(ភ្នំពេញ)៖ ​​ក្នុងពេលចុះល្បាតការពារសន្តិសុខក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ កម្លាំងនគរបាលខណ្ឌមាន​ជ័យ បានឃាត់ខ្លួន​ជន​សង្ស័យពាក់ព័ន្ធនឹង គ្រឿង​ញៀនចំនួន​ ២នាក់ ក្នុងផ្ទះគ្មានលេខមួយកន្លែង ស្ថិតក្នុងក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ក្រោមកិច្ចសហការពី កម្លាំងល្បាតនគរបាល​ប៉ុស្តិ៍ចាក់អង្រែលើ។​

លោក មេង វិមានដារ៉ា អធិការរងនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ​​១.ឈ្មោះ ហ៊ិន ត្រា អាយុ៣៥ឆ្នាំ មុខរបរជាងឈើ ស្នាក់​នៅក្នុងភូមិសំពោយ ឃុំនគរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង, ​​២.ឈ្មោះ សាន ថៃជីង អាយុ១៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។

​​លោក មេង វិមានដារ៉ា បានបន្តថា ខណៈដែល​ជនសង្ស័យ​ទាំង២នាក់ ខាងលើ កំពុងឈរលក់ចែកចាយថ្នាំញៀនឲ្យគ្នានៅតាមផ្លូវនោះ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌបាន​ចុះឃាត់ខ្លួនភ្លាមៗ និងបាន​ដកហូត​ថ្នាំម៉ាទឹកកកចំនួន ១៨កញ្ចប់។

ក្រោយពីឃាត់ខ្លួនរួចហើយ កម្លាំងសមត្ថកិច្ចជំនាញបាននាំជនសង្ស័យទាំង២​នាក់ ទៅសាកសួរនៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃស្អែកតែម្ដង៕