Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច សាយ ឈុំ ជួបសំណេះសំណាល​ជាមួយ​បងប្អូន​កម្មករត់ម៉ូតូ​កង់បី សួរនាំពីស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​

09-12-2016 20:26

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានបន្ដជួបសំណេះសំណាល ជាមួយបងប្អូនអ្នកប្រកបរបររត់ម៉ូតូកង់បី ចំនួន៤៨នាក់ នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ។

សម្តេច សាយ ឈុំ បានជម្រាបសួរសុខទុក្ខបងប្អូនទាំងអស់ ដោយមនោសញ្ចេតនាស្រលាញ់រាប់អានយ៉ាងស្និទ្ធស្នាលក្រៃលែង ហើយសម្តេចក៏បានសាកសួរអំពី ស្ថានភាពជីវភាពរស់នៅ និងផលចំណូលពីមុខរបររត់ម៉ូតូកង់បីប្រចាំថ្ងៃ របស់បងប្អូន ព្រមទាំងស្តាប់បងប្អូននិយាយពីការលំបាក បញ្ហាប្រឈម ដែលបងប្អូនបានជួបប្រទះ និងពីការយល់ឃើញរបស់បងប្អូន ចំពោះសមិទ្ធិផលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ និងសង្គមកម្ពុជា នាពេលបច្ចុប្បន្ននេះ។

ក្នុងនោះ ក្រុមអ្នករត់ម៉ូតូកង់បី បានជម្រាបជូនសម្តេចជ្រាបផងដែរ អំពីទុក្ខលំបាកវេទនាក្នុងជីវភាពរស់នៅនាសម័យសង្រ្គាម និងក្នុងរបបប្រល័យពូជសាសន៍។

ឆ្លើយតប សម្តេចមានប្រសាសន៍ថា «អតីតកាល ល្វីងជូរចត់បានកន្លងហួសទៅហើយ អ្វីដែលយើងអាចគិតគឺមានតែបច្ចុប្បន្នកាល និងអនាគតទៅមុខ គឺធ្វើយ៉ាងណា កុំឲ្យប្រទេសជាតិយើងដើរថយក្រោយវិញ និងត្រូវជៀសរៀងកុំអោយបញ្ហា៣ វាកើតឡើងមកវិញនោះគឺ៖ ការបែកបាក់ផ្ទៃក្នុង សង្គ្រាម និងរបបប្រល័យពូជសាសន៍»

សម្ដេច សាយ ឈុំ បន្ថែមថា ទាំងអស់គ្នា សុទ្ធតែចាស់ៗទៅហើយ ហេតុនេះ សូមបន្តអប់រំកូនចៅជំនាន់ក្រោយ ឲ្យខិតខំកសាងខ្លួនជាពលរដ្ឋល្អ មានស្មារតីស្នេហាជាតិ ស្រលាញ់ការរៀនសូត្រ និងចេះតស៊ូព្យាយាម បង្កើនសមត្ថភាពមុខជំនាញ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែសំបូររុងរឿង និងរីកចម្រើនតទៅទៀត៕