(ភ្នំពេញ)៖ ពិតជារឿងមួយនឹកស្មានមិនដល់មែន សម្រាប់តារាល្បីៗជាច្រើនដួង បាននាំគ្នាសម្រក់ទឹកភ្នែក មិនចេះខ្មាសគេ នៅថ្ងៃទទួលពានក្នុងកម្មវិធី «Apsaras Award» នៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីពួកគេ បានចំណាយពេលប្រកួតប្រជែង អស់រយៈពេល១១ ខែកន្លងមក។ ការសម្រក់ទឹកភ្នែករបស់តារាល្បីៗ នាយប់មិញនេះ មិនមែនមានន័យថា មានតារាខ្លះបានពាន និងតារាខ្លះមិនទទួលបានពាននោះទេ ពោលពួកគេម្នាក់ៗ គឺទទួលបានទាំងអស់គ្នា ប៉ុន្តែដោយសារតែរំភើបចិត្តខ្លាំងពេក ទប់អារម្មណ៍មិនជាប់ ក៏សម្រក់ទឹកភ្នែកតែម្ដង ព្រោះមិននឹកស្មានថា ក្នុងជីវិតជាអ្នកសិល្បៈ មានថ្ងៃដ៏ពិសេសនេះ សម្រាប់ខ្លួនឯងឡើយ។
នៅក្នុងកម្មវិធី ទស្សនិកជន បានសង្កេតឃើញ តារាល្បីៗជាច្រើនយំ នៅពេលត្រូវពិធីករ ប្រកាសឈ្មោះ ដើម្បីមកទទួលពាន ក្នុងកម្មវិធី «Apsaras Award»។ កម្មវិធី «Apsaras Award» រដូលកាលទី៣ របស់ទូរទស្សន៍អប្សរា ឆ្នាំ២០១៦ បានឈានដល់វគ្គបិទបញ្ចប់ ហើយកម្មវិធីប្រគល់ពាន ត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មាន, មន្ត្រីក្រសួងវប្បធម៌ អ្នករៀបចំកម្មវិធី និងតារាល្បីៗមកពីគ្រប់ជំនាន់។
ក្នុងឱកាសនោះ តារាដែលលើកពានទាំង២០រូប (ប្រុស១០រូប) ត្រូវបានធ្វើពិធីប្រកាសលទ្ធផលរៀងៗខ្លួន នូវជំនាញដែលខ្លួនបានសម្តែង ដែលជាប្រភេទវិញ្ញាសារទម្រង់សិល្ប:គ្រប់ទម្រង់ មានយីកេ ល្ខោន បាសាក់ អាយ៉ៃ ការសម្តែងសាច់រឿង ចម្រៀងសម័យ សៀកព្រមទាំងវិញ្ញាសារជាច្រើនទៀតផងដែរ។ នេះជារយៈពេលមួយឆ្នាំពេញ គិតតាំងពីដើមឆ្នាំ២០១៦ មកទល់ចុងឆ្នាំ ដែលតារាមានឈ្មោះ ទាំង២០រូបត្រូវចូលខ្លួន មកប្រកួតកម្មវិធីនៅប៉ុស្តិ៍អប្សរានេះ ក្រោមការតាមដានវិនិច្ឆ័យ ពីគណកម្មការ ជាប់រហូតមក ទាំងការគោរពពេលវេលា វិន័យ និងសុជីវធម៌ជាដើម។ ទើបបេក្ខជន-បេក្ខនារីទាំងអស់ខ្លះ អួលដើមក ខ្លះបង្ហូរទឹកភ្នែក នៅលើឆាកផ្សាយផ្ទាល់ទាំងអារម្មណ៍ត្រេកអរ គ្រាដែលការតស៊ូ តាំងពីដំបូង នៃសិល្ប:បានសម្រេចគោលដៅ។
