(ភ្នំពេញ)៖ ករណីពុលស្រាសនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបណ្តាលឲ្យប្រជាពលរដ្ឋ ១៥នាក់ស្លាប់ និង ៧៨នាក់កំពុងជួយសង្រ្គោះ (គិតត្រឹមរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦) មិនមែនជាករណីរណីថ្មីនោះឡើយនៅកម្ពុជា។
កាលពីខែតុលា ឆ្នាំ២០១១កន្លងទៅ ប្រជាពលរដ្ឋនៅឃុំកំពុងពោធិ៍ ស្រុកក្រគរ ៩នាក់បានស្លាប់ និង៧៦នាក់ផ្សេងទៀត បានរងគ្រោះដោយសារការ ពុលស្រាសនេះផងដែរ។ ករណីពុលស្រាសនេះ ក៏បានកើតមានឡើងផងដែរនៅឃុំខ្សឹម ឃុំស្នួល ឃុំបុសលាវ និង ឃុំសំបុក ស្ថិតក្នុងស្រុកស្នួល និង ស្រុកចិត្របុរី ខេត្តក្រចេះ ដែលករណីពុលនេះ បណ្តាលឲ្យប្រជាពលរដ្ឋ ១៤នាក់ស្លាប់ និង១២៩នាក់ បានរងគ្រោះ។
ករណីពុលស្រាសទាំង៣ករណី ត្រូវបានមន្រ្តីអះអាងថា ផ្តើមចេញពីមូលហេតុដូចៗគ្នា គឺស្រាសមានជាតិមេតាណុលខ្ពស់ ហើយក៏បានបញ្ជាក់ដែរថា ការបិទស្រាស នាពេលបច្ចុប្បន្នមិនបានធ្វើតាមបទដ្ឋានបច្ចេកទេសក្នុងការបិទនោះឡើយ។
ប្រជាពលរដ្ឋចូលចិត្តពិសារស្រាស បានបង្ហើបឲ្យដឹងថា ការបិទស្រាសនាពេលបច្ចុប្បន្ន មិនបានធ្វើឲ្យត្រឹមត្រូវតាមរបៀបរបបដូចខ្មែរ និយមធ្វើពីបរមបុរាណ ដែលបិទចេញពីអង្ករនោះឡើយ។ បើតាមប្រជាពលរដ្ឋបានអះអាងថា ការបិទស្រានាពេលបច្ចុប្បន្ន ដោយសារតែចង់ចំណេញហួសហេតុក្រុមឈ្មួញ មួយចំនួនបានប្រើសារជាតិមេតាណុលចាក់បញ្ចូលក្នុងទឹកតែម្តង ជាហេតុធ្វើឲ្យកម្រិតជាតិពុលខ្ពស់ និងបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកបរិភោគ។
បើទោះបីករណីពុលស្រាស បានកើតញយដងទៅហើយក្តី តែគេហាក់មិនទាន់ឃើញអាជ្ញាធរពាក់ព័ន្ធ មានចំណាត់ការឲ្យបានច្បាស់លាស់ទៅលើបញ្ហានេះឡើយ។ រាល់ពេលមានករណីពុលស្រា គេឃើញអាជ្ញាធរមានវិធានការភ្លាមៗ ដូចជាការបិទអាជីវកម្មស្រា ឬក៏ឃាត់ខ្លួនអ្នកលក់ស្រាជាដើម តែមួយរយៈក្រោយក៏មានសភាពស្ងប់ស្ងាត់ទៅវិញ ហើយមិនយូរប៉ុន្មានក៏កើតមានករណីនេះជាបន្តទៀត។
មន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ធ្លាប់បានទម្លាយឲ្យដឹងថា ការប្រកបអាជីវកម្មបិទស្រាស មិនមានការគ្រប់គ្រងឲ្យបានត្រឹមត្រូវនោះទេ ពោលក្រុមប្រជាពលរដ្ឋបានបើកអាជីវកម្មតាមលក្ខណៈគ្រួសារ ហើយមិនដែលមានទៅសុំច្បាប់ពីអាជ្ញាធរពាក់ព័ន្ធនោះឡើយ។ ព្រោះតែការមិនអាចគ្រប់គ្រងលើអាជីវកម្មរបស់ពួកគេបាននេះហើយ ជាហេតុធ្វើឲ្យក្រុមអាជីវករបើកអាជីវកម្មបិទស្រាស ធ្វើតាមទំនើងចិត្តបិទខុសបច្ចេកទេស នាំឲ្យគ្រោះថ្នាក់ដល់អ្នកបរិភោគជាបន្តបន្ទាប់បែបនេះ។
ស្រាស គឺត្រូវបានចាត់ទុកថាជាស្រាអត្តសញ្ញាណជាតិមួយ ព្រោះជាស្រាកើតមានតាំងបុព្វកាលមកម្ល៉េះ។ ស្រាស ស្រាបិទចេញពីអង្ករនេះ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ នៅប្រទេសចិន ប្រទេសជប៉ុន កូរ៉េ... សុទ្ធតែមានប្រភេទស្រានេះ ហើយគេបានអភិវឌ្ឍន៍ចេញទៅជាស្រាជាតិ មានភាពល្បាញល្បីថែមទៀតផង ដោយសារតែពួកគេមានការគ្រប់គ្រង លើអ្នកប្រកបអាជីវកម្មបានត្រឹមត្រូវ។
ដោយឡែកស្រាសខ្មែរមិនត្រឹមតែមិនអាចវិវឌ្ឍន៍ទៅរកការផលិតឲ្យមានកម្រិតល្អប្រសើរនោះទេ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកេរ្តិ៍ឈ្មោះស្រាសខ្មែរ ត្រូវខូចឈ្មោះថែមទៀត ព្រោះតែក្រុមអ្នកផលិតនាំគ្នាបំផ្លាញ ដោយការផលិតមិនគោរពតាមបទដ្ឋានបច្ចេកទេស ប្រើសារធាតុមេតាណុលបង្កគ្រោះថ្នាក់ ដល់អាយុជីវិតរបស់អ្នកបរិភោគ។
ដើម្បីកុំឲ្យស្រាសបិទពីអង្ករខ្មែរ ជាស្រាអត្តសញ្ញាណជាតិបន្តទុក្ខទោសដល់អាយុជីវិត របស់ប្រជាពលរដ្ឋខ្មែរនៅតាមដែនដីជនបទ ក្រុមអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសិប្បកម្ម និងឧស្សាហកម្ម គួរចាប់ផ្តើមគិតគូរដាក់ចេញវិធានការគ្រប់គ្រងលើអាជីវកម្មស្រាសទាំងនេះ។ ពោលរាល់អាជីវករធ្វើអាជីវកម្មស្រាស គួរមានការសុំច្បាប់ឲ្យបានត្រឹមត្រូវ ហើយអាជ្ញាធរគួរតែចុះទៅពិនិត្យ និងណែនាំដល់ពួកគេឲ្យធ្វើអាជីវកម្មបិទស្រាសនេះឲ្យត្រឹមត្រូវទៅតាមបច្ចេកទេសផងដែរ៕