(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសិក្សាបង្កើតឲ្យមានតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម នៅក្រៅប្រទេសរបស់អ្នកវិនិយោគខ្មែរ ក៏ដូចជាជួយបង្កើនការទាក់ទាញអ្នកវិនិយោគបរទេស មករកស៊ីនៅកម្ពុជាផងដែរ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ បានដឹកនាំមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជាជាង ៣០រូប ដែលរួមមានអ្នកឧកញ៉ា គិត ម៉េង និងលោក ហ៊ុន ម៉ាណែត ផងដែរ បើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹតថ្មី ស្តីពីការបង្កើតសភាពាណិជ្ជកម្មកម្ពុជានេះ។
ការបង្កើតឲ្យមានតំណាងសភាពាណិជ្ជកម្ម នៅក្រៅប្រទេសនេះ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនបរទេស ក៏ដូចជាអណិកជនខ្មែរនៅក្រៅប្រទេស អាចឈរឈ្មោះជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាតំណាងឲ្យសភាពាណិជ្ជកម្មនៅបរទេស។
ឆ្លងតាមកិច្ចពិភាក្សា អង្គប្រជុំទាំងមូលបានឯកភាពធ្វើវិសោធនកម្មលើមាត្រាទី២, ទី៩, និងទី១០ នៃអនុក្រឹតលេខ០៧ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០៧ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់សភាពាណិជ្ជកម្មកម្ពុជា និងអនុក្រឹតលេខ ២៩អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៩ ដោយបន្ថែមខ្លឹមសារមួយចំនួន ដើម្បីងាយស្រួលក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព។
យោងតាមខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹតថ្មី នឹងអនុញ្ញាតឲ្យសភាពាណិជ្ជកម្មកម្ពុជា បើកការិយាល័យតំណាងនៅរាជធានី-ខេត្ត ឬតំបន់នៃប្រទេសណាមួយ តាមការសម្រេចពីរាជរដ្ឋាភិបាល ហើយការប្រព្រឹត្តិទៅ និងនីតិវិធី នៃការជ្រើសរើសសមាសភាពការិយាល័យតំណាងនីមួយៗ នឹងត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីពាណិជ្ជកម្ម។
លើសពីនេះ សេចក្តីអនុក្រឹតថ្មី ក៏បានផ្តល់អំណាចដល់ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងការជ្រើសរើសអនុប្រធានបន្ថែមតាមការចាំ បាច់ ពីក្នុងចំណោមអនុប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់ជួយការងារនៅក្នុងសភាពាណិជ្ជកម្មកម្ពុជា។
សេចក្តីព្រាងអនុក្រឹតថ្មីនេះ នឹងត្រូវបញ្ជូនទៅកាន់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដើម្បីចុះហត្ថលេខាជាផ្លូវការ និងដាក់ឲ្យអនុវត្តនៅក្នុងឆ្នាំ២០១៧៕