(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ បណ្តាញផ្សព្វផ្សាយទាំងជាភាសាជាតិ និង ភាសាបរទេសសុទ្ធតែបានផ្តោតការចាប់អារម្មណ៍ខ្លាំងលើព្រឹត្តិការណ៍ថ្មី នៃឆាកនយោបាយកម្ពុជា គឺការផ្លាស់ប្តូរដៃគូសន្ទនារបស់បុរសខ្លាំងកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដោយចាប់យកលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ហើយច្រានចោលដៃគូចាស់លោក សម រង្ស៊ី ប្រធានបក្សប្រឆាំង ដែលកំពុងសម្ងំលាក់ខ្លួននៅក្រៅប្រទេសគេចពីការតាមចាប់របស់អាជ្ញាធរកម្ពុជា។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ត្រូវបានគេវាយតម្លៃថាជាអ្នកនយោបាយមួយរូបមានភាពបត់បែន នឹងធឹង និងប៉ិនប្រសប់ក្នុងការធ្វើនយោបាយ។ បើធៀបនិងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិនោះ ជីវិតនយោបាយរបស់លោក កឹម សុខា ហាក់មានភាពប្រសើរ និងជោគជ័យជាងផងដែរ ក្នុងរយៈពេលប្រមាណជា ២៣ឆ្នាំមកនេះ។ ជាពិសេសអ្នកនយោបាយមានអតីភាពជាក្មេងវត្តស្រះចករូបនេះ ក៏តែងទទួលបានការសម្បទានផ្នែកនយោបាយច្រើនពីសម្តេចតេជោ ហ៊ុន សែន ដែលជាអតីតក្មេងវត្តនាគវ័ន្តផងដែរ។
ដើម្បីងាយស្រួលក្នុងការវាយតម្លៃពីភាពខ្លាំងក្នុងជីវិតនយោបាយរបស់លោក កឹម សុខា យើងសូមលើកយកប្រវត្តិសង្ខេបក្នុងការប្រឡូកក្នុងឆាកនយោបាយរបស់លោកបង្ហាញជូនជាមុនសិន។
យោងតាមសៀវភៅមានចំណងជើងថា «កឹម សុខា ជីវិតក្នុងនយោបាយព្យុះភ្លៀង» របស់លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាននៅកម្ពុជា បានឲ្យដឹងថា លោក កឹម សុខា បានកើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ នៅភូមិដំណាក់សេក ឃុំពពេល ស្រុកត្រាំកក់ ខេត្ត តាកែវ ក្នុងគ្រួសារ ដែលមានសមាជិក១០នាក់។ លោក កឹម សុខា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី តែ ច័ន្ទមនោ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៨០ ដោយទទួលបានចំណងដៃអាពាហ៍ពិពាហ៍នូវបុត្រីពីររូប គឺកញ្ញា កឹម មនោវិទ្យា មានអាយុ៣៥ឆ្នាំ និងកញ្ញា កឹម សម្មាធីតា អាយុ២៩ឆ្នាំ។ កូនស្រីទាំងពីរសុទ្ធតែបានបញ្ចប់ការសិក្សានៅក្នុងប្រទេសអាមេរិក។
លោក កឹម សុខា បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាគីមី នៅប្រទេសឆេកូស្លូវ៉ាគី នៅក្នុងឆ្នាំ១៩៨៦។ មុនចេញទៅសិក្សាថ្នាក់ អាហារូបករណ៍នៅប្រទេស ឆេកូស្លូវ៉ាគី លោក កឹម សុខា ដែលមានឈាមជ័រជាមន្រ្តីរាជការក្នុងសម័យសង្គមរាស្រ្តនិយម (ជីតាចៅហ្វាយស្រុក ជីតាទួត និងឪពុកធំ ជាមេឃុំ) ក៏ធ្លាប់បានធ្វើជាចៅសង្កាត់រងផងដែរ ក្នុងពេលលោក ប៉ែន សុវណ្ណ កាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី នៅដើមទស្សវត្សរ៍ឆ្នាំ៨០។
