នាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ៖ ជំនួបមាតាបិតាជាមួយគ្រូបង្រៀន ជាការសហការគ្នា ពង្រឹងសមត្ថភាព និងតាមដានការសិក្សារបស់សិស្ស
10-12-2016 11:31
(ភ្នំពេញ)៖ អ្នកឧកញ៉ា ប៊ុន ណារី នាយិកាសាលាញូវហ្គេតវ៉េអន្តរជាតិ បានប្រាប់ឲ្យដឹងថា ជំនួបមាតាបិតាជាមួយគ្រូបង្រៀន ជាការសហការគ្នា ពង្រឹងសមត្ថភាព និងតាមដានការសិក្សារបស់សិស្ស ហើយក៏ជាការបង្កើតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្នា រវាងមាតាបិតាសិស្ស ជាមួយគ្រូបង្រៀន ដើម្បីផ្លាស់ប្តូរយោបល់គ្នា លើការរីកចម្រើន និងចំណុចអសកម្មមួយចំនួន ដែលត្រូវបានយកចិត្តទុកដាក់បន្ថែម ដើម្បីអភិវឌ្ឍន៍របស់កូនៗលើផ្នែកចំណេះដឹង បំនិន និងឥរិយាបថ ជាពិសេសការពង្រឹងផ្នែកអប់រំប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។
អ្នកឧកញ៉ានាយិកា បានបន្ថែមថា ការចូលរួមរបស់មាតាបិតាសិស្ស នាពេលនេះ ជាការលើកទឹកចិត្តមួយដល់កូនៗ ព្រោះថា ដើម្បីឲ្យការសិក្សាទទួលបានជោគជ័យ មិនមែនពឹងផ្អែកទាំងស្រុងទៅលើសាលារៀននោះទេគឺទាមទារឲ្យមានការសហការ យ៉ាងសកម្ម រវាងសាលារៀន និងមាតាបិតាសិស្ស ទើបពួកគាត់ទទួលបានលទ្ធផលល្អប្រសើរ។
អ្នកឧកញ៉ា ប៊ុន ណារី បានលើកឡើងនៅកម្មវិធី«ជំនួបរវាងមាតាបិតា អាណាព្យាបាលសិស្ស ជាមួយ លោកគ្រូ អ្នកគ្រូ» រៀបចំដោយ សាលាញូវហ្គេតវ៉េអន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ។
នៅក្នុងកម្មវិធីនោះ មានការចូលរួមពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស ក្នុងគោលបំណងទទួលនូវ លទ្ធផល របស់កូនៗជុំវិញបញ្ហាការសិក្សា អាប្បកិរិយា ក៏ដូចជាបញ្ហាសុខុមាលភាពរបស់បុត្រធីតារបស់ពួកកាត់ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា នាយិកាសាលា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមាតា បិតា អាណាព្យាបាល សិស្ស ដែលបានឆ្លៀតពេលវេលា ដ៏មានតម្លៃ អញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។
គួរបញ្ជាក់ថា កម្មវិធីនេះ សាលាញូវហ្គេតវ៉េអន្តរជាតិ ប្រារព្ធធ្វើឡើង រៀងរាល់ត្រីមាសម្តង ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី សំណាក់មាតាបិតា អាណាព្យបាលសិស្សគ្រប់រូប។
ចំពោះកម្មវិធីនេះ គឺពិតជាមានសារសំខាន់បំផុតដែលមិនអាច កាត់ថ្លៃបាន ដើម្បីញុំាងឲ្យបុត្រាបុត្រីគ្រប់រូបទទួលបានជោគជ័យ ក្នុងការសិក្សា ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ និងក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ និងពលរដ្ឋល្អ ដើម្បីចូលរួមចំណែក ក្នុងការកសាង និងអភិវឌ្ឍខ្លួនឯង គ្រួសារ សង្គមជាតិ នាពេលអនាគត៕