(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងលោក សយ សុខា អគ្គលេខាធិការរាជរដ្ឋាភិបាលបានអញ្ជើញ ជាសហប្រធាន ក្នុងអង្គប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងផែនការជាតិ៣ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦-២០១៨ នៅព្រឹកថ្ងៃសុក្រទី០៩ ខែធ្នូ ឆ្នាំ២០១៦។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងប្ដេជ្ញាអនុវត្តឱ្យបានជោគជ័យនូវ «យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣» របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ដែលក្នុងនោះបញ្ហាគ្រឿងញៀន គឺជាកត្តាអាទិភាពមួយ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង។
ទន្ទឹមនឹងនោះដែរ ផែនការជាតិ៣ឆ្នាំ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៦-២០១៨ នឹងដើរតួនាទីសំខាន់និងជាត្រីវិស័យសម្រាប់ ចង្អុលទិស និងធ្វើការណែនាំ ដល់បណ្ដាក្រសួង ស្ថាប័នដែលជាសមាជិក របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិនានា ដើម្បីយកទៅអនុវត្ត។
ផែនការជាតិនេះ នឹងបន្តជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀត នូវយន្តការត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាដើម្បីធ្វើយ៉ាង ណាឈាន ទៅរកការកាត់បន្ថយ និងលុបបំបាត់ទាំងស្រុងនូវការដាំដុះ ការផលិត ការដឹកជញ្ជូន ការចរាចរ ការជួញដូរ ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ព្រមទាំងរួមចំណែក ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ៕