(ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រុមការងារមូលនិធិបាយ័ន ដែលមានលោកស្រី ហ៊ុន ម៉ាណា ជាប្រធាន បានចាត់ឲ្យក្រុមការងារ នាំយកក្រុមគ្រួសារប្អូនប្រុស សូ សៅ ពីរាជធានីភ្នំពេញ មកតាំងទីលំថ្មីក្តីសង្ឃឹមថ្មីលើទឹកដីកែវផូស ស្ថិតនៅក្នងភូមិឬទ្ធី១ ឃុំកែវផូស ស្រុកស្ទឹងហៅ ខេត្តព្រះសីហនុ។
ក្មេងប្រុស សូ សៅ អាយុជាង២ឆ្នាំ បានទទួលទារុណកម្ម ពីខ្ទើយជនជាតិវៀតណាមយ៉ាងសហាវឃោឃៅ កាលពី២ខែមុន ស្ថិតនៅស្រុកព្រជ្រាដា ខេត្តមណ្ឌលគិរី ទីកន្លែងរស់នៅរបស់ខ្លួន ហើយបានធ្វើឲ្យផ្អើលពេញបណ្តាញ Facebook នារយះពេលប៉ុន្មានថ្ងៃ រហូតសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម តាមចាប់ខ្លួនជនដៃដល់នៅក្រុងហូជីមិញទៀតផង។
សូមបញ្ជាក់ថា សំរាប់អំណោយមនុស្សធម៌ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតផ្តល់ជូន ក្មេងដ៏កំសត់ និងក្រុមគ្រួសារ នាពេលនេះរួមមាន៖ អង្ករ៤បាវ , នំធុង២ធុង , ទឹកផ្លែឈើ៤កេស ,ទឹកដោះកូនក្មេង២កេស ,ទឹកដោះគោខាប់១កេស ,មី៤កេស ,ស្កស៥គីឡូ , ទឹកត្រី២កេស , ទឹកស៊ីអ៊ីវ ២កេស , ប្រេងឆា ២ធុង , ខោ អាវ១០កំប្លេ , កង់តូច១គ្រឿង ,និងថវិកាចំនួន៤លានរៀល។
ម្យ៉ាងវិញទៀត ការមករស់នៅទីនេះដោយមានសេចក្តីសន្តោសប្រណៃពីសំណាក់លោកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានម៉ុងឬទ្ធីគ្រុបបានផ្តល់ជាកន្លែងស្នាក់នៅ ហូបចុកបីពេល ផ្តល់ជូនការងារធ្វើតាមជំនាញ។
លោកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា «ខ្ញុំនឹងប្រគល់ផ្ទះថ្មថ្មីមួយបន្ទប់ដែលទើបតែសាងសង់រួចរាល់ មានទឹកភ្លើងអគ្គីសនី មានបង្គន់អនាម័យ មានសាលាឱ្យកូនរៀន មានពេទ្យព្យាបាលជំងឺ មានការងារធ្វើអស់មួយជីវិត គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការរំលោភបំពានអ្វីឡើយ»។
ហើយលើសពីនេះដោយស្រលាញ់ រំជួលចិត្តលោក ម៉ុង ចាន់ថុល នាយកគ្រប់គ្រង បានសុំឪពុកម្តាយរបស់ប្អូនសូសៅ ប្តូរឈ្មោះប្អូនឲ្យទៅជា សូ សំណាង វិញ ដើម្បីកុំឲ្យជួបរឿងអកុសលដូចនេះទៀត៕