(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគណៈកម្មការ ដើម្បីពង្រីកវិសាលភាពក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេស។
គណៈកម្មការនេះ មានលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសជាប្រធាន និង លោក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាអនុប្រធាន ព្រមទាំងមានសមាជិកមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ រួមទាំងអភិបាលរាជធានី-ខេត្តផងដែរ។
គណៈកម្មការនេះមានភារកិច្ចដូចជា ៖ ទី១.ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដូចជា ការកាប់ព្រៃឈើ ការដឹកឈើ និងការនាំចេញ ឈើខុសច្បាប់ ការចាប់សត្វព្រៃ និងការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្រ្ទានយកដីរដ្ឋ ព្រមទាំងការរុករករ៉ែដោយរ៉ែដោយខុសច្បាប់នៅទូទាំងប្រទេស។ ទី២. អង្កេត និងស្រាវជ្រាវរកអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ និងសកម្មភាពនៃបទល្មើសធនធានធម្មជាតិ។ ទី៣. ចាប់ជនល្មើស និងវត្ថុតាងនៃបទល្មើសធនធានធម្មជាតិ ហើយរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។ ទី៥.ត្រូវសហការជាមួយភាគីវៀតណាម ថៃ និងឡាវ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពក្នុងករណីចាំបាច់ ជាដើម។ គណកម្មការនេះត្រូវធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល អំពីលទ្ធផល។
លោកនាយឧត្តមសេនីយ៍ សៅ សុខា នឹងធ្វើការកោះប្រជុំធំមួយ ជាលក្ខណៈផ្ទៃក្នុងរបស់គណៈកម្មការនៅពេលឆាប់ៗនេះ ដើម្បីរៀបចំសកម្មភាពរបស់ខ្លួនក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេសកម្ពុជា។ នេះបើតាមមន្រ្តីមួយរូប ដែលមានតួនាទីនៅក្នុងគណៈកម្មការនេះ៕