(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ គឺជាខួបលើកទី៦៨ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ។ នៅប្រទេសកម្ពុជា ទាំងរាជរដ្ឋាភិបាល, គណបក្សប្រឆាំង និង អង្គការសង្គមស៊ីវិល បានរៀបចំពិធីអបអរដល់ទិវានេះរៀងៗខ្លួន។
តាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល បានឱ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធី អបអរដល់ខួបលើកទី៦៨ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តីទទួលបន្ទុកដឹកនាំគណៈកម្មការសិទ្ធិមនុស្ស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និង លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដោយមានការចូលរួមពីមន្រ្តីរាជការ និងប្រជាពលរដ្ឋ ប្រមាណ៤ពាន់នាក់។
ចំណែកឯគណបក្សសង្រ្គោះជាតិវិញ ក៏នឹងរៀបចំពិធីអបអរសាទរដល់ខួបលើកទី៦៨ នៃទិវាសិទ្ធិមនុស្ស អន្តរជាតិ១០ធ្នូ នៅទីស្នាក់ការកណ្តាលរបស់ខ្លួនផងដែរ ក្រោមអធិបតីភាព លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំសកម្មជនគណបក្សសង្រ្គោះជាតិមួយចំនួនផង។
ដោយឡែកក្រុមអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួន ក៏បានប្រកាសរៀបចំពិធីនេះនៅតាមទីសាធារណៈដូចជា នៅទីលានប្រជាធិបតេយ្យ និងមុខសួនច្បារវត្តភ្នំ ជាដើម ប៉ុន្តែសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យពួកគេរៀបចំប្រារព្ធពិធីនេះ នៅតាមទីសាធារណៈនោះទេ ដោយស្នើឱ្យក្រុមអង្គការសង្គមស៊ីវិល និងសហជីព រៀបចំនៅទីកន្លែងឯងជនវិញ។
ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ តែងត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស ដូចទៅនឹងប្រទេសប្រជាធិបតេយ្យនានា នៅលើពិភពលោកដែរ៕