បន្ទាប់ពីបញ្ចប់ការសិក្សាលោក កឹម សុខា ត្រូវបានរដ្ឋាភិបាលសម័យរដ្ឋកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន បញ្ជូនទៅធ្វើការនៅរោងចក្រសុរាក្នុងខេត្តព្រះសីហនុ។ សៀវភៅរបស់លោក ឆាយ សុផល បានឲ្យដឹងដែរថា នៅទីនោះដោយសារតែទំនេរពេកលោក កឹម សុខា ក៏បានឆ្លៀតធ្វើកសិកម្មដាំម្រេច និងធូរ៉េនផងដែរ។
ក្នុងឆ្នាំ១៩៩០ លោក កឹម សុខា ត្រូវបានក្រសួងឧស្សាហកម្មផ្លាស់មកឲ្យធ្វើការនៅភ្នំពេញក្នុងរោងចក្រសុរាគារកម្ពុជា ស្ថិតនៅតំបន់គីឡូម៉ែត្រលេខ៦ នៅទីនោះហើយ ដែលរូបលោក និងក្រុមការងារបានផលិតស្រាវីស្គីម៉ាក «មេគង្គ» ជាស្រាវីស្គីមានឈ្មោះល្បីនាពេលនោះផងដែរ។
ក្នុងឆ្នាំ១៩៩២ ក្រោយពីកិច្ចចរចាស្វែងរកសន្តិភាព ២៣ តុលា ១៩៩១ រវាងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តំណាងឲ្យរដ្ឋាភិបាលត្រីភាគី និងសម្តេចតេជោ ហ៊ុន សែននោះ លោក កឹម សុខា ក៏បានសម្រេចប្តូរអាជីពពីអ្នកផលិតស្រាក្រោមដំបូលរបស់រដ្ឋាភិបាលប្រឡូកចូលសកម្មភាពនយោបាយជំនួសវិញ។ លោក កឹម សុខា បានចូលរួមបម្រើនយោបាយជាមួយគណបក្ស «ប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា» របស់លោកតា សឺន សាន ហើយក៏បានក្លាយទៅជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺនៅឆ្នាំ១៩៩៣។
បន្ទាប់ពីទ្រនំបក្សនយោបាយត្រូវថមថយប្រជាប្រិយភាព ព្រោះតែការបែកបាក់សាមគ្គីទាំងនៅគណបក្សរបស់លោកតា សឺន សាន និងនៅគណបក្សហ៊្វុនស៊ិនប៉ិចនោះ លោក កឹម សុខា ក៏បានសម្រេចចិត្តបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០០២។ ក្រោមដំបូលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា បានធ្វើយុទ្ធនាការយ៉ាងច្រើន ក្នុងការពន្យល់ប្រជាពលរដ្ឋខ្មែរឲ្យយល់ពីការប្រើប្រាស់សិទ្ធិ ហើយក៏តែងឆ្លៀតវាយប្រហាររិះគន់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និង បញ្ហាព្រំដែនជាមួយប្រទេសវៀត ណាមផងដែរ។
បន្ទាប់ពីការសាងប្រជាប្រិយភាពជាមួយប្រជាពលរដ្ឋ តាមមូលដ្ឋានក្រោមដំបូលមជ្ឈមណ្ឌលសិទ្ធិមនុស្សអស់រយៈពេលប្រមាណជា៥ឆ្នាំ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៧ លោក កឹម សុខា ក៏បានសម្រេចបង្កើតគណបក្ស នយោបាយផ្ទាល់ខ្លួនឈ្មោះថា «គណបក្សសិទ្ធិមនុស្ស» ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០០៧ និងការបោះឆ្នោតជាតិឆ្នាំ២០០៨។
ជាកត់សម្គាល់ក្នុងព្រឹត្តិការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នោះ គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ទទួលបានការគាំទ្រច្រើន ហើយមកដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០០៨វិញ គណបក្សរបស់លោក ទទួលបាន៣កៅអី នៅក្នុងរដ្ឋសភា បើទោះបីគណបក្សនេះទើបតែរះយ៉ាងណាក្តី។
ដោយសារតែមើលឃើញថា គណបក្សរបស់ខ្លួនមិនអាចប្រកួតប្រជែង និងដណ្តើមប្រជាប្រិយភាពជាមួយគណបក្សប្រជាជនកម្ពុជាបាន និងដើម្បីបង្កើនប្រជាប្រិយភាពឲ្យកាន់តែខ្លាំងថែមទៀតនោះ លោក កឹម សុខា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ក៏បានយកបក្សរបស់ខ្លួនទៅច្របាច់បញ្ចូលជាមួយគណបក្សរបស់លោក សម រង្ស៊ី ដោយបង្កើតបានជាគណបក្សថ្មីឈ្មោះថា «គណបក្សសង្រ្គោះជាតិ»។
