(ភ្នំពេញ)៖ កុមារកម្ពុជារាប់ម៉ឺននាក់ ក្នុងមួយខែៗ បានចូលទៅពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
ជាក់ស្តែងបើតាមរបាយការណ៍ របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបង្ហោះក្នុង Facebook Page លោក Dr. Beat Richner ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគុន្ធបុប្ផា បានឲ្យដឹងថា គិតពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ កុមារកម្ពុជាចំនួន៧៧៦១៦នាក់ បានចូលមកពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
ដោយសារចំនួននៃការពិនិត្យ និងព្យាបាលកុមារកម្ពុជា ដ៏ច្រើនបែបនេះ ទើបមន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវស្វែងរកជំនួយដើម្បីទ្រទ្រង់ ដំណើរការ របស់ខ្លួនទៅមុខបន្តទៀត។ ទាំងរាជរដ្ឋាភិបាលកម្ពុជា ប្រជាជន និងសប្បុរសជននានា តែងតែបរិច្ឆាគនូវថវិកាជួយ ដល់មន្ទីរគន្ធបុប្ផានេះ។
ដោយទទួលបានពត៌មានថា មន្ទីពេទ្យគន្ធបុប្ជានៅតែបន្តជួបប្រទះ នូវកង្វះខាតថវិកាសម្រាប់ការព្យាបាលអ្នកជំងឺ លោក លី វីរៈប្រធានក្រុម ប្រឹក្សាភិបាល របស់សាលាអន្តរជាតិ លើននីង ចាំងហ្គល បាន ផ្តួចផ្តើមគំនិតរៀបចំកម្មវីធីរៃអង្គាសថវិកា ទឹកចិត្តសប្បុរសធម៌ជាលើកទី៣ ជូនដល់មន្ទីពេទ្យគន្ធបុប្ជា ដើម្បីចូលរួមចំនែកជួយសង្គ្រោះជីវិតកុមារដែល ត្រូវការការព្យាបាលជាចាំបាច់។
ជាក់ស្តែងនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ សាលាអន្តរជាតិ លើននីង ចាំងហ្គល បាននាំយកនូវថវិកា៧០០០ដុល្លារដែលបាន មកពី កម្មវីធីរៃអង្គាសថវិកា ទឹកចិត្តសប្បុរសធម៌ ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។
តំណាងសាលា លើននីង ចាំងហ្គល បានឲ្យដឹងថា នេះទឹកចិត្តសប្បុរសធម៌ជាលើកទី៣ហើយ ដែលសាលាអន្តរជាតិ លើននីង ចាំងហ្គល បានរៀបចំឡើងដោយមានការគាំទ្រយ៉ាងកក់ក្តៅ ពីសំណាក់សិស្សានុសិស្ស អាណាព្យាបាល និងបុគ្គលិកទាំងអស់របស់សាលា។
សាលាអន្តរជាតិ លើននីង ចាំងហ្គល បានរៃអង្គាសថវិកាទឹកចិត្តសប្បុរសធម៌ចំនួន៧០០០ដុល្លារ សម្រាប់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីចូលរួមចំណែកជួយសម្រួល ដល់ការព្យាបាលជំងឺ និងកុមារកម្ពុជា ដែលត្រូវការជំនួយជាចាំបាច់ផងដែរ។ មកទល់នឹងពេលនេះ សាលាអន្តរជាតិ លើននីង ចាំងហ្គល បានធ្វើការបរិច្ចាគថវិកាសរុបជាង ១៥,០០០ដុល្លារ ជូនទៅដល់ខាងមន្ទីរពេទ្យរួចមកហើយ។
សាលាអន្តរជាតិ លើននីង ចាំងហ្គល បានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកម្ពុជា តាំងពីដើមខែមករា ឆ្នាំ២០១៤មកម្ល៉េះ។ សាលាអន្តរជាតិ លើននីង ចាំងហ្គលមាន ២សាខា ដែលសាខាទី១ស្ថិតនៅ ផ្លូវលេខ៣៣៧ ខណ្ឌទួលគោក និងសាខាទី២ ស្ថិតនៅផ្លូវលេខ៥៩៨ ខណ្ឌឬស្សីកែវ ដែលផ្តល់ជូននូវសេវាអប់រំ ស្តង់ដាអន្តរជាតិ ចាប់ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី៦៕