(បន្ទាយមានជ័យ)៖ ក្នុងជំនួបសំណេះសំណាល​ជាមួយអតីត​យុទ្ធជន​នៅស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគមអតីតយុទ្ធជន បានជំរុញឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននៅខេត្តទាំងអស់ចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាព របស់អតីតយុទ្ធជនឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដោះស្រាយបញ្ហា និងចំទិសដៅស្រាប់អតីតយុទ្ធជន ដែលកំពុងជួបការលំបាក នៅក្នុងជីវភាព។

ក្នុងជំនួបសំណេះសំណាលដែលធ្វើឡើងនាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា ថ្នាក់ដឹកនាំសមាគមខេត្ត ក្រុង ស្រុក និង សាខាឃុំ សង្កាត់ ត្រូវចុះពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់លាស់អំពីស្ថានភាពជាក់ស្តែងរបស់គ្រួសារអតីតយុទ្ធជន ដែលមានដី តែមានផ្ទះមិនសមរម្យ រួមជាមួយអ្នកអត់ទាំងដី អត់ទាំងផ្ទះពិតប្រាកដ ដើម្បីបូកសរុបរាយការណ៍ជូនអគ្គលេខាធិការដ្ឋាន រៀបចំផែនការស្នើសុំការសម្រេចពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមជួយអន្ត រាគមន៍ដោះស្រាយការលំបាកជូនអតីតយុទ្ធជន។

នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា «បងប្អូនទាំងនេះសុទ្ធតែជាវីរយុទ្ធជន ដែលឆ្លងកាត់ការតស៊ូប្រយុទ្ធការពារទឹកដី និងប្រជាជន រហូតពលី ពិការ និង បាត់បង់សមត្ថភាពការងារ ជាអ្នកដែលមានគុណបំណាច់ធំធេងណាស់ចំពោះជាតិ ប៉ុន្តែជីវភាពរស់នៅរបស់បងប្អូន ជាទូទៅមិនដូចគ្នាទេ។ ក្រោយការផ្ទេរជីវភាពទៅជាជនស៊ីវិលនៅមូលដ្ឋាន អតីតយុទ្ធជនយើងខ្លះ មានសុខភាពទ្រុឌទ្រោម ហើយទ័លក្រ»

នាយឧត្តមសេនីយ៍អគ្គលេខាធិការ បានបន្តថា «នេះជាក្តីកង្វល់ និងជាបន្ទុកដ៌ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាល ក៏ដូចជាសមាគម ដែលចាំ បាច់ត្រូវរិះរកគ្រប់​លទ្ធភាព និងមធ្យោបាយ ក្នុងការជួយដោះស្រាយសំរាលទុក្ខលំបាករបស់បងប្អូន ពិសេសការផ្តល់ទីជំរកសមរម្យជូនបងប្អូន ដែលមានដីជាកម្មសិទ្ធិ​ផ្ទាល់ខ្លួនស្រាប់ និងស្នើសុំរាជរដ្ឋាភិបាល ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ចជូនអតីតយុទ្ធជន ដែលក្រលំបាកពិតប្រាកដ ដើម្បីមានផ្ទះស្នាក់នៅ និងមានដីសម្រាប់បង្កបង្កើនផលដោះស្រាយជីវភាព»

តាមរយៈនៃការធ្វើបច្ចុប្បន្នភាពនាពេលកន្លងទៅនៅទូទាំងខេត្តបន្ទាយមានជ័យ មានអតីតយុទ្ធជនដែលទ័លលំបាក ៣២៥គ្រួសារ ក្នុងនោះស្រុកអូរជ្រៅ មានសមាជិកសមាគមអតីតយុទ្ធជនមានដីតែមានផ្ទះមិនសមរម្យ ១៣គ្រួសារ និង គ្មានដី គ្មានផ្ទះ សម្បែងចំនួន ១៨គ្រួសារ។

ក្រោយពិនិត្យទៅលើស្ថានភាពជាក់ស្តែង នាយឧត្តមសេនីយ៍ គន់ គីម បានលើកសំណើសុំសម្តេចតេជោ ហ៊ុន សែន សាងសង់ផ្ទះ ៣ខ្នង ជូនសមាជិកសមាគម​ចំនួន ៣គ្រួសារ ក្នងស្រុកអូរជ្រៅ ដែលកំពុងមានជីវភាពទីទ័លលំបាក។ គ្រួសារអតីតយុទ្ធជនទាំង៣គ្រួសារ ដែលស្នើសុំសាងសង់ផ្ទះជូន ហើយសម្តេចតេជោ ក៏បានឯកភាពរួចរាល់ហើយនោះរួមមាន៖ យោធិនពិការ ឈ្មោះ ធុច ថាវី ស្ថិតនៅភូមិ ថ្មី ឃុំកូប, យោធិនពិការ ឈ្មោះ ចឹក សី រស់នៅភូមិ ឃុំសំរោង និង យោធិនចូលនិវត្តន៍ ឈ្មោះ ប៊ី ប៊ុន រស់នៅភូមិស្នួលទ្រេត ឃុំ អូរបីជាន់។

អតីតយុទ្ធជនទាំង ៣គ្រួសារ បានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ផ្ទះស្នាក់នៅដល់ពួកគាត់ ក្នុងគ្រាកំពុង​ជួបលំបាក ព្រមទាំងប្រកាសដឹងគុណ និង គាំទ្រសម្តេចតេជោជាមេដឹកនាំជារៀងរហូតផងដែរ៕