តាមរយៈ នៃការច្របាច់បញ្ចូលគ្នានេះពិតជាបានធ្វើឲ្យលោក កឹម សុខា ទទួលបានលទ្ធផលដូចការគិតទុកមែន ពោលគឺទទួលបានអាសនៈរហូតដល់ទៅ ៥៥កៅអីក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥ នាថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣។
តាមរយៈប្រវត្តិ នៃជីវិតនយោបាយដែលបានរៀបរាប់ដោយសង្ខេបខាងលើ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងទើបទទួលបានតំណែងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា គឺបានប្រឡូកចូលឆាក នយោបាយ ស្របាលនិងលោក សម រង្ស៊ី ផងដែរ។ លោក កឹម សុខា បានបង្កើតគណបក្សនយោបាយក្រោយលោក សម រង្ស៊ី តែធ្វើដំណើរឆ្ពោះរកភាពជោគជ័យ និងមានសន្ទុះលឿនជាងលោក សម រង្ស៊ី។
លោក សម រង្ស៊ី បានសម្រេចដើរចេញគណបក្សហ៊្វុនស៊ិនប៉ិច ក្រោយពេលត្រូវបានបណ្តេញចេញពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហើយរត់ទៅបង្កើតគណបក្សនយោបាយឈ្មោះ «គណបក្សជាតិខ្មែរ» នៅឆ្នាំ១៩៩៥ លុះក្រោយមកប្តូរទៅជាគណបក្ស «សម រង្ស៊ី» បន្ទាប់ពីបានបែកបាក់ផ្ទៃក្នុង។ តាមរយៈគណបក្ស «សម រង្ស៊ី» នេះ លោក សម រង្ស៊ី បានចូលរួមប្រឡូកក្នុងការបោះឆ្នោតចំនួន៤លើក ដោយលើកទី១ ក្នុងអាណត្តិទី២ ឆ្នាំ១៩៩៨ ទទួលបាន១៥អាសនៈ, លើកទី២ ក្នុងអាណត្តិទី៣ ឆ្នាំ២០០៣ ទទួលបាន២៤អាសនៈ និងលើកទី៤ ក្នុងអាណត្តិទី៤ ឆ្នាំ២០០៨ ទទួលបាន ២៦អាសនៈ។
សម្រាប់លោក កឹម សុខា វិញជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក ដែលបង្កើតឡើងនៅឆ្នាំ២០០៧នោះ បានចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តតែមួយអាណត្តិប៉ុណ្ណោះ ក្នុងឆ្នាំ២០០៨ ដោយទទួលបាន ៣អាសនៈ។ លុះដល់អាណត្តិថ្មី អាណត្តិទី៥ នៃរដ្ឋសភា លោក កឹម សុខា តាមរយៈទស្សននយោបាយយកបក្សរបស់ខ្លួន ដែលមានត្រឹម៣អាសនៈ ទៅច្របាច់បញ្ចូលជាមួយគណបក្សរបស់លោក សម រង្ស៊ី បង្កើតគណបក្សថ្មីឈ្មោះ «សង្រ្គោះជាតិ» ទទួលបានអាសនៈរហូតដល់ ៥៥អាសនៈ។
បើទោះបីគណបក្សថ្មី ដែលកើតចេញពីការច្របាច់បញ្ចូលគ្នាបានទាញយកចំនួនអាសនៈពីគណបក្សប្រជាជនកម្ពុជាចំនួន២២អាសនៈយ៉ាងណាក្តី តែជោគជ័យនេះហាក់មិនបានធ្លាក់លើដៃលោក សម រង្ស៊ី នោះឡើយ តែវាជាជោគជ័យសម្រាប់លោក កឹម សុខា ទៅវិញ។
តាមកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី និងលោក កឹម សុខា បានកំណត់ថា ប្រសិនបើគណបក្សសង្រ្គោះជាតិទទួលបានចំនួនអាសនៈឈ្នះគណបក្សដទៃនោះ លោក សម រង្ស៊ី នឹងធ្វើជានាយករដ្ឋមន្រ្តី ហើយលោក កឹម សុខា ធ្វើជាប្រធានរដ្ឋសភា។ មេដឹកនាំបក្សប្រឆាំងទាំងពីរនេះ ក៏បានព្រមព្រៀងគ្នាក្នុងការបែងចែកកូតាកៅអីសភាជូនសមាជិករបស់ខ្លួនស្មើគ្នាផងដែរ ពោលពាក់កណ្តាល ត្រូវប្រគល់ឲ្យសមាជិកមកពីគណបក្ស សម រង្ស៊ី ហើយពាក់កណ្តាលទៀតត្រូវប្រគល់ឲ្យសមាជិកមកពីគណបក្សសិទ្ធិមនុស្ស។
