Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរមិនអនុញ្ញាតឲ្យសង្គមស៊ីវិល និងសម្ព័ន្ធសហជីពមួយចំនួន រៀបចំទិវា១០ធ្នូ នៅទីលានប្រជាធិបេតយ្យ និងមុខសួនច្បារវត្តភ្នំទេ, ករណីបំពានច្បាប់ នឹងចាត់វិធានការតាមច្បាប់

09-12-2016 16:24

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានសម្រេចថា នឹងមិនអនុញ្ញាតឲ្យសង្គមស៊ីវិល និងសម្ព័ន្ធសហជីពមួយចំនួន រៀបចំប្រារព្ធទិវាអបអរសាទរខួបទី៦៨ នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស នៅទីលានប្រជាធិបតេយ្យ និងមុខសួនច្បារវត្តភ្នំទេ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នោះទេ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចំនួន២ដាច់ដោយឡែកពីគ្នា ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ។

សេចក្តីជូនដំណឹងទី១ បានប្រាប់ទៅលោក សៀ ភារម្យ នាយកប្រតិបត្តិអង្គការក្រុមការងារពិសេសសិទ្ធិលំនៅស្ថាន,លោក អៀង ហោ នាយកប្រតិបត្តិអង្គការដៃគូរៀបចំការអភិវឌ្ឍន៍សហគមន៍ និងលោក ព្រហ្ម សុផល អគ្គលេខាធិការអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា។

ក្នុងសេចក្តីជូនដំណឹងនោះ បញ្ជាក់ថា «សាលារាជធានីភ្នំពេញ ពុំអនុញ្ញាតឲ្យ រៀបចំពិធីអបអរសាទរ នៅទីលានប្រជាធិបេតយ្យនោះទេ ប៉ុន្តែអាចរៀបចំពិធីនេះ នៅទីកន្លែងឯកជន និងទីស្នាក់ការរបស់ខ្លួនបាន»

សេចក្តីជូនដំណឹងទី២ របស់សាលារាជធានីភ្នំពេញ បានប្រាប់លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា,លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករ ចំនីអាហារ និងសេវាកម្ម និង លោក សឿន សារ៉ន នាយកស្តីទីអង្គការសមគមធាងឆ្នោត។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា «សាលារាជធានីភ្នំពេញ ពុំអនុញ្ញាតឲ្យរៀបចំពិធីអបអរសាទរ នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឡើយ ដោយសារទីតាំងស្នើនេះ មិនសម្រាប់ឲ្យមានការប្រមូលផ្តុំ ប៉ុន្តែអាចរៀបចំពិធីនេះ នៅទីកន្លែងឯកជន និងទីស្នាក់ការរបស់ខ្លួនបាន»

ជាមួយគ្នានោះដែរលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការដែលអាជ្ញាធរមិនអនុញ្ញាតឲ្យមានការជួបជំុ នៅទីតាំងវត្តភ្នំដោយសារតែ វាមិនមែនជាកន្លែងបញ្ចេញមតិនោះទេ ពោលជាកន្លែងទេសចរណ៍កំសាន្ត ហើយសម្រាប់ទីលានប្រជាធិបតេយ្យវិញ គឺមានការស្នើសុំជួបជុំច្រើនពេក ដែលសូមម្បីតែសាលារាជធានីភ្នំពេញខ្លួនឯង ចង់ជួបជុំនៅទីនោះ ក៏មិនអាចដែរ ពោលបានផ្លាស់ទៅជួបជុំនៅកោះពេជ្យជំនួសវិញ។

លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា ក្នុងករណីដែលសង្គមស៊ីវិលទាំងនោះ មិនគោរពទៅតាមច្បាប់ ហើយរឹងទទឹងនៅតែរៀបចំ និងជុំជួបនៅទីតាំងខាងលើនេះ ឬមានការដង្ហែក្បួន ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយនោះ សាលារាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល និងតាមច្បាប់ដោយគ្មានការលើកលែងឡើយ៕