(ភ្នំពេញ)៖ យុទ្ធនាការយកភាពសង្ហា របស់អ្នកត្រឡប់មកវិញ (Get Your Sexy Back) ២០១៦ ត្រូវបានប្រារព្ធធ្វើឡើង កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារសុខា ដោយក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជន កម្ពុជា ព្រមទាំងដៃគូផ្សេងទៀត ដើម្បីជម្រុញឲ្យមានការ ទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតល្មមអាចគ្រប់គ្រងខ្លួនឯង ប្រកបដោយទំនួល ខុសត្រូវខ្ពស់ នៅក្នុងប្រទេសកម្ពុជា។
ភ្ញៀវកិត្តិយសដែលចូលរួម នៅក្នុងព្រឹត្តិការណ៍នេះរួមមាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័តមាន និងលោកស្រី ទេព រង្ស៊ី, លោក គីម រិទ្ធី អនុប្រធាននៃសហភាព សហព័ន្ធយុវជនកម្ពុជា និង លោក ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធាននៃសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា។
លោក Roland Bala នាយកគ្រប់គ្រង ក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានថ្លែងស្វាគមន៍ ពន្យល់អំពីសារៈសំខាន់ នៃសកម្មភាពរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ការទទួលទានគ្រឿងស្រវឹង ក្នុងស្មារតីទទួលខុសត្រូវ។
លោកបន្តថា «ក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានប្តេជ្ញាចិត្តដើរតួនាទីនាំមុខគេដើម្បីធានាថា ផលិតផលរបស់យើង ត្រូវបានប្រើប្រាស់ក្នុងកម្រិតល្មមអាចគ្រប់គ្រង ខ្លួនឯងប្រកបដោយ ទំនួលខុសត្រូវខ្ពស់។ នេះគឺជាឆ្នាំទី ៥ ដែលក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា ធ្វើការជាដៃគូជាមួយ ក្រសួងព័ត៌មាន ក្រសួងដឹកជញ្ជូន និងសហភាព សហព័ន្ធយុវជនកម្ពុជានិងភាគី ពាក់ព័ន្ធផ្សេងទៀត ដើម្បីបណ្ដុះទម្លាប់ទទួលទានគ្រឿងស្រវឹងក្នុងកម្រិត ល្មមអាចគ្រប់គ្រងខ្លួនឯង ប្រកបដោយទំនួលខុសត្រូវខ្ពស់»។
យុទ្ធនាការដំបូងស្តីពី ការទទួលទានគ្រឿងស្រវឹង ក្នុងស្មារតីទទួលខុសត្រូវ ដែលបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានចាប់ផ្ដើមនៅឆ្នាំ ២០១១ ជាមួយនឹងខ្លឹមសារ «បើស្រវឹងសូមកុំបើកបរ» ហើយចាប់តាំងពីពេលនោះ បានគាំទ្រសកម្មភាពស្រដៀងគ្នាជាបន្តបន្ទាប់។ នៅឆ្នាំ ២០១៣ យុទ្ធនាការមួយទៀត ត្រូវបានបង្កើតឡើង គឺកម្មវិធីរាត្រីសំណើច ដែលផ្ដល់ព័ត៌មាន និងចំណេះដឹងដែលមាន ប្រយោជន៍អំពីការទទួលទាន គ្រឿងស្រវឹងក្នុងស្មារតីទទួលខុសត្រូវ។
លោក Bala បានពន្យល់បន្ថែមទៀតថា «ចាប់តាំងពីឆ្នាំ ២០១៤ យើងបានចាប់ផ្តើមយុទ្ធនាការ Get Your Sexy Back សំដៅលើយុវជន ពីព្រោះពួកគេមានអាយុក្មេង និងចង់រៀន។ ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរដោយ មានការទទួលខុសត្រូវ ក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា ចង់ឲ្យយុវជនប្រកាន់ភ្ជាប់ នូវទម្លាប់ទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតល្មមអាចគ្រប់គ្រងខ្លួនឯង ប្រកបដោយ ទំនួលខុសត្រូវខ្ពស់។ ហើយនៅឆ្នាំនេះយើងកំពុង អនុវត្តគម្រោងផ្តួចផ្តើមថ្មីមួយដោយបង្កើតកម្មវិធី ទូរស័ព្ទដៃដែលមាន Get Your Sexy Back សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនអាចទាញយកវាពី App Store សម្រាប់ iPhone /iPad ឬពី Play Store សម្រាប់អ្នកប្រើប្រព័ន្ធប្រតិបត្តិការ Android»។
គោលបំណងនៃយុទ្ធនាការថ្មីនេះ គឺជម្រុញឲ្យយុវជនចូលរួម ស្វែងយល់ដឹងពីផលវិបាក ដែលបង្កគ្រោះថ្នាក់នៃការទទួលទានគ្រឿងស្រវឹង ច្រើនលើសកម្រិត។ តាមរយៈយុទ្ធនាការនេះ ក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា សង្ឃឹមថានឹងជំរុញ ឲ្យយុវជនកម្ពុជា ចៀសវាការទទួលទានគ្រឿងស្រវឹង ច្រើនលើសកម្រិត គឺត្រូវទទួលទានគ្រឿងស្រវឹងក្នុងកម្រិត ល្មមអាចគ្រប់គ្រងខ្លួនឯងក្នុងស្មារតី ទទួលខុសត្រូវខ្ពស់៕