តាមកិច្ចព្រមព្រៀងនេះ ផលចំណេញកើតចេញពីការវិនិយោគសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ គឺបានទៅលើលោក កឹម សុខា ព្រោះលោកបានបង្កើនកៅអីក្នុងសភាជូនអ្នកស្ម័គ្រស្មោះរបស់លោកដល់ជាង១០នាក់ រីឯលោក សម រង្ស៊ី ហាក់មិនបានបង្កើនកៅសភាសម្រាប់អ្នកស្ម័គ្រស្មោះរបស់លោកនោះឡើយ បើធៀបការបោះឆ្នោតនីតិកាលទី៤ ឆ្នាំ២០០៨។
លោក កឹម សុខា ក៏ត្រូវបានគេមើលឃើញផងដែរថា ជាអ្នកនយោបាយមានភាពប៉ិនប្រសប់ក្នុងការប្រើប្រាស់វោហាស័ព្ទនយោបាយ ដើម្បីស្វែងរកការគាំទ្រ ហើយក៏ជាអ្នកនយោបាយពូកែបត់បែនតាមស្ថានការណ៍នយោបាយ ជាហេតុនាំឲ្យលោកតែងទទួលបានជោគ ជ័យក្នុងជីវិតនយោបាយ និងទទួលបានការគាំទ្រខ្លាំងពីម្ចាស់ឆ្នោត។
ទាំងមុន និងក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ លោក កឹម សុខា គឺជាអ្នកនយោបាយ និងជាមេបក្សប្រឆាំង បានរងព្យុះបក់បោកខ្លាំងក្នុងសមរភូមិនយោបាយច្រើនជាងលោក សម រង្ស៊ី ហើយក៏ជាអ្នកសកម្មក្នុង ការស្វែងរកសំឡេងឆ្នោតក្នុងពេលយុទ្ធនាការរកសំឡេងឆ្នោតផងដែរ ត្បិតអំឡុងពេលយុទ្ធនាការនោះ លោក សម រង្ស៊ី ស្ថិតនៅក្រៅប្រទេសនៅឡើយ។
ការធ្វើបាតុកម្មពីក្រុមអ្នកអតីតអ្នកគុកទួលស្លែង ការតាមរំខានពីស្រ្តីម្នាក់ ដែលអះអាងថា ជាអតីតនារីកំណានចិត្ត សុទ្ធតែជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើជីវិតនយោបាយរបស់លោក។ លុះក្រោយពេលបោះឆ្នោតនៅអំឡុងឆ្នាំ២០១៥ រហូតដល់ចុងឆ្នាំ២០១៦នេះ លោក កឹម សុខា នៅតែបន្តយាយីដោយបញ្ហាផ្សេងៗ និងរឿងអាស្រូវផ្លូវភេទជាមួយកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ រហូតធ្វើឲ្យបាត់បង់តំណែងអនុប្រធានទី១ នៃរដ្ឋសភា និងត្រូវឃុំខ្លួននៅក្នុងទីស្នាក់ការបក្សអស់រយៈពេលប្រមាណជាកន្លះឆ្នាំថែមទៀត។
បើទោះបីជីវិតនយោបាយជួបបញ្ហាដ៏ចាក់ស្រេះបែបនេះយ៉ាងណាក្តី លោក កឹម សុខា នៅតែអាចរក្សាភាពស្ងប់ស្ងាត់ និងជំហរនយោបាយរឹងមាំ ជាពិសេសលោកមិនបានរត់ចោលសមរភូមិនោះឡើយ នៅតែព្យាយាមតទល់ជាមួយបញ្ហារហូតអាចស្វែងរកដំណោះស្រាយ និងអាចរំដោះខ្លួនចេញពីបញ្ហា។ ភាពអំណត់អត់ធ្មត់តស៊ូប្រយុទ្ធជាមួយបញ្ហាមិនត្រឹមធ្វើឲ្យលោក កឹម សុខា រំដោះខ្លួនចេញពីបញ្ហានោះទេ ហើយថែមទាំងអាចទាក់ទាញថ្នាក់ដឹកនាំ និង សកម្មជនគណបក្សសង្រ្គោះជាតិឲ្យគាំទ្រលោកថែមទៀត។
ព្រោះតែលក្ខណៈសម្បត្តិជាអ្នកនយោបាយមានជំហររឹងមាំនេះ លោក កឹម សុខា អាចអន្ទងចិត្ត និងបញ្ចុះបញ្ចូលថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ មកពីកូតាគណបក្ស សម រង្ស៊ី ឲ្យព្រមទទួលយករូបលោក ធ្វើជាប្រធានក្រុមមតិភាគតិចនៅក្នុងរដ្ឋសភា ជំនួសលោក សម រង្ស៊ី ក្លាយជាដៃគូសន្ទនាកិច្ចការប្រទេសជាតិជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាដៃគូពិភាក្សាកិច្ចការក្នុងវិមានរដ្ឋសភា ជាមួយសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន។
