(ពោធិ៍សាត់)៖ យុវជនឈាមរាវ ជិះម៉ូតូDream ស៊េរី២០១១ ឌុបគ្នា៣នាក់ ក្នុងស្ថានភាពស្រវឹង និងក្នុងស្ថានភាព​ផ្លូវក្រាលគ្រួស​ក្រហមដីហុយ​មើលមិនឃើញ​ផងនោះ បានទៅ​ព្រលះ និងកង់គោយន្តកន្ត្រៃ ក្នុងទិសដៅ​បញ្ច្រាស់​ទិសគ្នា បណ្តាលឲ្យរបួស​ធ្ងន់ទាំង៣នាក់ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ បានកើតឡើង​​កាលពីល្ងាច ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច​ផ្លូវក្រាលគ្រួស​ក្រហមមួយខ្សែ ស្ថិតក្នុង​ភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការ​នគរបាល​ស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍​ខាងលើនេះ បណ្តាលមក​ពីអ្នកបើកម៉ូតូ​ឈ្មោះ នី មនូ ភេទប្រុស អាយុ២១ឆ្នាំ បើកបរស្ថិតក្នុងស្ថានភាព​ស្រវឹង និងក្នុងស្ថានភាព​ផ្លូវក្រាលគ្រួសក្រហម ដីហុយមើលមិនឃើញ បានជិះម៉ូតូឌុបគ្នា​ម៉ាកHonda Dream ព័ណ៌ខ្មៅ ស៊េរី២០១១ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-7620 រួមដំណើរ​ដោយ ទី១- ឈ្មោះ ឡាំ លឿន ភេទប្រុស អាយុ ២០ឆ្នាំ និងទី២- ឈ្មោះ អៀង ចិន្តា ភេទប្រុស អាយុ ២២ អ្នកទាំង៣រស់នៅ​ភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបើកម៉ូតូពីត្បូងទៅជើង។លុះមកដល់ចំណុចកើតហេតុ​ខាងលើបាន​ទៅបុក​ព្រលះនិងកង់គោយន្តកន្ត្រៃ ពីមុខ​ផ្នែក​​ខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់ ភាគីម៉ូតូទាំង៣នាក់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់។

បច្ចុប្បន្នវត្ថុតាង គោយន្តកន្ត្រៃ និងម៉ូតូ ត្រូង​បានយកមក​រក្សាទុក នៅអធិការដ្ឋាន​នគរបាល​ស្រុកក្រគរ រងចាំដោះស្រាយ​គ្នានៅពេលក្រោយ៕