(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលជាដៃគូសន្ទនាថ្មីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថាលោកនឹងពិភាក្សាជាមួយគណបក្សកាន់អំណាច ដើម្បីធ្វើវិសោធនកម្មច្បាប់ ដែលអាចឱ្យពលករខ្មែរ នៅក្រៅប្រទេស មានឱកាសចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០១៨។
ទោះជាយ៉ាងណា ប្រធានក្រុមមតិភាគតិច នៅក្នុងរដ្ឋសភាថ្មីរូបនេះ មិនទាន់ប្រាកដថា គម្រោងសំណើនោះនឹងទទួលបានជោគជ័យ ឬយ៉ាងណានោះទេ ប៉ុន្តែលោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ក្នុងការពិភាក្សាជាមួយដៃគូនានារបស់លោក នៅក្នុងរដ្ឋសភា។
ថ្លែងនៅក្នុងឱកាសពិធីអបអរសាទរដល់ទិវាសិទ្ធិមនុស្សអន្តរជាតិ នាទីស្នាក់ការរបស់គណបក្សនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ លោក កឹម សុខា បានទទួលស្គាល់នូវផលវិបាករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមិនអាចធ្វើតាមសំណើ របស់គណបក្សប្រឆាំង និងពលករខ្មែរ ក្នុងការរៀបចំចុះឈ្មោះបោះឆ្នោតដល់ពលករនៅក្រៅប្រទេស។ លោកថា កត្តានេះ មិនមែនមកពី គ.ជ.បនោះទេ ប៉ុន្តែដោយសារតែច្បាប់ពុំអនុញ្ញាត ហើយគ.ជ.ប គ្រាន់តែធ្វើទៅតាមច្បាប់ប៉ុណ្ណោះ។
លោក កឹម សុខា បានថ្លែងថា «យើងបន្ទោសគាត់អត់បានទេ ! ម៉េចបានជាយើងបន្ទោសគ.ជ.ប មិនបាន ព្រោះគ.ជ.ប គាត់អនុវត្ត តាមតែច្បាប់ទេ។ ច្បាប់គេឱ្យគាត់ធ្វើប៉ុណ្ណា គឺគាត់ធ្វើបានតែប៉ុណ្ណឹង»។ លោកបានបន្ថែមថា «ខ្ញុំក្នុងនាមគណបក្សសង្រ្គោះជាតិ ខ្ញុំនឹងពិភាក្សាជាមួយដៃគូ នៅក្នុងគណបក្សប្រជាជនកម្ពុជា ដើម្បីពិនិត្យលទ្ធភាព ធ្វើច្បាប់ ឬវិសោធនកម្មច្បាប់ហ្នឹង ដើម្បីផ្តល់ឱកាស ឱ្យបងប្អូនខ្មែរយើងដែលមានសិទ្ធិបោះឆ្នោតនោះ បានចុះឈ្មោះបោះឆ្នោតទៅតាមលទ្ធភាព ជាដំណាក់ៗ។ ប៉ុន្តែឥឡូវហួសហើយ នៅឆ្នាំ២០១៨ទៀត ណាបងប្អូន»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានឱ្យដឹងថា គ.ជ.ប រង់ចាំអនុវត្តតាមច្បាប់ បើសិនជាមានវិសោធនកម្មច្បាប់បោះឆ្នោតមែននោះ។ លោកថា បើគណបក្សទាំងពីរធ្វើវិសោធនកម្ម, ការចុះឈ្មោះបោះឆ្នោត នឹងធ្វើបាននៅអំឡុងឆ្នាំ២០១៧ សម្រាប់តែការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ប៉ុណ្ណោះ។ ដោយឡែកការចុះឈ្មោះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ហួសពេលហើយ។ លោកថ្លែងថា «បើមានវិសោធនកម្ម ឆ្នាំ២០១៧ អាចធ្វើទៅបាន ប៉ុន្តែសម្រាប់តែការចុះឈ្មោះឆ្នាំ២០១៧។ ឯការបោះឆ្នោតឆ្នាំ២០១៧នេះ ហួសពេលហើយ»។
តាមផែនការ លោក កឹម សុខា បានបញ្ជាក់ថា លោកចង់ឱ្យរាជរដ្ឋាភិបាលរៀបចំកន្លែង សម្រាប់ការចុះឈ្មោះ របស់ពលករនៅក្រៅប្រទេស នៅទីតាំងស្ថានទូតខ្មែរ ឬស្ថានអគ្គកុងស៊ុលនៃ ប្រទេសដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើន ដើម្បីផ្តល់ឱកាសដល់ពួកគេ មានសិទ្ធិសម្រេចក្នុងការជ្រើសរើសមេដឹកនាំក្នុងប្រទេសរបស់ខ្លួន។
សូមបញ្ជាក់ថា លោក កឹម សុខា ទើបនឹងបានទទួលព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ តាមសំណើរបស់ សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ លោក កឹម សុខា ក៏ត្រូវបានរដ្ឋសភា ប្រកាសទទួលស្គាល់ប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ជំនួស លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិផងដែរ៕