(ពោធិ៍សាត់)៖ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្ត រួមមានរដ្ឋបាលជលផល កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងបរិស្ថាន ដឹកនាំដោយ លោក ខូយ រីដា និងលោក ពេជ ហន អភិបាល​រងខេត្ត បានចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំ រយៈពេល៣ថ្ងៃ ដោយបានរឹបអូសនិងកាប់បំផ្លាញចោល នូវឧបករណ៍នេសាទខុសច្បាប់មួយចំនួនធំ នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិ​សាស្ត្រខេត្តពោធិ៍សាត់ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦នេះ ហើយនឹងបន្តនៅថ្ងៃបន្ទាប់ទៀត ក្នុងអំឡុងពេល១សប្តាហ៍។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំរយៈពេល៣ថ្ងៃកន្លងមកនេះ និងបន្តនៅថ្ងៃបន្ទាប់ទៀតក្នុងអំឡុងពេល១សប្តាហ៍ ជាការឆ្លើយតបតាមការណែនាំ របស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដែលបានដាក់បទបញ្ជាឲ្យមន្ត្រីជំនាញជលផល និងកម្លាំងប្រដាប់អាវុធទាំង៣ប្រទេសត្រូវចាត់វិធានការណ៍​ទប់​ស្កាត់បទល្មើសនេសាទ ប្រកបដោយប្រសិទ្ធភាព និងឲ្យខានតែបាន នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ។

លោកនាយខណ្ឌបានបន្តថា ជាលទ្ធផលនៃការបង្ក្រាបលើកទី១និងលើកទី២ ដឹកនាំដោយលោក ខូយ រីដា អភិបាលរងខេត្ត នៅថ្ងៃទី៦ ខែធ្នូ កម្លាំងបានរឹបអូស និងកាប់បំផ្លាញចោល វត្ថុតាងរួមមាន របាំងស្បៃមុងប្រវែង១៨,១១០ម៉ែត្រ ស្មើនឹង៧៦ខ្សែ, ក្បាលបរ៦៧គ្រឿង, លូកងសាច់អួន៧គ្រឿង, បង្គោលចំរ៉ឹង៤,៨០៥ដើម, បង្គោលឆ្នុក៨៤ដើម ស្មើនឹង៧កន្លែង និងចាក់លែងត្រីចម្រុះ ៥,៦៩៥​គីឡូក្រាម។ នៅថ្ងៃទី៧ ខែធ្នូ កម្លាំងបានរឹបអូស និងកាប់បំផ្លាញចោល វត្ថុតាងរួមមាន របាំងសាច់អួនប្រវែង២៥,២៧០ម៉ែត្រ ស្មើនឹង៧១ខ្សែ, របាំងស្បៃមុងប្រវែង៥០០ម៉ែត្រ, ក្បាលបរ៤១គ្រឿង, លូកង​សាច់អួន២៤គ្រឿង, បង្គោលចំរ៉ឹង៩,២០៥ដើម, បង្គោលឆ្នុក២,៤០០ដើម ស្មើនឹង១៧៣កន្លែង និងចាក់លែងត្រីចម្រុះ ២,៣៤៥គីឡូក្រាម។

លោកនាយខណ្ឌបានបន្ថែមទៀតថា លើកទី៣ ដឹកនាំដោយលោក ពេជ ហន អភិបាលរងខេត្ត នៅថ្ងៃទី៨ ខែធ្នូ កម្លាំងបានរឹបអូស និងកាប់បំផ្លាញចោល វត្ថុតាងរួមមាន របាំងសាច់អួន​ប្រវែង៥,០២០ម៉ែត្រ ស្មើនឹង១៧ខ្សែ, ក្បាលបរ១១គ្រឿង, បង្គោលចំរ៉ឹង១,៦៣៥ដើម, បង្គោលឆ្នុក៦៩៦ដើម ស្មើនឹង៨៥កន្លែង, ខ្សែរួមផ្សំ១,០៦៥ម៉ែត្រ និងចាក់លែងត្រីចម្រុះ ១៦៥គីឡូក្រាម។

សូមជម្រាបថា ការចុះបង្ក្រាបរយៈពេល ៣ថ្ងៃកន្លងមកនេះ ត្រូវបានផ្តាកការបង្ក្រាបរយៈពេលពី២ទៅ៣ថ្ងៃសិន តែនឹងបន្តនៅថ្ងៃបន្ទាប់ទៀតក្នុងអំឡុងពេល១សប្តាហ៍ឲ្យអស់ ចាប់ពីឃុំកំពង់​លួង រហូតទៅដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងពីឃុំកំពង់លួង រហូតទៅដល់ព្រំប្រទល់ខេត្តបាត់ដំបង៕