ជោគជ័យផ្នែកនយោបាយកើតចេញពីការអត់ធ្មត់នេះ លោក កឹម សុខា បានជួយរំដោះសកម្មជនរបស់ខ្លួនឲ្យរួចផុតពីទោសទណ្ឌហើយ តាមការរំពឹងទុកក្រុមមន្រ្តីសិទ្ធិមនុស្សអាដហុក អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងសកម្មជនគណបក្សសង្រ្គោះជាតិផងនោះ ក៏ប្រហែលជាអាចស្វែងរកពន្លឺរួចផុតពីទោសទណ្ឌតាមយន្តការនយោបាយក្នុងពេលឆាប់ៗខាងមុខផងដែរ។
តាមរយៈការក្រាញននៀលរហូតជម្នះឧបសគ្គក្នុងផ្នែកនយោបាយនេះ លោក កឹម សុខា បាននិងកំពុងក្លាយជាអ្នកនយោបាយមានលក្ខណៈសម្បត្តិល្អប្រសើរច្រើនក្នុងក្រសែភ្នែករបស់អ្នកគាំទ្រ ក៏ដូចជាសកម្មជនគណបក្សសង្រ្គោះជាតិ បើធៀបជាមួយលោក សម រង្ស៊ី ដែលតែងតែរត់គេចពីបញ្ហា ជាអ្នកនយោបាយគុំកួន និងរឹសរូសនោះ។
លោក កឹម សុខា ក៏ត្រូវបានគេវាយតម្លៃថា ជាអ្នកនយោបាយ ចេះបត់បែនច្រើនក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានយោបាយ និងទម្លុះបញ្ហាប្រឈមចំពោះមុខ ហើយក៏ជាគន្លឹះ និងបុព្វហេតុនាំឲ្យជីវិតនយោបាយជោគជ័យបានលឿន។
ក្នុងជីវិតនយោបាយរយៈពេលប្រមាណជា២៣ឆ្នាំមកនេះ លោក កឹម សុខា ក៏ជាអ្នកនយោបាយមួយរូបតែង ទទួលបានការសម្បទានផ្នែកនយោបាយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាដៃគូប្រជែងនយោបាយរបស់លោកផងដែរ។
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៥ លោក កឹម សុខា ក្នុងតំណែងជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស ត្រូវបានតុលាការចាប់ខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទបរិហាកេរ្តិ៍។ ក្រោយការជាប់ពន្ធនាគាររយៈពេល១៧ថ្ងៃ លោក កឹម សុខា រួមនិងមន្រ្តីអង្គការសង្គមស៊ីវិល៤រូបផ្សេងទៀត ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ ការដោះលែងនេះ បានធ្វើឡើងបន្ទាប់ពីមានជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក Christopher Hill ជំនួយការរដ្ឋមន្រ្តីការបរទេសអាមេរិក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនាពេលនោះ។ ការដោះលែងនេះ គឺជាការសម្បទានមួយរបស់សម្តេចតេជោ ហ៊ុន សែន។
លោក កឹម សុខា ក៏ទទួលបានការជួយជ្រុំជ្រែងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការបង្កើតគណបក្សសិទ្ធិមនុស្ស កាលពីឆ្នាំ២០០៧ផងដែរ។ នេះបើយោងតាមខ្សែអាតសំឡេងឆ្លើយឆ្លង រវាងសម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា ដែលត្រូវបានគេទម្លាយមុនព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ២០១៣។
ការសម្បទានផ្នែកនយោបាយដ៏ធំមួយទៀត របស់សម្តេចតេជោ ហ៊ុន សែន ចំពោះលោក កឹម សុខា ជាដៃគូនយោបាយធ្លាប់បានផ្ទុះសង្រ្គាមពាក្យសម្តីដាក់គ្នានោះ គឺការទូលថ្វាយសុំព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជទានលើកលែងទោសកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។
