(ព្រះសីហនុ)៖ តាមរបាយការណ៍បូកសរុបការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ រយៈពេលត្រីមាសទី៣ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នៅខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២៥២ករណី លើ១៨៦ករណី ប្រៀបធៀបទៅនឹងឆ្នាំ២០១៥ កើនឡើង៦៦ករណី ហើយបណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ៨១នាក់ រងរបួសធ្ងន់ស្រាល៤៣២នាក់ ព្រមទាំង ខូចខាតយានយន្ត និងទ្រព្យសម្បត្តិសាធារណៈមួយចំនួនទៀត។
លោក អេង តែតតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះសីហនុ បានថ្លែងក្នុង ពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់យុវវ័យ សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាស្រុកព្រៃនប់ថា ខេត្តព្រះសីហនុ គឺជាខេត្តមួយស្ថិតនៅភាគនិរតី នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ២៣០ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៤ និងចម្ងាយ២៦០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ពីរាជធានីភ្នំពេញ។
លោកថា «កន្លងមកបញ្ហាគ្រោះថ្នាក់ ចរាចរណ៍តាមផ្លូវជាតិ ក៏ដូចជាតាមផ្លូវក្នុងខេត្តព្រះសីហនុ បានក្លាយជាវិញ្ញាសារដ៏ សំខាន់មួយ សម្រាប់អ្នកប្រើប្រាស់ផ្លូវគ្រប់ៗគ្នា ជាឃាតករតាមដងផ្លូវ ដែលបង្កអោយមានមនុស្ស រងរបួស និងស្លាប់ដោយឥតរើសមុខ ព្រមទាំងបណ្តាលអោយបាត់បង់ធនធាន មនុស្ស ទ្រព្យសម្បត្តិ ឯកជន សាធារណៈយ៉ាងច្រើនសន្ធឹកសន្ធាប់»។
លោក អេង តែតតា បានថ្លែងបញ្ជាក់ថា តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ គ្រាន់តែរយៈពេលត្រីមាសទី៣ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ២៥២ករណី លើ១៨៦ករណី កើនចំនួន៦៦ករណីបើប្រៀបធៀបទៅនឹង ឆ្នាំ២០១៥។
ហើយបានបណ្តាលអោយបាត់បង់ជីវិតមនុស្សចំនួន ៨១នាក់ រងរបួសធ្ងន់ស្រាល ៤៣២នាក់ ក្នុងនោះកើតឡើងក្នុង ក្រុងព្រះសីហនុ ១៤២ករណី ស្រុកព្រៃនប់ ៨៣ករណី ស្រុកកំពង់សីលា២០ករណី ស្រុកស្ទឹងហាវ៧ករណី ដែលគ្រោះថ្នាក់ ទាំងនេះបណ្តាលមកពីកត្តា បើកបរហួសល្បឿន ១៤៥ករណី មិនគោរពសិទ្ធិអាទិភាព៤ករណី បត់គ្រោះថ្នាក់៣១ករណី ស្រវឹង១៥ករណី មិនប្រកាន់ស្តាំ៨ករណី ល្មើសភ្លើងស្តុប១ករណី ក្មេងឆ្លងថ្នល់២ករណី បញ្ច្រាសទិស១ករណី មនុស្សធ្លាក់ពីលើ គោយន្ត១ករណី បញ្ហាសុខភាព១ករណី ងងុយដេក១ករណី រថយន្តខូចលើផ្លូវរថភ្លើង១ករណី រថយន្តដាច់កង់១ករណី ដាច់រ៉ឺម៉ក់ រថយន្ត១ករណី និងផ្សេងៗ៣១ករណី ។
តាមការស្រាវជ្រាវអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍និងការ រងរបួសធ្ងន់ គឺកើតឡើងដោយសារកំហុសឆ្គងរបស់មនុស្សដែល កំហុសទាំងនោះទាក់ទង និងការមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ មិនដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបរ យានយន្ត ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងការបើកបរហួសល្បឿនកំណត់ ជាដើមដែលករណីទាំងនេះ សុទ្ធតែជា បទល្មើសមានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោក ។
លោក ស៊ុ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានអញ្ជើញជាអធិបតីចូលរួម ក្នុងពិធីនេះ បានថ្លែងជំរុញទៅកាន់សមាជិក សមាជិកាដែលបានចូលរួមទាំងអស់ទៅផ្សព្វផ្សាយបន្ត ជូន បងប្អូន មិត្តភក្តិ ក្រុមគ្រួសារ អោយបានយល់ជ្រួតជ្រាប ហើយចងចាំនូវអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកក្រកម្ពុជា «ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍»៕