(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឧបត្ថម្ភបន្ថែមចំនួន១ម៉ឺនដុល្លារថែមទៀត ដល់កីឡាករ សុខ ចាន់មាន ម្ចាស់មេដាយមាស កីឡាប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០១៦។ ថវិកានេះ គឺជាការឧបត្ថម្ភបន្ថែម លើប្រាក់រង្វាន់ ដែលម្ចាស់មេដាយមាសរូបនេះ ត្រូវទទួលបាន១២០លានរៀល (ប្រហាក់ប្រហែល៣ម៉ឺនដុល្លារ) ដោយសរុបទាំងអស់ប្រមាណ៤ម៉ឺនដុល្លារ។
ការប្រកាសនេះបានធ្វើឡើង នៅក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យម្ចាស់មេដាយមាសរូបនេះ ចូលជួបសម្ដែងការគួរសម និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅ នៅវិមានសន្ដិភាព នៅវេលាម៉ោង៤រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ។
តាមអនុក្រឹត្យកំណត់ម្ចាស់មេដាយមាស ត្រូវទទួលបាន១២០លានរៀល (ប្រហាក់ប្រហែល៣ម៉ឺនដុល្លារ) ចំណែកគ្រូបង្វឹករបស់កីឡាករទទួលបាន១២០លានរៀលដែរ។
ក្រៅពីទទួលបានប្រាក់រង្វាន់តាមអនុក្រឹត្យរាជរដ្ឋាភិបាលកំណត់, សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិការដល់គ្រូបង្វឹករបស់កីឡាកររូបនេះថែមចំនួន ៣ពាន់ដុល្លារទៀត, គណៈប្រតិភូដឹកនាំចំនួន២ពាន់ រួមទាំងកីឡាករអមដំណើរទៅចូលរួមការប្រកួត ចំនួន៣នាក់ ក្នុងម្នាក់ៗ១ពាន់ដុល្លារថែមទៀត, ថវិកានេះគឺជាថវិកាផ្ទាល់របស់សម្តេច។
សូមរំឮកថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ លោក សុខ ចាន់មាន បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង តាមរយៈការដណ្ដើមបាន មេដាយមាសពីការប្រកួត កីឡាប៉េតង់ជើងឯកពិភពលោក នៅប្រទេសម៉ាដាហ្គាសហ្កា លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីប្រកួតឈ្នះ គូប្រជែងមកពី៤៨ប្រទេស និងបានយកឈ្នះកីឡាករបារាំង Boursicaud Bruno នៅវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ៣៦-២៩ពិន្ទុ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