ការសម្បទានរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះលោក កឹម សុខា អាចនឹងនាំឲ្យកម្ពុជាឈានទៅបិទបញ្ចប់ភាពអួរអ័ព្ទផ្នែកនយោបាយនៅកម្ពុជា ដែលអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំមកហើយនោះ។ តាមរយៈការសម្បទាននេះ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា បានចាប់ដៃញញឹមញញែម និងបង្ហាញភាពស្និទ្ធស្នាលជា មួយគ្នាយ៉ាងខ្លាំងនៅក្នុងវិមានរដ្ឋសភា។
ភាពស្រុះស្រួល និងការដោះស្រាយបញ្ហារវាងខ្មែរ និងខ្មែរ របស់សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ដោយមិនបរទេសនិយម ដូចលោក សម រង្ស៊ី នោះ បានធ្វើឲ្យមានការពេញចិត្តពេញថ្លើមផងដែរ ពីប្រជាពលរដ្ឋម្ចាស់ឆ្នោត។ ពេញចិត្តពេញថ្លើមព្រោះពួកគេគិតថា នៅពេលអ្នកនយោបាយត្រូវគ្នាជាបរិយាកាសដ៏ល្អមួយសម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ពួកគេ។
បើទោះបីគេមិនទាន់ដឺងថា ភាពល្អូកល្អិនរវាងសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា អាចនឹងមានអាយុកាលវែងប៉ុណ្ណាក្តី តែគេរំពឹងថា ដៃគូសន្ទនាថ្មី នឹងមានទំនាក់ទំនងបានយូរអង្វែងជាងលោក សម រង្ស៊ី ដែលជាដៃគូសន្ទនាចាស់។
មានការមើលឃើញថា ការជំនួសដៃគូសន្ទនាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន អាចនឹងមានភាពយូរអង្វែង និងល្អប្រសើរច្រើនជាងការដៃគូសន្ទនាជាមួយលោក សម រង្ស៊ី ត្បិតថា សម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា មានលក្ខណៈសម្បត្តិផ្នែកនយោបាយស្រដៀងគ្នាច្រើន ដូចជាមានអតីតភាពជាកូនអ្នកក្រខ្សត់ដូចជា មានអតីតភាពជាអ្នកស្វែងរកចំណេះតាមរយៈការផ្ញើខ្លួនក្រោមដំបូលវត្តដូចគ្នា ជីវិតហែលឆ្លងការលំបាកពេលប្រទេសជាតិជួបភ្លើងសង្រ្គាមដូចគ្នា ដែលសុទ្ធសឹងធ្វើឲ្យអ្នកនយោបាយចាស់វស្សាទាំងពីររូបបានដឹងសុខទុក្ខប្រជាពលរដ្ឋខ្មែរបានច្រើន។
ផ្ទុយពីលោក សម រង្ស៊ី ជាអ្នកមានត្រកូលអភិជន តាំងពីតូចដល់ធំរស់នៅតែប្រទេសបារាំង មិនធ្លាប់បានភ្លក់រស់ជាតិដោយផ្ទាល់ពេលប្រទេសជាតិធ្លាក់ក្នុងអន្លង់ទុក្ខលំបាកនោះ ជាហេតុធ្វើឲ្យរាល់ពេលមានបញ្ហាផ្នែក នយោបាយ លោក សម រង្ស៊ី តែងតែរត់គេចចេញក្រៅប្រទេស និងតែងតែយកអំណាចបរទេសសង្កត់តុចរចា ដែលជាហេតុធ្វើឲ្យការសាងភាពជាដៃគូសន្ទនារវាងសម្តេចតេជោ និងលោក សម រង្ស៊ី មិនបានយូរអង្វែង ហើយរាល់ពេលមានបញ្ហាផ្នែកនយោបាយក៏ពិបាករកដំណោះស្រាយផងដែរ។
មានការរំពឹងទុកថា តាមរយៈលក្ខណៈសម្បត្តិស្រដៀងគ្នាជាច្រើននោះ សម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា អាចធ្វើជាដៃគូពិភាក្សាដ៏ល្អ និងយូរអង្វែងស្វែងរកដំណោះស្រាយលើបញ្ហាប្រទេសជាតិ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានល្អប្រសើរជាងលោក សម រង្ស៊ី ដើម្បីស្វែងរកនូវវឌ្ឍនភាពជាតិ ឲ្យបានកាន់តែច្រើនទៀត៕