(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ប្រាប់ដល់អ្នកផលិត និងក្រុមហ៊ុននាំចេញទាំងអស់របស់កម្ពុជា ដែលត្រូវនាំអង្ករចេញទៅកាន់សហគមន៍អឺរ៉ុប អំពីការកែប្រែថ្មីនៃការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញប្រភេទថ្មី ដោយចាប់អនុវត្តន៍ ចាប់ពីថ្ងៃ០១ ខែមករា ឆ្នាំ២០១៧តទៅ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ទៀតថា ផលិតករ ឬអ្នកនាំចេញដែលបាន និងកំពុងប្រកបអាជីវកម្មនាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុប សូមស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ប្រភពដើមទំនិញប្រភេទថ្មី សម្រាប់នាំចេញ ចាប់ពីថ្ងៃ០១ ខែមករា ឆ្នាំ២០១៧ តាមប្រព័ន្ធធម្មតា ខណៈការស្នើសុំតាមប្រព័ន្ធស្វ័យប្រវត្តកម្ម មិនទាន់ដាក់បញ្ចូលនៅឡើយ។
សូមជម្រាបថា សហគមន៍អឺរ៉ុបជាទីផ្សារដ៏សំខាន់របស់កម្ពុជា។ នៅរយៈពេល១១ខែ ឆ្នាំ២០១៦នេះ អង្ករកម្ពុជាជាង៣០មុឺនតោនបាននាំចេញទៅអឺរ៉ុប។ មិនថាតែអង្ករប៉ុណ្ណោះទេ គ្រប់ផលិតផលទាំងអស់ដែលផលិតនៅកម្ពុជា លើកលែងតែអាវុធ អាចនាំចេញទៅកាន់តំបន់អឺរ៉ុបដោយអនុគ្រោះពន្ធ៕