(ភ្នំពេញ)៖ អតីតសិស្សសាលាចតុមុខនឹងរៀបចំកម្មវិធីជួបជុំគ្នា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង៣៖០០រសៀល ដល់ម៉ោង៨៖០០យប់ ក្នុងគោលបំណង ដើម្បីរំលឹកគុណដល់លោកគ្រូអ្នកគ្រូ និងផ្តល់ ឱកាសឱ្យអតីតសិស្សសាលាចតុមុខទាំងអស់បានរំលឹកឡើងវិញ នូវអនុស្សាវរីយ៍ពីអតីតកាល ដែលធ្លាប់សិក្សារៀន សូត្រ បន្ទប់ធ្លាប់រៀន បរិវេណសាលាដែលធ្លាប់រត់លេង កន្លែងដែលធ្លាប់ទិញនំចំណីជាមួយមិត្តភក្តិ ចង់ជួបមិត្តដែលធ្លាប់ប្រឡែងគ្នា និងជាពិសេស ចង់ជួបលោកគ្រូអ្នកគ្រូ ដែលធ្លាប់បង្ហាត់បង្រៀន។

កម្មវិធីនេះនឹងប្រមូលថវិការជូនលោកគ្រូអ្នកគ្រូសាលាចតុមុខទាំងខាងបថមសិក្សាទាំងខាងអនុវទ្យាល័យនិងទាំងលោកគ្រូអ្នកគ្រូចតុមុខដែលចូល​និវត្តន៍​ សរុបទាំងអស់២៣៩នាក់។

តាមសម្តីអ្នករៀបចំកម្មវិធី​ លោកគ្រូអ្នកគ្រូម្នាក់ៗនឹងទទួលបានថវិកា១លានរៀល ឯថវិកាសេសសល់ នឹងដាក់ចូលជាមូលនិធិគ្រូសាលាចតុមុខ សម្រាប់ជួយពួកគាត់នៅគ្រាមានធុរ:ដូចជា ឈឺថ្កាត់​ ចូលនិវត្ត​ ឬស្លាប់​ តាមលក្ខន្តិករបស់ពួកគាត់។​

ឆ្លើយតបនឹងបញ្ហា​និរន្តរភាព​ អ្នករៀបចំកម្មវិធីបានឲ្យដឹងថា មូលនិធិនេះនឹងបន្តរស់តាមរយៈការលក់របស់​អនុស្សាវរីយ៍​ដូចជាអាវយឺត​ កាបូប​ និងរបស់ផ្សេងៗទៀតបន្ថែមលើភាគទានលោកគ្រូអ្នកគ្រូ​ និងវិភាគទានអតតីសិស្សចតុមុខដែលបន្តទទួលក្រោយកម្មវិធីថ្ងៃនេះនឹងគ្រប់គ្រងដោយលោកគ្រូអកគ្រូផ្ទាល់ប្រកបដោយតម្លាភាព។​

ជាទីបញ្ចាប់អ្នករៀបចំកម្មវិធី បានអំពាវនាវសូមឲ្យ​សប្បុរសជន​ ចូលរួមឲ្យបានច្រើន​កុះករ​  តាមកម្មវិធីខាងក្រោមទោះជាអតីតសិស្សចតុមុខក្តីឬ សិស្សសាលាផ្សេង​ ព្រោះកាធ្វើបុណ្យជាមួយគ្រូគឺដើម្បីជួយសង្គមយើងទាំងអស់គ្នា។

ទទួលបានព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងាររៀបចំពិធីតាមទូរសព្ទ័លេខ៖ ០១២ ៥០០ ៥៣២ / ០៨១ ៥០០ ៥៣២៕