(កណ្តាល)៖ អនុប្រធានក្រុមការងារ ចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលជា ប្រជាពលរដ្ឋ នៅភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់។
លោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងថា ក្រុមការងាររបស់លោក ចុះមកសំណេះសំណាលនេះ គឺចង់ដឹងពីទុក្ខលំបាក បងប្អូន ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាក ហើយបានសំណូមពរមកក្រុមការងារ គឺក្រុមការងារ និងជួយដោះស្រាយ។
លោកម៉ក់ ពេជ្ជរិទ្ធ បានបញ្ជាក់ថា អ្វីដែលសំខាន់ សូមលោកមេភូមិ-មេឃុំ ដែលជាសេនាធិការ អោយក្រុមការងារ ចុះជួយមូលដ្ឋាន ត្រូវចុះជាប់ជាប្រចាំក្តាប់ព័ត៌មានឲ្យបានជាប្រចាំ ហើយរាយការណ៍ ពីតំរូវការ និងសំណូមពរ របស់ប្រជាពលរដ្ឋ មកក្រុមការងារដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់ បើមេភូមិមិនរាយការណ៍ តើក្រុមការងារ គណៈពង្រឹងណាដឹង។
លោកប្រធានក្រុមការងារបានបន្តថា អនុវត្តតាមប្រសាសន៍ ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលតែងតែផ្តាំផ្ញើដល់ក្រុមការងារ ត្រូវចុះតាមមូលដ្ឋាន ដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋមិនឲ្យប្រជាពលរដ្ឋណាម្នាក់ អត់អង្ករច្រកឆ្នាំនោះឡើយ។
ជាមួយគ្នានោះ ក៏មានប្រជាពលរដ្ឋ ឡើងមានសំណូមពរ អំពីទុក្ខលំបាករបស់ពួកគាត់ ដូចជា សុំជួយជួសជុលផ្លូវ ក្នុងភូមិ ប្រជាពលរដ្ឋខ្លះ ខ្វះខាតថវិកា ក្នុងការព្យាបាលជំងឺ, សិស្សសាលា សុំកង់ ដើម្បីជិះជាមធ្យោបាយទៅសាលា ,ប្រជាពលរដ្ឋខ្វះថវិកា សម្រាប់ទិញសម្ភារជួសជុលផ្ទះ, រាល់ទុក្ខលំបាកទាំងអស់នោះ ត្រូវបានលោកប្រធានក្រុមការងារ និងយកសំណើទាំងនេះ ទៅពិនិត្យនិងដោះស្រាយជូន។
ជាមួយនិងការសំណេះសំណាល ក្រុមការងារ ក៏ផ្តល់អំណោយជាមី ក្នុង១គ្រួសារៗ ចំនួន១កេះ ចំពោះស្ត្រីដែលឆ្លងទន្លេ ទទួលបានថវិការ២០ម៉ឺនរៀល គ្រប់ក្រុមគ្រួសារទាំងអស់ ហើយសកម្មភាពទាំងនេះ និងបន្តជួយរហូត។
បន្ថែមលើសពីនេះ លោកម៉ក់ ពេជ្ជរិទ្ធ ក៏បានឧបត្ថម្ភ កង់ម្នាក់មួយគ្រឿង ជូនដល់ប្រជាការពារភូមិ ភូមិធំ ដើម្បីជិះបម្រើការងារក្នុងភូមិផងដែរ៕