(សៀមរាប)៖ ប្រជាពលរដ្ឋដែលរស់នៅ ជាយូរមកហើយក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ ក្នុងការងាររុះរើផ្ទះចាស់ ដើម្បីសាងសង់ផ្ទះថ្មីជំនួសនោះឡើយ។ លើសពីនេះទៀត ការជួសជុលផ្ទះ ការតសំយ៉ាបផ្ទះ និងការសាងសង់សំណង់តូចៗមួយចំនួនទៀត ក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ដែលចុះជួបប្រជាពលរដ្ឋ ជារៀងរាល់សប្តាហ៍។

ការចុះប្រាស្រ័យផ្ទាល់ជាមួយ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ និងការអនុញ្ញាតសាងសង់ផ្ទាល់ ដល់មូលដ្ឋានគឺជាសេវាកម្មមួយ ដែលអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជាខ្លាំង ក្នុងការសម្រួលការលំបាក ដល់ប្រជាជនក្នុងការធ្វើដំណើរឆ្ងាយ និងរង់ចាំពេលវេលាយូរ។

ដោយឈរលើគោលការណ៍នេះ នៅដើមខែធ្នូឆ្នាំ ២០១៦នេះ ក្រុមការងារសហគមន៍ អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យមើលសំណើសុំសាងសង់ និងជួសជុលផ្ទះហើយអនុញ្ញាត ជូនប្រជាពលរដ្ឋចំនួន១៤គ្រួសារ នៅក្នុងឧទ្យានអង្គរ។ នៅក្នុងឱកាសនោះដែរ ក្រុមការងារសហគមន៍ក៏បានណែនាំ ប្រជាពលរដ្ឋទាំងអស់នោះឲ្យសាងសង់ និងជួសជុលផ្ទះ ដោយគោរពទៅតាមការស្នើសុំ និងការអនុញ្ញាតរបស់អាជ្ញាធរជាតិអប្សរា។

ជាមួយនឹងការអនុញ្ញាតសាងសង់ និងជួសជុលផ្ទះនេះ ក្រុមការងារក៏បាននាំយកកញ្ចប់ទ្រទ្រង់ សុខុមាលភាពម្តាយ និងទារក ព្រមទាំងថវិកាមួយចំនួនទៀត ចែកជូនដល់ស្រ្តីទើបឆ្លងទន្លេរួចចំនួន១៦គ្រួសារ ដែលជាអំណោយរបស់ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកស្រី។

ប្រជាពលរដ្ឋនៅភូមិថ្នល់ ឃុំរុនតាឯក បានសម្តែងនូវការសប្បាយរីករាយ និងអរគុណចំពោះ ថ្នាក់ដឹកនាំនិងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា ជាពិសេស លោកបណ្ឌិតសភាចារ្យ សុខ អាន និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមជូនពរឲ្យ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងសម្រេចជោគជ័យគ្រប់ភារកិច្ច៕