(ភ្នំពេញ)៖ ក្រុមហ៊ុនអនុស្សា នឹងធ្វើការរៀបចំពិព័រណ៍លំនៅដ្ឋាន នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៨យប់ ថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជារាប់ម៉ឺននាក់ ដែលមានបំណងទិញលំនៅដ្ឋាន និងផ្លាស់ប្តូរបទដ្ឋាន នៃការរស់នៅឲ្យកាន់តែមានផាសុខភាព និងស៊ីវិល័យ។
ពិព័រណ៍លំនៅដ្ឋាននេះ គឺជាព្រឹត្តិការណ៍មួយ ដែលផ្តល់នូវជំរើសសម្បូរបែប ក្នុងការទិញ-លក់ និងស្វែងរកផ្ទះក្នុងក្តីស្រមៃ របស់អ្នកជាមួយការបញ្ចុះតំលៃពិសេស ក៏ដូចជាជំរើសកម្ចីទិញគេហដ្ឋាន ពីបណ្តាធនាគារជាមួយអត្រាការប្រាក់ទាបបំផុត បន្ថែមពីនេះក៏មានបង្ហាញគំនិតល្អៗ ក្នុងការកែលំអផ្ទះឡើងវិញ ការសាងសង់ តុបតែងផ្ទះទាន់សម័យបែបបៃតង និងជំរើសនៃឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះបែបសម័យទំនើប គ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិច ជាមួយ Promotion ធំៗ។
កាន់តែអស្ចារ្យទៅទៀតក៏មានការតាំងបង្ហាញពីលំនៅដ្ឋាន និងខុនដូគំរូជាច្រើនជាមួយការចាប់រង្វាន់នៅកន្លែង ការបញ្ចុះតំលៃក្នុងការទិញឫកក់ភ្លាមៗ រួមទាំងមានបង្ហាញពីរបៀបជ្រើសរើសផ្ទះល្អ វាយតំលៃផ្ទះ ការការពារសុវត្ថិភាពជុំវិញថែមទៀត។
គោលបំណងដែលបង្កើតពិព័រណ៍នេះ ឡើងដើម្បីជួយដល់អ្នកចូលរួម ក្នុងការសម្រេចចិត្តលើការទិញលំនៅដ្ឋាន ដែលល្អបំផុតសម្រាប់តម្រូវការរបស់ពួកគេ ទាក់ទងនឹងកំរិតជីវភាព ទីតាំង និងចំណង់ចំណូលចិត្ត ធ្វើជាវេទិកាសម្រាប់កិច្ចព្រមព្រៀងក្តៅៗនានាក្នុងការលក់ផ្ទះ និងស្វែងយល់ពីនិន្នាការចុងក្រោយបំផុតស្តីពីគម្រោងលំនៅដ្ឋាន បុរី ខុនដូ សំណង់ផ្ទះល្វែង បទដ្ឋានស្តង់ដារដែលកំពុងដំណើរការ ក្រោមការវិនិយោគ ពីគម្រោងអភិវឌ្ឍជាតិ និងអន្តរជាតិឈានមុខគេនៅកម្ពុជា ក៏ដូចជាបង្ហាញពីរចនាបទជីវិតបែបសម័យទំនើប។
ពិព័រណ៍លំនៅដ្ឋាននេះ ទទួលបានការចូលរួមពីសំណាក់គម្រោងអភិវឌ្ឍបុរី និងខុនដូធំៗ និងក្រុមហ៊ុនអចលនទ្រព្យ ធនាគារ ក្រុមហ៊ុនសំណង់ និងស្ថាបត្យកម្ម ក្រុមហ៊ុនតុបតែងដេគ័រ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈក្នុងផ្ទះ និងអេឡិចត្រូនិច។
ពិព័រណ៍លំនៅដ្ឋាននឹងផ្តល់ចំណេះដឹង ជម្រើស និងភាពងាយស្រួលដល់អតិថិជន គោលដៅដែលភាគច្រើនជាក្រុមគ្រួសារថ្មី ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍ គ្រួសារដែលចង់ទទួលបានការរស់នៅ ប្រកបដោយភាពងាយស្រួល និងស៊ីវីល័យ និងគ្រួសារដែលចង់មានលំនៅដ្ឋានផ្ទាល់ខ្លួន នៅរាជធានីភ្នំពេញសំរាប់ការរស់នៅ និងការសិក្សារបស់កូន ជាមួយតម្លៃទាបទាប និងមធ្យម។
សូមជម្រាបថា កម្មវិធីនេះរៀបចំដោយ អនុស្សា គាំទ្រដោយក្រសួងពាណិជ្ជកម្ម៕