(កណ្ដាល)៖ ក្រោយទទួលបានព័ត៌មានពីការជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងឃុំព្រែកស្តី កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ បានចុះស្រាវជ្រាវអង្កេតអស់រយៈពេលប្រមាណ១២ថ្ងៃ លើមុខសញ្ញាដែលជាអ្នកលក់គ្រឿងញៀន ដ៏សកម្ម និងបក្ខពួកចំនួន៥នាក់ ព្រមទាំងដកហូតថ្នាំញៀន១០៦កញ្ចប់ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ។
អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា នៅវេលាម៉ោង ១៤៖៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀន០១នាក់ ឈ្មោះ ឡេង ឡឹង ភេទប្រុស រួមជាមួយគ្រឿងញៀនជាប់ខ្លួនចំនួន ១៩ កញ្ចប់តូច (ប្រភេទម៉ាទឹកកក) នៅជាប់នឹងខ្លួនជនសង្ស័យ ក្នុងបរិវេណវត្តពោធិ៍រាម្មា ភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។
បន្ទាប់ពីបានចម្លើយជនសង្ស័យសារភាពខាងលើនេះ សមត្ថកិច្ចនគរបាលស្រុកកោះធំ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកស្ដី និងប៉ុស្ដិ៍រដ្ឋបាលសំពៅពូនស្រាវជ្រាវបន្តស្វែងរក ឈ្មោះ ថូ ភារម្យ ហើយឃាត់ខ្លួនបាននៅវេលាម៉ោង១៦៖២០នាទី រួមនឹងកូនចៅគេម្នាក់ទៀតឈ្មោះ អ៊ុំ សំណាង (ជាអ្នកកាន់ថ្នាំញៀនលក់និងជាប្អូនថ្លៃ) ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ថូ ភារម្យ ក្នុងភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រួមជាមួយគ្រឿងញៀនចំនួន៨៧កញ្ចប់ (០៩កញ្ចប់ធំ) និងសម្ភារៈវេចខ្ចប់គ្រឿងញៀន សំរាប់លក់មួយចំនួនទៀត នៅក្នុងផ្ទះជនសង្ស័យតែម្តង។
បន្ទាប់មក កម្លាំងរបស់យើង បានបន្តទៅឃាត់ខ្លួនបានជនសង្ស័យ០២នាក់ទៀត ដែលជាអ្នកទិញគ្រឿងញៀនជក់ និងលក់បន្តឲ្យឈ្មោះ ថូ ភារម្យ គឺឈ្មោះ លាភ សុផល និង ផាន ភ័ណ្ឌ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ថូ ភារម្យៈ ថ្នាំញៀនចំនួនទាំង១០៦ កញ្ចប់ខាងលើនេះគឺពិតជារបស់រូបគេប្រាកដមែន ហើយឈ្មោះ អ៊ុំ សំណាង និង ឡេង ឡឹង គឺជាអ្នកកាន់ថ្នាំញៀនលក់បន្តឲ្យខ្លួន។
ក្នងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាំងរួមមាន៖ ទី១-គ្រឿងញៀន (ម៉ាទឹកកក) ចំនួន១០៦កញ្ចប់ (០៩កញ្ចប់ធំ) ទី២-ទូរស័ព្ទចល័តចំនួន០៣គ្រឿង ទី៣-ប្រាក់រៀលចំនួន១៨៧.០០០៛ (មួយរយប៉ែតសិបប្រាំពីរពាន់) និងប្រាក់ដុងវៀតណាមចំនួន៣៨០.០០០ DVN (បីរយប៉ែតសិបពាន់ដុង) ទី៤-សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀន លក់មួយចំនួន និងទី៥-ម៉ូតូ ០២គ្រឿង HONDA DREAM C125 ពណ៍ ខ្មៅ សេរីឆ្នាំ២០១៦ គ្មានស្លាកលេខ និង HONDA MSX ពណ៍ស សេរីឆ្នាំ២០១៦ គ្មានស្លាកលេខ។
គួររម្លឹកថា ចំពោះជនសង្ស័យ ថូ ភារម្យ (ហៅ ព្រំ) គឺជាមុខសញ្ញាទើបតែដោះលែងចេញពីពន្ធនាគារ កាលពីថ្ងៃ ២១ ខែតុលា ឆ្នាំ២០១៦ ដោយជាប់ពីបទ៖ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងក្នុងករណីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦នេះ បើចៅក្រមសម្រេចចោទមានទោស នោះគឺជាលើកទី៣សំរាប់ ថូ ភារម្យ ដែលត្រូវជាប់ពន្ធនាគារ។
សូមបញ្ជាក់ថា ឈ្មោះ ថូ ភារម្យ (ហៅពុំ ហៅរ៉ុម) ធ្លាប់ជាប់ពន្ធនាគារពីរដងរួចមកហើយគឺលើកទី១ ខែមិនា ឆ្នាំ២០១២ ជាប់ពីបទ៖ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនមានទោស០២ឆ្នាំ ជាប់បាន០៨ខែ និងភ្ជួរ១៤ខែ និងលើកទី២ ខែតុលា ឆ្នាំ២០១៣ ជាប់ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានទោស០៣ ឆ្នាំ ដោយជាប់បាន១ឆ្នាំកន្លះ នៅពន្ធនាគារតាខ្មៅ រួចក៏ត្រូវផ្ទេរទៅត្រពាំងថ្លុង ១ឆ្នាំកន្លះទៀតព្រោះឆ្មាំគុករកឃើញលក់ថ្នាំញៀន ក្នុងពន្ធនាគារតាខ្មៅ៕