Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានមន្ទីរសេដ្ឋកិច្ច​ខេត្តរតនគិរី ច្រានចោល​​ព័ត៌មាន​​ចោទប្រកាន់ថា មានការរាំងស្ទះ​ដកលុយ យកមកប្រើប្រាស់​តាមអង្គភាព​

10-12-2016 10:48

(រតនគិរី)៖​ លោកទន់ សុថារ័ត្ន និងលោកប៉ែន ហេង ប្រធាន-អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរតនគិរី បានច្រានចោលរឿង រាំងស្ទះដកលុយយកមកប្រើប្រាស់ តាមអង្គភាពចំណុះឲ្យរដ្ឋបាលសាលាខេត្តរតនគិរី។

ប្រធានមន្ទីររូបនេះ បានបកស្រាយថា ការដែលខាងមន្ទីរមិនបានដកលុយទៅឲ្យអង្គភាពទាំងនោះដោយសារតែ ពួកគេមិនបានបំពេញឯកសារ ត្រឹមត្រូវតាមនីតិវិធី។

ការចេញមុខមកបកស្រាយរបស់ លោកទន់ សុថារ័ត្ន និង លោកប៉ែន ហេង​ បានធ្វើឡើងក្រោយពីមានព័ត៌មានថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅតាមអង្គភាពផ្សេងៗ ចំណុះឲ្យរដ្ឋបាលសាលាខេត្តរតនគិរី បានចេញមកបង្ហាញការត្អូញត្អែរ និងរិះគន់យ៉ាងខ្លាំង ដល់ប្រធាន-អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តភាគឥសាន្តមួយនេះ ដោយាសារតែ ពួកគេ ទាំង២នាក់ មិនបានបំពេញការងារឲ្យមានប្រសិទ្ធភាពនោះទេ ពោលធ្វើឲ្យមានការរាំងស្ទះ យ៉ាងខ្លាំងដល់ការដកថវិកាទៅដល់អង្គភាពផ្សេងៗ ដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃ។

ថ្នាក់ជាន់ខ្ពស់ និងមន្រ្តីរាជការមួយចំនួននៅក្នុងខេត្តបានថ្លែងថា «លោក ទន់ សុថារ័ត្ន ប្រធានមន្ទីរ និងលោក ប៉ែន ហេង ជាអនុប្រធានមន្ទីរ អសកម្មការងារណាស់ មិនសាកសមជាថ្នាក់ដឹកនាំនោះទេ បង្ករាំងស្ទះដល់អង្គភាពផ្សេងៗ ចំណុះឲ្យរដ្ឋបាលខេត្តរតនគិរី ពាក់ព័ន្ធនឹងការ ដកថវិកាយកមកប្រើប្រាស់»

បើតាមមន្រ្តីទាំងនេះ ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ លោកប្រធាន និងអនុប្រធាន មិនមានវត្តមាន ក្នុងការិយាល័យធ្វើការនោះទេ បែរជានាំគ្នាអង្គុយក្រៅរបងមន្ទីរ​ក្នុងរោងលក់កាហ្វេ អង្គុយផឹកស៊ីយ៉ាងសប្បាយទៅវិញ ក្រោមរូបភាពគាស់កំប៉ុងស្រាបៀរ ដាក់ក្នុងប៉ាន់តែ ស្រវឹងដាបទាំងព្រឹកតែម្តង៕