(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានបិទវគ្គបណ្តុះបណ្តាលស្ដីពី ការគ្រប់គ្រងមន្រ្តីរាជការ និងកិច្ចការរដ្ឋបាលទូទៅ ក្រោមអធិបតីភាព លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដើម្បីពង្រឹងសមត្ថភាពរបស់មន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បន្ទាប់ពីប្រព្រឹត្តទៅអស់រយៈពេល ៤ថ្ងៃ ចាប់ថ្ងៃទី០៦-០៩ ខែឆ្នូ ឆ្នាំ២០១៦។
សិក្ខាសាលាខាងលើ ត្រូវបានធ្វើឡើងនៅទីស្នាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីក្រសួងទេសចរណ៍ បានជ្រើសរើសមន្ត្រីថ្មីបន្ថែម ក្នុងឆ្នាំ២០១៦ ចំនួន១០០កន្លែង។
លោក ជា ចាន់ហេង ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងទេសចរណ៍ បានឲ្យដឹងថា តាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងមន្រ្តីរាជការ និងកិច្ចការរដ្ឋបាលទូទៅនេះ នឹងរួមចំណែកធ្វើឲ្យមានការប្រែប្រួលលើគុណភាព សមត្ថភាពនៃការគ្រប់គ្រង អង្គភាពសាធារណៈ តាមការបំពេញកិច្ចការក្នុងមុខតំណែង តួនាទី មុខងារ ភារកិច្ច និងកាតព្វកិច្ចមន្រ្តីរាជការម្នាក់ៗ, ផ្តល់ចំណេះដឹងលើជំនាញការងាររដ្ឋបាល ការងារការិយាល័យ និងការគ្រប់គ្រងបុគ្គលិក ដើម្បីជាចំណែកមួយ នៃការជំរុញការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង។
លោក តុប សុភ័ក បានលើកឡើងថា ដើម្បីឆ្លើយតបតាមកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ក៏ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ ឆ្នាំ២០១២-២០២០ ក្រសួងទេសចរណ៍បានខិតខំជម្រុញការអភិវឌ្ឍធនធានមនុស្ស ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន សំដៅសម្រេចឱ្យភាពជោគជ័យ ប្រកបដោយនិរន្តភាព និងចីរភាព។
លោកអនុរដ្ឋលេខាធិការ បានបន្តថា កត្តាធនធានមនុស្ស គឺជាអាទិភាពមួយដ៏សំខាន់ ដែលកម្ពុជាបាននិងកំពុងត្រូវការ ដើម្បីធានាឱ្យការងារសម្រេចបានលទ្ធផលល្អប្រសើរ នាពេលខាងមុខ៕