(ភ្នំពេញ)៖ បន្ទាប់ពីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A រួចមក សិស្សជ័យលាភីក្នុងខេត្តព្រៃវែងចំនួន១២នាក់ បានឱកាសដំណើរទស្សនកិច្ចនៅប្រទេសចិន រយៈពេល ៧ថ្ងៃ ក្រោមការជួយឧបត្ថម្ភផ្ទាល់ពីលោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយពួកគេបានចេញដំណើរនៅវេលាយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។
ក្នុងនាមជាតំណាងរាស្រ្តមួយរូប លោក ស សុខា បានឲ្យដឹងថា ការជួយឧបត្ថម្ភដល់សិស្សខាងលើ បានទៅទស្សនកិច្ចនៅប្រទេសចិននេះ គឺក្នុងគោលបំណង លើកទឹកចិត្តឲ្យពួកគេ បង្កើនការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ឲ្យបានខ្លាំងក្លាថែមទៀត ក្រេបជញ្ជក់យកចំណេះដឹងឲ្យបានជ្រៅជ្រះ ដើម្បីរួមចំណែកអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួន ឲ្យមានភាពរីកចម្រើនដូចប្រទេសដទៃ។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន ខាងលើនេះ មានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១០-១៦ ខែធ្នូ ឆ្នាំ២០១៦ ដែលក្រុមការងារនឹងទៅទស្សនកិច្ច នៅកន្លែងសំខាន់ៗមួយចំនួន រួមមាន៖ ចូលទៅសិក្សាស្វែងយល់នៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យនានា ក៏ដូចជាតំបន់ប្រវត្តិសាស្រ្ត តំបន់អភិវឌ្ឍន៍មួយចំនួន ក្នុងប្រទេសចិន ដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ចាប់យកចំណុចល្អៗ មកអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែម ក្នុងការសិក្សារៀនសូត្របន្តទៅមុខទៀត។
សូមជម្រាបថា លោក ស សុខា តែងតែជំរុញដល់ការសិក្សារបស់សិស្សានុសិស្ស និងអាណាព្យាបាលសិស្សជារឿយៗ ក៏ដូចជាបានលើកទឹកចិត្តដល់ពួកគាត់ កុំឲ្យបោះបង់ការសិក្សា ជាបន្តបន្ទាប់។
ជាក់ស្ដែង សម្រាប់សិស្សានុសិស្ស ក្នុងខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបានប្រឡងបាក់ឌុបជាប់និទ្ទេស A ក៏ធ្លាប់ទទួលបានម៉ូតូម្នាក់១គ្រឿង ដែលជារង្វាន់លើកទឹកចិត្តពី លោក ស សុខា ផងដែរ។
លោកក៏នៅតែបន្តអំពាវនាវយ៉ាងទទូច ជំរុញលើកទឹកចិត្តដល់សិស្សានិសិស្សជំនាន់ក្រោយៗ ឲ្យខិតខំប្រែងរៀនសូត្របន្ថែមទៀត ឈានទៅដណ្ដើមបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុប ដើម្បីទទួលបានរង្វាន់លើកទឹកចិត្តដូចអ្នកជំនាន់មុនៗដែរ។
ដោយឡែក សម្រាប់ឱកាសទទួលបានអាហារូបករណ៍ទៅសិក្សា នៅប្រទេសចិននោះ លោក ស សុខា បានផ្ដល់ឱកាសដល់សិស្សានុសិស្សក្នុងខេត្តព្រៃវែង ជាមុនសិន តែនៅពេលក្រោយៗទៀត សិស្សានុសិស្សក្នុងខេត្ត២ទៀត គឺខេត្តបាត់ដំបង និងបន្ទាយមានជ័យ ក៏នឹងទទួលបានឱកាសដ៏ពិសេសនេះដូចគ្នាដែរ៕