស្លាប់។
បន្ទាប់ពីបានកើតហេតុភ្លាមនោះ អ្នកជិតខាងបានជួយដឹកយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យ អ៉ឹមើជិស៊ីខេត្ត ដើម្បីគ្រូពេទ្យសង្គ្រោះបានទាន់ពេលវេលា បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅឡើយ៕