(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ រហូតឈានទៅ ដល់ការចាប់ខ្លួនជនជួញដូរគ្រឿងញៀន៣នាក់ ក្នុងនោះម្នាក់ ជាអ្នកម៉ៅការសំណង់ នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចអូរ២ ក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ត្រី ឆេង វុទ្ធី ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា បន្ទាប់ពីទទួលបញ្ជាផ្ទាល់ពីមេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី លើការចុះបង្ក្រាបករណីគ្រឿងញៀននេះ លោកបានដឹកនាំ កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋាន អ-ហ ក្រុងព្រះសីហនុ សរុប៨នាក់់ ចុះទៅបង្ក្រាបជាក់ស្តែងដោយ ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន១១កញ្ចប់ និងម៉ូតូ២គ្រឿងផងដែរ។
លោក ឆេង វុទ្ធី បានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះ វ៉ាត់ នៀង អាយុ២២ឆ្នាំ មុខរបរ កម្មកសំណង់ មានទីលំនៅ ក្រុម១២ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ទី២-ឈ្មោះ ឡេ ធីហ៊ាន់ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិវៀតណាមមុខរបរបុគ្គលិកហាង ខារ៉ាអូខេ មានស្រុកកំណើត ភូមិថ្មី ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងទី៣-ឈ្មោះ ភួង គឿន អាយុ២៦ឆ្នាំ មុខរបរម៉ៅការសំណង់ មានទីលំនៅ ឃុំព្រែឃ្មុំ ស្រុកកំពត ខេត្តកំពត។
ក្រៅពីការដកហូតថ្នាំញៀនទាំង១១កញ្ចប់ និងម៉ូតូ២គ្រឿងនោះ កម្លាំងអាវុធហត្ថក៏បានដកហូតវត្ថុតាងមួយចំនួនទៀតរួមមាន៖ ទូរសព្ទ័ដៃ២គ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យជំនាញ កំពុងអនុវត្តតាម នីតិវិធីច្បាប់បន្តទៀត៕