(ព្រះសីហនុ)៖ តាមរបាយការណ៍បូកសរុបការងាររបស់រដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញឲ្យឃើញថា រយៈពេល៩ខែ ក្នុងឆ្នាំ២០១៦នេះ ស្នងការដ្ឋាននគរបាល និងកងរាជអាវុធខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុប បានចំនួន៥៤ករណី និងឃាត់ខ្លួន មនុស្សចំនួន១០៥នាក់ បញ្ជូនទៅពន្ធនាគារ ព្រមទាំងដកហូតវត្ថុតាងបានមួយចំនួនផងដែរ។
លោក អេង តែតតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា ខេត្តព្រះសីហនុគឺ ជាខេត្តមួយស្ថិតនៅភាគនិរតី នៃព្រះរាជាណាចក្រ កម្ពុជា បច្ចុប្បន្នបញ្ហាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងខេត្តព្រះសីហនុជាបញ្ហាក្តៅគគុកគួរឲ្យចាប់អារម្មណ៍។ លោក អេង តែតតា បានលើកឡើងបែបនេះ ខណៈលោកចូលរួម ក្នុងពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនដល់យុវវ័យ សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នាសណ្ឋាគារឆ្នេរជលសារក្រុងព្រះសីហនុ។
លោក អេង តែតតា បានថ្លែងបញ្ជាក់ថា គ្រាន់តែ រយៈពេល៩ខែដើមឆ្នាំ២០១៦ សមត្ថកិច្ចខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួនមនុស្ស ពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀនបានចំនួន១០៥នាក់ បញ្ជូនទៅពន្ធនាគារ ព្រមទាំងដកហូតវត្ថុតាង បានមួយចំនួនផងដែរ។
លោក អេង តែតតា បានស្នើឲ្យ មាតាបិតា អាណាព្យាបាលរបស់យុវជន យុវនារីដែលញៀនគ្រឿងញៀន ស្ថិតក្នុងស្ថានភាព ជាជនរងគ្រោះធ្ងន់ធ្ងរជាងកូនចៅ ដែលរងគ្រោះដោយសារគ្រឿងញៀនទៅទៀត ។ ពួកគាត់ត្រូវសម្រក់ទឹកភ្នែកដោយសារកូន ពួកគាត់ត្រូវអស់ប្រាក់កាស ដោយសារកូន បាត់បង់កិត្តិយសដោយសារកូន ហើយកាន់តែធ្ងន់ធ្ងរនៅពេលដែលកូនទៅ គម្រាម និងប្រើអំពើហិង្សាលើ ឪពុកម្តាយ ដើម្បីទារលុយទិញគ្រឿងញៀនយកទៅប្រើប្រាស់។
លោក ស៊ុ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានអញ្ជើញ ជាអធិបតី ចូលរួមក្នុងពិធីនេះ បានអំពាវនាវ ដល់ស្រទាប់យុវវ័យ សិស្សានុសិស្ស ប្រជាពលរដ្ឋ ត្រូវដើរជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះ គ្រឿងញៀនមិនត្រឹមតែបំផ្លាញខ្លួនឯងនោះទេ គឺវាបានបំផ្លាញអ្នកនៅវិញខ្លួន និងសង្គមជាតិទាំងមូលផងដែរ។
ជាងនេះទៅទៀតលោក ស៊ុ រុំ សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបញ្ចប់ពិធីផ្សព្វផ្សាយនេះទៅ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ និងបានយល់ជ្រួតជ្រាបកាន់តែច្បាស់អំពីឥទ្ធិពល មហន្តរាយ និងផលលំបាក ដែលកើតមានពីការផលិត ការជួញដូរ ការចរាចរ ការរក្សាទុក និងការចែកចាយនូវគ្រឿងញៀនខុសច្បាប់ ទៅពន្យល់ផ្សព្វផ្សាយបន្តជូនបងប្អូន មិត្តភក្តិ ក្រុមគ្រួសារ ដើម្បីចូលរួមទប់ស្កាត់ លុបបំបាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយគ្រប់គ្នាត្រូវឆ្លើយថា «ទេ» ចំពោះគ្រឿងញៀន៕