លោកហ្វៃ សំអាង អ្នករៀបចំកម្មវិធីសិល្ប: ពោរពេញដោយបទពិសោធន៍អស់ជាច្រើនឆ្នាំ បានថ្លែងឲ្យដឹងថា ទំរាំតែតារាទាំងអស់ លើកពាន គឺពួកគេលត់ដំវិញ្ញាសាអស់ជាច្រើនទម្រង់ ក្នុងផ្នែកសិល្ប:ធ្វើការងារសិល្ប: ហត់នឿយណាស់ពោលចង់ឲ្យគាត់ ចេះសម្តែងចេះគោរពពេលវេលា មិនមែនគ្រាន់ តែស្អាតហើយស្រលាញ់សិល្ប: សម្តែងមិនកើត លេងមិនសមនោះទេ។
លោកបន្តថា ដូចនេះ «Apsaras Award» តែងតែលើកស្ទួយសិល្ប:វប្បធម៌ខ្មែរ ទាំងបុរាណនិងសម័យជារៀងរហូតមក ហើយនេះជារដូលកាលទីបី ដោយយើងនឹងនៅតែបន្តរដូលកាល ក្រោយទៀត មិនមែនជាការបិទបញ្ចប់កម្មវិធីនេះទេ។
សូមបញ្ជាក់ថា ពានរង្វាន់មនោសញ្ចេតនា និងកម្សត់បានល្អ បានទៅលើ លោកយឹម សម្បត្តិ, ពានរង្វាន់មនោសញ្ចេតនាកំប្លែង និងឈ្លើយបានល្អ បានលើលោក នរ: កក្កដា, ពានរង្វាន់មនោសញ្ចេតនា និងកាចបានល្អ បានលើកញ្ញា ម៉ិច ម៉ានីកា, ពានរង្វាន់មនោសញ្ចេតនា និងកម្សត់បានល្អ បានលើ កញ្ញា អាង សូនីតា, ពានរង្វាន់មនោសញ្ចេតនា កម្សត់ និងកាចបានល្អ បានលើកញ្ញា ដួង ម៉ានិច, ពានរង្វាន់មនោសញ្ចេតនា កម្សត់ និងកំប្លែងបានល្អ បានលើ លោកប្រាក់ ប៉ាកន, ពានរង្វាន់មនោសញ្ចេតនា កម្សត់និងកំប្លែងបានល្អ បានលើលោកឌីម ឧត្តម, ពានរង្វាន់មនោសញ្ចេតនា កម្សត់ និងកំប្លែងបានល្អ បានលើលោក ណារ៉ា, ពានរង្វាន់មនោសញ្ចេតនាកម្សត់ និងកំប្លែងបានល្អ បានលើលោក ដែន សក្កដា, ពានរង្វាន់មនោសញ្ចេតនាកម្សត់ និងកំប្លែងបានល្អ បានលើលោក ម៉ាដូណា, ពានរង្វាន់មនោសញ្ចេតនា កំប្លែងនិងកាចបានល្អ បានលើលោក រតន: វិសិដ្ឋ។
ចំណែកពានរង្វាន់គោរពពេលវេលាល្អឥតខ្ចោះ១០រង្វាន់ បានទៅលើ កញ្ញា អ៉ឹង និមល លោក ថមមី អ្នកនាង និន សុធារ៉ា លោកលាង ឧត្តម កញ្ញាឌី សូនីតា លោក ណារ៉ា លោក រតន: វិសិដ្ឋ លោក ដែន សក្កដា លោក ឌីម ឧត្តម និងកញ្ញា ដួង ម៉ានិច។ ពានរង្វាន់ស៊ុបពើស្តារ បានលើ កញ្ញា លី ច័ន្ទសីហា លោក លាង ឧត្តម អ្នកនាង ស៊ុន ណារីម៉ូនីកា លោក ថម មី អ្នកនាង និន សុធារ៉ា និង កញ្ញា ឌី សូនីតា៕